ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងមហាផ្ទៃ ដែល​ស្ថិតក្រោម​ក្រុមប្រឹក្សា​សក​កម្ម​ភាព​ជនពិការ​កម្ពុជា ខណៈ​ក្រុមការងារ​របស់​ក្រសួង មាន​តួនាទី​ចូលរួម​តាមដាន​លើ​បញ្ហា​ពិការភាព ក៏ដូចជា​ផ្ដល់យោបល់​ក្នុងការ​រៀបចំ​ផែនការ គោលនយោបាយ​នានា​ក្នុង​វិស័យ​ពិការភាព​។

ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​សម្រេច​ឡើង​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២៣​ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២៤​។ ក្រុមការងារ​នេះ មាន​សមាសភាព​រួមមាន លោក ស សុខា ជា​ប្រធានកិត្តិយស និង​លោក យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ព្រមទាំង​មាន​អនុប្រធាន​ចំនួន ១៤ ​នាក់ និង​មាន​ចំនួន​សមាជិក ៦​នាក់​។

លោ​ក ស សុខា​ បានបញ្ជាក់​នៅក្នុង​សេចក្ដីសម្រេច​ថា​៖ «​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងមហាផ្ទៃ មាន​តួនាទី និង​ភារកិច្ច​ផ្ដល់​ការពិគ្រោះ​យោបល់​លើ​បញ្ហា​ពិការភាព និង​ស្ដារ​លទ្ធភាព​ពលកម្ម​ជាពិសេស​រៀបចំ​គោលនយោបាយ​ផែនការ និង​យុទ្ធសាស្ត្រ ក៏ដូចជា​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ច្បាប់ និង​បញ្ជា​ផ្សេងៗ ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព និង​ស្ដារ​លទ្ធភាព​ពលកម្ម​»​។

លោក​បន្តថា ​ក្រុមការងារ​នេះ​ក៏មាន​តួនាទី​តាមដាន និង​ពិនិត្យ​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ ច្បាប់ និង​បញ្ជា​ផ្សេងៗ ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព ក៏ដូចជា​មាន​ភារកិច្ច លើកសំណើ​ជូន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការភាព​កម្ពុជា ដើម្បី​កែសម្រួល ធ្វើ​វិសោធនកម្ម​គោលនយោបាយ​ច្បាប់ និង​បទបញ្ជា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​។

លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែមីនា​នេះ​ថា ក្រុមការងារ​នេះ នឹងចូលរួម​ធ្វើការ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​វិស័យ​ពិការភាព ចំពោះ​មូល​ហេតុដែល​នាំឱ្យមាន​ពិការភាព ក៏ដូចជា​ជជែក​ពិគ្រោះ​យោបល់ ផ្ដល់យោបល់​ទៅលើ​បញ្ហា​ពិការភាព ជាពិសេស​ចូលរួម​រៀបចំ​គោលនយោបាយ ផែនការ​សកម្មភាព ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​។

បន្ថែម​ពីនេះ លោក​ថា ក្រុមការងារ​នេះ ក៏មាន​តួនាទី​សំខាន់​មួយទៀត​ក្នុងការ​លើកកម្ពស់​ស្ថានភាព​មន្ត្រីរាជការ​ដែល​មាន​ពិការភាព​ស្ថិតក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បីឱ្យ​មន្ត្រីរាជការ​ដែលជា​ជន​មាន​ពិការភាព ទទួលបាន​ឱកាស​បណ្ដុះបណ្ដាល​សមត្ថ​ភាព និង​ឱ្យ​ជន​ដែលមាន​ពិការភាព​ដទៃទៀត មានលទ្ធភាព​ក្នុងការ​ទទួល​ឱកាស​ក្លាយជា​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ​បាន​ផងដែរ​។​

លោក​ថ្លែង​បញ្ជាក់ថា​៖ «​ក្រុមការងារ​ក្រសួងមហាផ្ទៃ​នេះ មាន​តួនាទី​ខុសពី​ក្រសួង​សង្គមកិច្ច​ត្រង់​ថា ក្រសួង​សង្គមកិច្ច​មាន​តួនាទី​ទទួលបន្ទុក​ជន​មាន​ពិការភាព​ទូទៅ​ទាំងអស់ ចំណែក​ក្រសួងមហាផ្ទៃ​យើង គ្រាន់តែ​ជា​ដៃ ជា​ជើង និង​ជា​មែកធាង​មួយ ចូលរួម​ជួយ​ជ្រក​ក្រោម​ឆត្រ​របស់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កម្ពុជា ដែលមាន​តួនាទី​ជួយ​ជនពិការ​ទូទៅ​ដែរ ប៉ុន្តែ​ត្រឹម​ជា​អ្នកតាមដាន ប្រឹក្សា ផ្ដល់យោបល់​ទៅលើ​គោលនយោបាយ​ក្នុង​វិស័យ​ពិការភាព​ប៉ុណ្ណោះ​»​។

បច្ចុប្បននេះ ក្រសួងមហាផ្ទៃ​មាន​មន្ត្រីរាជការ​ដែលជា​ជន​មាន​ពិការភាព​ប្រមាណ ០,៩៣% បើ​ធៀប​ជាមួយ​មន្ត្រី​ទាំងអស់​របស់​ក្រសួង ខណៈ​ជា​គោលដៅ​ខាងមុខ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចង់ឱ្យមាន​ជន​ដែលមាន​ពិការភាព ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ឱ្យបាន​កើនឡើង​ជាង ១%​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

នាពេល​ថ្មីៗ​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក៏មាន​ផែនការ​គ្រោង​បង្កើតឱ្យមាន​ក្រុមការងារ​របស់ខ្លួន​មួយ​ដែរ ដើម្បី​ចុះ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ជន​មាន​ពិការភាព និង​ជន​មិនមាន​ពិការភាព​មួយចំនួន​ដែល​ច្រៀង​តាម​ស្តុ​ប នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា​។

លោក ចាប តូ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជាក់ថា ការបង្កើត​ក្រុមការងារ​ចុះ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ជន​មាន​ពិការភាព​នេះ គឺមាន​សមាសភាព​មក​ពី​ក្រសួង​សង្គមកិច្ច​ទាំងអស់ មិនមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ណា​ឡើយ ដែល​ក្រុមការងារ​ទាំងនោះ នឹង​ចេញ​ប្រតិបត្តិការ​ទៅ​ជួប​ជាមួយ​អភិបាល​ទាំង ២៥​ រាជធានី​-​ខេត្ត ដើម្បី​គាំទ្រ​ដល់​អភិបាល​រាជធានី​-​ខេត្ត​នីមួយៗ ត្រូវមាន​ការរៀបចំ​គិតគូរ​កន្លែង​ប្រគំ​តន្ត្រី​សម្រាប់​ជន​មាន​ពិការភាព​ឱ្យបាន​សមរម្យ។

លោក​ថ្លែង​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រុមការងារ​ដែល​យើង​គ្រោង​បង្កើត​នេះ គឺ​យើង​មាន​តួនាទី​ដើរ​សម្របសម្រួល​ជួយ​ស្ដារ​ជីវភាព​របស់​ពួកគាត់ ក៏ដូចជា​ជួយ​ស្ដារ​លទ្ធភាព​ពលកម្ម​របស់​ពួកគាត់​ឱ្យ​ប្រសើរ​ឡើងវិញ​។ ប្រសិនជា​គាត់​មាន​សមត្ថភាព យើង​នឹង​បញ្ជូន​គាត់​ទៅ​ច្រៀង​តាម​រង្គសាល និង​ភោជនីយដ្ឋាន​នានា និង​ពាក់ព័ន្ធ​អ្នក​អត់​សមត្ថភាព យើង​នឹង​ព្យាយាម​បញ្ជូន​គាត់​ទៅ​ទទួល​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម​»៕