ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកសមាគមសារព័ត៌មានថា បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មានតាមរយៈការសហការជាមួយក្រសួង ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។
លោកបានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (CCJA) នាទីស្ដីការក្រសួងកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមក្រសួងព័ត៌មាន។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានព្រមទាំងអ្នកសារព័ត៌មានគឺជាតួអង្គរួមគ្នា ទោះបីនៅផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែក្នុងក្របខ័ណ្ឌទិសដៅរួមតែមួយធ្វើយ៉ាងណាផ្តល់ព័ត៌មានជូនដល់សាធារណជនប្រកបដោយខ្លឹមសារ គុណភាព និងការទទួលខុសត្រូវ។
លោកបានបញ្ជាក់ថា៖ «សមាគមសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ហើយសមាគមក៏បានចូលរួមអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីជំរុញវិជ្ជាជីវៈសារព័ត៌មាន ពិសេសទាក់ទងនឹងកិច្ចការងារទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានក៏បានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។
ជាមួយគ្នានេះលោកបានស្នើឱ្យស្ថាប័នសារព័ត៌មានទាំងអស់បន្តរួមគ្នាការពារសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មានដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
នាឱកាសនោះដែរ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏លើកឡើងផងដែរថា គោលបំណងនៃជំនួបជាមួយក្រសួង គឺដើម្បីគោរពស្នើសុំអនុសាសន៍បន្ថែមពីលោករដ្ឋមន្ដ្រីដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា សំដៅជំរុញកិត្យានុភាព និងឱកាសវិនិយោគចិននៅកម្ពុជាផងដែរ។
ជុំវិញរឿងនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី ៦ ខែមីនា បានលើកឡើងថា នៅកម្ពុជាមានសមាគមសារព័ត៌មានច្រើន ប៉ុន្តែកន្លងមកលោកសង្កេតឃើញថា មានតែសមាគមមួយចំនួនទេ ដែលបានធ្វើសកម្មភាពបណ្តុះបណ្តាល តម្រង់ទិសអ្នកសារព័ត៌មាន។
លោកបានបន្តថា ជាទូទៅសមាគមសារព័ត៌មាន និងក្លិបអ្នកកាសែតកម្ពុជា ដែលបង្កើតមកនេះគឺក្នុងទិសដៅរួមសហការគ្នាក្នុងការជំរុញ និងតម្រង់ទិសវិជ្ជាជីវៈដល់អ្នកសារព័ត៌មានកម្ពុជា សំដៅជំរុញការអភិវឌ្ឍវិស័យសារព័ត៌មាន ក្រមសីលធម៌ និងការផ្សាយព័ត៌មានប្រកបដោយគុណភាពខ្ពស់។
លោក ពុយ គា បានបញ្ជាក់ថា៖ «ជារួមការងារតួនាទីរបស់សមាគមសារព័ត៌មានទាំងអស់ មិនមែនតែក្លិបអ្នកកាសែតប៉ុណ្ណោះទេ គឺយើងខំធ្វើយ៉ាងណាដើម្បីជួយពង្រឹងតួនាទីសារព័ត៌មានដែលមានសារៈសំខាន់នៅក្នុងសង្គម ផ្តល់ប្រយោជន៍ដល់សង្គមជាតិទាំងអស់គ្នា ហើយយើងក៏ចង់ឮពាក្យថា សារព័ត៌មានកម្ពុជាបច្ចុប្បន្នមានវិជ្ជាជីវៈ ក្រមសីលធម៌ខ្ពស់ ហើយការសរសេរល្អជាងមុនគឺអស់ចិត្តហើយ»។
បើតាមក្រសួងព័ត៌មាន ដើម្បីអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រសួងបានធ្វើកិច្ចការជាច្រើនជាផលប្រយោជន៍ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍រួមទាំងកិច្ចការងារការពារសិទ្ធិរបស់អ្នកសារព័ត៌មានដើម្បីប្រកបវិជ្ជាជីវៈបានត្រឹមត្រូវ មានក្រមសីលធម៌ វិជ្ជាជីវៈល្អ។
ក្នុងនោះដែរ ក្រសួងព័ត៌មានបានបើកដំណើរការឡើងវិញមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ របស់ក្រសួងព័ត៌មាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាជាដើម៕