ភ្នំពេញៈ មន្ត្រីរាជការស៊ីវិលបានចាប់ផ្តើមធ្វើតេស្តរកសារធាតុញឿនជាបណ្តើរៗ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំមិនប្រើប្រាស់គ្រឿងញឿន ឬមិនជាប់ពាក់នឹងគ្រឿងញឿនខុសច្បាប់ក្រោយពីការធ្វើតេស្តរកសារធាតុញឿនទៅលើកងកម្លាំងប្រដាប់អាវុធបានរយៈពេលប្រមាណ ២ ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាតឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួនលើការប្រើប្រាស់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បទបញ្ជាដែលចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
បទបញ្ជានេះបញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងថ្លែងថា ពាក់ព័ន្ធនឹងការអនុវត្តវិធានការនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាបន្ទាន់ និងបានជួបប្រជុំជាមួយអភិបាលក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកឱ្យអនុវត្តទៅតាមគោលការណ៍ និងវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៦ ខែកុម្ភៈថា៖ «កន្លងមកនេះ គឺចាប់ផ្តើមអនុវត្តពីកម្លាំងមានសមត្ថកិច្ច ដែលក្នុងនោះក៏បានធ្វើតេស្តមន្ត្រីរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសនៅស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត ហើយនិងកំពុងធ្វើជាបណ្តើរៗនូវកម្លាំងរបស់យោធាខេត្តដែរ»។
លោកបន្ថែមថា៖ «អ៊ីចឹង ជាលទ្ធផល យើងឃើញថា មានមួយចំនួន មន្ត្រីនគរបាល មន្ត្រីកងកម្លាំងរបស់យើងដែលរកឃើញហ្នឹងគឺអនុវត្តតាមវិធានការអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ អ្នកណាត្រូវធ្វើការបណ្តេញចេញពីក្របខ័ណ្ឌគឺបណ្តេញចេញពីក្របខ័ណ្ឌទៅតាមគោលការណ៍ហ្នឹងតែម្តង។ អនុវត្តនូវអភិក្រមដ៏រឹងមាំរបស់រាជរដ្ឋាភិបាល»។
កាលពីថ្ងៃទី ២៦ ខែកុម្ភៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ធ្វើតេស្តរកសារធាតុញៀន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការលុបបំបាត់គ្រឿងញៀនដោយអនុវត្តតាមអនុសាសន៍របស់លោក ហ៊ុន ម៉ាណែត «សម្អាតខ្លួនយើងជាមុនសិន» និង «សូមនិយាយថាទេ ចំពោះគ្រឿងញៀន»។
លោកគួច ចំរើនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបាទបានធ្វើតេស្ដរកសារធាតុញៀននៅចំពោះមុខគណៈកម្មការរួចហើយ។ លទ្ធផលអវិជ្ជមាន។ ខ្ញុំបាទសូមប្ដេជ្ញាគាំទ្រនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ មុតស្រួចរបស់សម្ដេចធិបតី «សម្អាតខ្លួនយើងជាមុន»។ សូមប្ដេជ្ញាថាទេ ចំពោះគ្រឿងញៀន»។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ។
ប៉ុន្តែ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បញ្ជាក់នាថ្ងៃទី ២៨ កុម្ភៈថា រដ្ឋបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ កុម្ភៈនេះ បានធ្វើការរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរួមមាន មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុមន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥ នាក់។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុមន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធចំនួន ៣៤៥ នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត។សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥ រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់»។
លោក សុខ សុធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៦ ខែកុម្ភៈ ថាចំពោះមន្ត្រីរាជការស៊ីវិលគឺសាលាខេត្តកោះកុងបានប្រជុំផ្សព្វផ្សាយបទបញ្ជានេះនាថ្ងៃទី ២៦ ខែកុម្ភៈ ប៉ុន្តែមិនទាន់មានគោលការណ៍ធ្វើតេស្តរកសារធាតុញៀន ឬការចាប់ផ្តើមធ្វើតេស្តនេះទៅលើមន្ត្រីរាជការស៊ីវិលមិនទាន់ដឹងធ្វើនៅពេលណានោះទេទាល់តែមានការណែនាំផ្សេងទៀត។
ចំពោះការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលវិញ លោក សុខ សុធី បញ្ជាក់ថា លោកក៏មិនបានដឹងថា បានធ្វើតេស្តហើយចំនួនប៉ុន្មាននោះដែរដោយលោកបន្ថែមថា ការធ្វើតេស្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏ខាងសាលាខេត្តមិនដែលបានដឹងដែរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងក្នុងពិធីផ្សព្វផ្សាយបទបញ្ជានេះកាលពីថ្ងៃទី ២៦ ខែកុម្ភៈថា ស្ថានការណ៍បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តកើតមានគួរឱ្យព្រួយបារម្ភក្នុងការលួចលាក់កែច្នៃនិងវេចខ្ចប់គ្រឿងញៀន តាមរូបភាពផ្សេងៗ រួមទាំងការចរាចរ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
លោកស្រីបន្តថា៖ «ខេត្តកោះកុងរបស់យើង ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពគ្រឿងញៀននៅតែមានជាហូរហែ។ ករណី ចែកចាយ លក់ដូរ តូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិឃុំសង្កាត់មួយចំនួនក្នុងខេត្ត នៅតែជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តគិតគូរ យកចិត្តទុកដាក់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត និងឱ្យបានទាន់ពេលវេលា»។
លោកស្រីបន្តថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំ លើឆន្ទៈ និងការតាំងចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសសមត្ថកិច្ចជំនាញ ក្នុងគោលដៅទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា និងវិបត្តិនានាដែលបង្កឡើងនៅក្នុងមូលដ្ឋាន ជាក់ជាមិនខាន»។
លោក ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជានេះគឺ ២ ខែ ក្រោយពីលោកបានចេញបញ្ជាកាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធីបិទសន្និបាតក្រសួងបរិស្ថានដោយឱ្យធ្វើការបន្សុទ្ធកងកម្លាំងប្រដាប់អាវុធដោយត្រូវបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធមុនគេ ហើយប្រសិនបើកងកម្លាំងត្រូវបានរកឃើញមានសារជាតិញៀននោះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយលោកបញ្ជាក់ថា អ្នកអនុវត្តច្បាប់ត្រូវតែស្អាតស្អំមុនគេ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ២០ ខែកុម្ភៈថា៖ «អម្បាញ់មិញ ខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយរដ្ឋាភិបាលគឺពន្លាតនូវការអនុវត្តនេះទូទាំងរដ្ឋាភិបាលតែម្ដងបានន័យថា មន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិនិងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខ័ណ្ឌ អត់ទុកទេ! ... ដើម្បីពង្រឹងវិន័យការឯកភាពក្នុងការអនុវត្ត។ មន្ត្រីរាជការទាំងកងកម្លាំងប្រដាប់អាវុធទាំងស៊ីវិលគឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌និងការទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា។ យើងជាគំរូគេ អ៊ីចឹងដើម្បីទៅអនុវត្តន៍យើងត្រូវចាប់ផ្ដើមអនុវត្តសម្អាតផ្ទះយើងតែម្ដង។ នេះគឺគោលនយោបាយគឺថាអត់មានការអនុគ្រោះនៅក្នុងជួររដ្ឋាភិបាលទៀតទេក្នុងការប្រើប្រាស់គ្រឿងញៀន»។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្សព្វផ្សាយអំពីខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនទៅដល់ប្រជាពលរដ្ឋបានចំនួនជាង ១៥,៧ លាននាក់ ហើយអ្នកញៀនគ្រឿងញៀនចំនួនជាង ២,៣ ម៉ឺននាក់បានទទួលការព្យាបាលហើយជាង ១,២ នាក់ បានធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។
របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ ០៦៣ ករណីឃាត់ខ្លួនជនសង្ស័យប្រមាណ ២ ម៉ឺននាក់ ចាប់យកវត្ថុតាងដែលមានគ្រឿងញៀនសរុបចំនួនជាង ២,៩ តោន រឹបអូសសារធាតុគីមីផ្សំបានចំនួនជាង ១,៤ តោន រួមទាំងមធ្យោបាយសម្ភារឧបករណ៍កែច្នៃផលិតគ្រឿងញៀនជាច្រើនទៀត។ លើសពីនេះ សមត្ថកិច្ចបានដុតកម្ទេចនិងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធសរុបចំនួនជាង ៣៤៧ តោន និង ១ ២០០ គ្រាប់។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះថា ទោះបីមានការបង្ក្រាបទប់ស្កាត់យ៉ាងហ្មត់ចត់ជាប់ជាប្រចាំលំហូរចូលនៃគ្រឿងញៀននៅតែមានភាពកើនឡើងដោយសារតែទីតាំងភូមិសាស្ត្រកម្ពុជាជាប់ព្រំដែនត្រីកោណមាសនិន្នាការសកលលោកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមានលក្ខណៈស្មុគស្មាញនិងកង្វះឧបករណ៍បច្ចេកទេសឆែកឆេរនិងត្រួតពិនិត្យ។
លោក នេត សាវឿន បានថ្លែងថា៖ «ការចែកចាយនិងប្រើប្រាស់ក្នុងសហគមន៍នៅតែកើតមានហើយមានការរីករាលដាលដល់ជនបទទៀតផង។ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតពីគណៈបញ្ជាការឯកភាពអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិតាំងពីខេត្ត ដល់ក្រុង ស្រុក សង្កាត់ ឃុំ និងភូមិក្នុងការពង្រឹងត្រួតពិនិត្យនិងលុបបំបាត់ការចែកចាយនិងប្រើប្រាស់ក្នុងសហគមន៍»៕