ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានលើកឡើងថា សហរដ្ឋអាមេរិកមានគម្រោងធំៗតាមរយៈទីភ្នាក់ងារ USAID សម្រាប់ជួយកម្ពុជាលើវិស័យសំខាន់ៗ ដើម្បីជំរុញផែនការកម្ពុជាប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ការលើកឡើងដូចនេះធ្វើឡើងក្នុងឱកាសលោក W. Patrick Murphy ជួបពិភាក្សាការងារជាមួយនឹងលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមហ្វេសប៊ុកក្រសួងផែនការ។
លោក ប៊ិន ត្រឈៃ និងលោក W. Patrick Murphy បានពិភាក្សាគ្នាក្នុងការរៀបចំ និងបន្ស៊ីការងារអាទិភាពមួយចំនួនដែលជាការទទួលខុសត្រូវរបស់ក្រសួងផែនការទៅលើយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ៥ ឆ្នាំ ២០២៤-២០២៨។ ការងាររៀបចំផែនការវិនិយោគសាធារណៈ (PIP) ៣ ឆ្នាំរំកិល និងការត្រៀមលក្ខណៈចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation)។
លោក W. Patrick Murphy បានលើកឡើងថា៖ «ដើម្បីរួមចំណែកក្នុងការអនុវត្តក្របខ័ណ្ឌការងារទាំងនេះ សហរដ្ឋអាមេរិកមានគម្រោងធំៗជាច្រើនតាមរយៈ USAID សម្រាប់ជួយដល់កម្ពុជា ក្នុងនោះពាក់ព័ន្ធនឹងវិស័យកសិកម្ម ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម»។
បើតាមក្រសួងផែនការនាជំនួបនោះដែរ លោក W. Patrick Murphy ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន (CSDGs) ឆ្នាំ ២០៣០ និងប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា កម្ពុជានឹងទទួលបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលរដ្ឋសភាសហរដ្ឋអាមេរិកបានផ្តាច់។
ចំណែក លោកប៊ិន ត្រឈៃ ក៏បានលើកឡើងដែរថា រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលតែងជួយដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការផ្ទាល់តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទៅលើបច្ចេកទេសគាំទ្រលើគម្រោងអង្កេតប្រជាសាស្ត្រ និងសុខភាព (CDHS) ចាប់តាំងពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០២២, ជំរឿនកសិកម្មនៅឆ្នាំ ២០១៣ និងអង្កេតចន្លោះជំរឿនកសិកម្មនៅឆ្នាំ ២០១៩។ បន្ថែមពីនេះ ភាគីទាំង ២ បង្ហាញការប្តេជ្ញាចិត្តរៀងៗខ្លួនទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការរវាងស្ថាប័នរៀងៗខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាដៃគូនានា ពិតជាមានសារៈសំខាន់ដើម្បីជួយកម្ពុជាក្នុងការសម្រេចផែនការអភិវឌ្ឍន៍របស់ខ្លួនប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខជាមួយគោលនយោបាយអាទិភាពនានា។
លោកបានសង្កត់ធ្ងន់ថា៖ «ការជួយជ្រោមជ្រែងពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ពិតជាសំខាន់ដើម្បីសម្រេចគោលដៅដើម្បីប្រជាពលរដ្ឋខ្មែរមានមោទនភាពរស់នៅក្នុងសង្គមមួយដែលមានភាពសុខសាន្ត គ្រប់បែបយ៉ាង ទាំងសន្តិសុខ បរិស្ថាន សេដ្ឋកិច្ចដែលមានកម្រិតខ្ពស់»។
សម្រាប់លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា សាទរចំពោះគម្រោងធំៗ ដែលសហរដ្ឋអាមេរិកបន្តជួយកម្ពុជាទៅលើវិស័យកសិកម្ម ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សដែលជារឿងដែលប្រទេសទាំង ២ អាចបន្តធ្វើការជាមួយគ្នាយូរអង្វែង។លោកបានបន្តថា វានឹងជួយជំរុញការអភិវឌ្ឍកម្ពុជា ខណៈភាគីទាំង ២ ខ្វែងគំនិតគ្នាតែទៅលើផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «សហរដ្ឋអាមេរិកជាមហាអំណាចផុតលេខក៏ពិតមែន ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកយោធា ប៉ុន្តែដើម្បីសម្រេចការពង្រឹងអំណាចខ្លួនទៅកាន់ប្រទេសផ្សេងគឺមានតែផ្តល់តាមរយៈជំនួយ ជួយប្រទេសដៃគូទេ ទើបខ្លួនទទួលបានការគោរព និងឥទ្ធិពលបន្ថែមទៀតនៅក្នុងនយោបាយការបរទេស។ អត់មានប្រទេសណាទុកប្រទេសខ្លួនចោលដោយគ្មានការជួយជ្រោមជ្រែងលើការអភិវឌ្ឍពីប្រទេសដៃគូនោះទេ»។
លោក ស៊ឺន សម បានបន្ថែមថា សហរដ្ឋអាមេរិកគួរបន្តជួយកម្ពុជាបន្ថែមទៀត ហើយជាពិសេសត្រូវយោគយល់កម្ពុជា និងស្វែងរកចំណុចរួមទៅលើយន្តការអនុវត្តន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាជាងយកចំណុចទាំងនេះជារបាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី៕