ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​បារាំង ​បាន​ជួប​ពិភា​ក្សាគ្នា​ដើម្បី​ស្វែង​យល់​ពី​ការអ​នុវត្ត​គោល​នយោ​បាយ​គាំពារ​សង្គម​ទ្វេ​ភាគី ​សំដៅ​លើក​កម្ពស់​សុខុ​មាល​ភាព​ប្រជា​ជន​ និង​ពង្រីក​សេវា​ថែទាំ​សុខភា​ព​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១៧​ ម៉ឺន​នាក់ បាន​ចូល​ជា​សមា​ជិក​របប​សន្តិសុ​ខ​ផ្នែក​ថែទាំ​សុខ​ភាព​ តាម​របប​ភាគ​ទាន​ ដោយ​ស្ម័គ្រ​ចិត្ត​។​

កិច្ច​ពិ​ភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ លោក​ស្រី ឡោក​ ខេង ​ប្រធាន​គណៈ​កម្មការ​សុខា​ភិ​បាល សង្គម​កិច្ច ​អតីត​យុទ្ធ​ជន យុវ​នីតិ​សម្ប​ទា ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ច​ការ​នារីនៃ​រដ្ឋ​សភា​ និង​លោក​ស្រី ​ស្សា​ឡុ​ត ប៉ា​ម៉​ង់​ធ្យា​ឡឺ​កុក (Charlotte PARMENTIER-LECOCQ) ប្រធាន​គណៈ​កម្ម​ការ​សង្គម​កិច្ច​នៃ​រដ្ឋ​សភា​បារាំង ពី​ទីក្រុង​ប៉ារីស ​​កាល​ថ្ងៃទី​៥ ​ខែមីនា ឆ្នាំ​២០២៤​។

ជំនួប​នេះ ​ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់ និង​សិក្សា​ពី​ការ​រៀប​ចំ និង​អនុវត្ត​គោល​នយោបា​យ​សង្គម​កិច្ច​នៅ​សាធា​រណរដ្ឋ​បារាំង​ដោយ​ភាគី​កម្ពុជា​ ក៏បា​ន​ស្នើ​សុំឱ្យ​ភាគី​បារាំង​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ថ្មីៗ​បន្ថែម​ទៀត​ដល់​គ្រូ​ពេទ្យ​និង​វិស័យ​វេជ្ជ​សាស្ត្រ​នៅ​កម្ពុជា​ជា​ដើម​។​នេះ​បើ​តាម​ការ​ជូន​ដំណឹងរ​បស់​រដ្ឋ​សភា​ជាតិ​កម្ពុ​ជា​។​

នៅ​ក្នុង​ជំនួប​នេះ លោក​ស្រី ឡោក ​ខេង បាន​លើកឡើ​ង​អំពី​យុទ្ធសា​ស្ត្រ​បញ្ច​កោណ​មុំ​ទី​២​ ដែល​ផ្តោត​លើកា​រលើ​កម្ពស់​សុខុ​មាល​ភាព​ប្រជាជន​និង​ពង្រីក​សេវា​ថែទាំ​សុខ​ភាព​ ឆ្ពោះ​ទៅ​ការ​គ្របដ​ណ្តប់​សុខ​ភាព​ជាស​កល​ ក្រោម​ពាក្យ​ស្លោក «​មិន​ទុកឱ្យ​​ប្រជា​ជន​ណាម្នាក់​​មិន​ទទួល​បាន​សេវា​សុខ​ភាព​ឡើយ​»​។ 

លោក​ស្រីបាន​បន្តថា​៖«នៅ​ក្នុង​នោះ​គឺ​បាន​ជំរុញ​លើក​កម្ពស់​សេវា​ថែទាំ​សុខ​ភាព​នៅ​មណ្ឌល​សុខ​ភាព ​ពង្រឹង​ស្ថា​ប័ន​សុខាភិ​បាល​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​ពង្រឹង​វិស័យ​ឯក​ជន ​និង​វិស័យ​សា​ធារណៈ​ តាមរ​យៈ​មូល​និធិ​សម​ធម៌​សុខាភិ​បាល​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជា ​៣,៥​ លាន​នាក់ ​និង​របប​សន្តិ​សុខ​សង្គម​ជូន​ម​ន្ត្រីរាជ​ការ អតី​តយុទ្ធជ​ន នគរបា​ល ក​ម្មករ​និ​យោ​ជិ​ត ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត ​ក្រុង​ស្រុក ​ខណ្ឌ ​ភូមិ​ជា​ដើម​»​។​

លោក​ស្រី ​ក៏បាន​ជម្រាប​ជូន​ភាគី​បារាំង​ថា កម្ពុជា​ បាន​យក​ចិត្ត​ទុកដាក់​លើ​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ស្ត្រី​មាន​ផ្ទៃ​ពោះនិ​ង​កុមារ​អាយុ​ ២​ ឆ្នាំ ដោយ​ដំឡើង​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ដើម្បីឱ្យ​​ស្ត្រី​ទៅពិ​និត្យ​ផ្ទៃពោះ​មុន និ​ង​ក្រោយ​សម្រាល​ចំនួន​ ៦​ ដង ​និង​ចាក់​វ៉ាក់​សាំង​កូន​អាយុ​ក្រោម​២​ឆ្នាំ​។​

ក្នុង​ជំនួប​នោះដែ​រ ​លោក​ស្រី ស្សា​ឡុ​ត ប៉ា​ម៉​ង់​ធ្យា​ឡឺ​កុក ​បាន​ចាត់ទុក​កម្ពុជា ​គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​បារាំង ​ខណៈ​លោក​ស្រី​បាន​បង្ហាញ​ចំណាប់​អារ​ម្មណ៍​ចង់​ស្វែង​យល់​ពី​ការ​អនុវត្ត​ល្អ​របស់​កម្ពុជា​។​

លោក​ស្រី​ថ្លែង​ថា​៖«​ជាការ​ពិតណា​ស់ គោ​លន​យោបា​យ​សាធា​រណៈ​សង្គម​កិច្ច​គឺជា​ចំណុច​ស្នូល​របស់​ប្រទេស​បារាំង​ជា​ពិសេស​ការ​ជួយ​គាំទ្រ​យុវជ​ន​ និង​ការ​ផ្តល់​អាទិ​ភាព​ការងារ​ដល់​ប្រជា​ជន​ក្រីក្រតួយ៉ាង​ដូច​ជា ​ការវិ​និយោ​គ​ទៅលើ​យុវ​ជន​តាម​រយៈ​ការធ្វើ​គោល​នយោបា​យ​ដែល​សមស្រ​ប​ទៅនឹង​តម្រូវ​ការ​របស់​យុវជន​និង​ទីផ្សារការងារ ដើម្បី​កសាង​ទំនុក​ចិត្ត​ឱ្យ​យុវ​ជន​ជឿ​ជាក់​លើ​ប្រព័ន្ធ​អប់រំ​និង​ប្រព័ន្ធ​ការ​ងារ​នៅ​បារាំង​ឡើង​វិញ​»​។

លោក​ នុត ​សម្បត្តិ​ ប្រធាន​វិទ្យាស្ថា​ន​ជីវ​សាស្ត្រ វេជ្ជ​សាស្ត្រ និង​កសិក​ម្ម​នៃ​រាជបណ្ឌិត្យ​សភាក​ម្ពុជា ​បាន​ថ្លែង​ថា​បច្ចុប្បន្ន​រាជរដ្ឋា​ភិ​បាល​កម្ពុ​ជាបា​នធ្វើឱ្យ​ការទ​ទួល​បាន​បណ្ណសម​​ធម៌ បណ្ណ ​ប​.​ស​.​ស សម្រាប់​ជួយ​ដល់​ប្រជា​ពល​រ​ដ្ឋ ពិសេស​ប្រជាជ​ន​ក្រីក្រមាន​ភា​ពទូលំ​ទូលាយ ​ខ​ណៈ​លោក​សង្ឃឹ​មថា វិស័យ​សុខាភិបា​ល​នឹងមាន​​ការ​រីក​ចម្រើន​ប​ន្ថែ​ម​ទៀត​។​

យ៉ាង​ណា​មិញ ​លោក​ស្នើឱ្យ​​មានការ​ពង្រីក​លើសេវា​ ប​.​ស​.​ស បន្ថែម​ទៀត​ឱ្យបាន​ច្រើន​ទៅដ​ល់​មូល​ដ្ឋានជា​ពិសេស​មាន​វេជ្ជ​ប​ណ្ឌិត​ជំនាញ​បច្ចេក​ទេស​ឱ្យ​បាន​ច្រើន​នៅតា​ម​បណ្តា​ខេត្ត​ស្រុកចៀ​ស​វាង​ការប​ញ្ជូន​អ្នក​ជំងឺ​ដែល​ទទួល​សេវា ​ប​.​ស​.​ស ទៅ​ព្យា​បាល​នៅ​ឆ្ងាយ​ពី​មូលដ្ឋា​ន​របស់​ពួក​គាត់​។​

លោក ហេង ​សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយ​ករង​​បេឡា​ជាតិ​សន្តិសុ​ខ​សង្គមកាល​ថ្ងៃទី​៦ ​ខែមីនា ​ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃទី​៥ ​ខែមីនា ​២០២៤ មាន​ពលរដ្ឋ​ជិត​១៧​ម៉ឺន​នាក់ ចូល​ជា​សមា​ជិក​របប​សន្តិសុ​ខ​ផ្នែក​ថែ​ទាំ​សុខ​ភាព ​តាម​របប​ភាគទា​នដោយ​ស្ម័គ្រ​ចិត្តរបស់​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​។​

​លោក​ក៏បាន​លើក​ឡើងថា​ ក្នុងនាម​ជា​ប្រតិបត្តិ​​ករ​ប្រព័ន្ធ​សន្ដិសុ​ខ​សង្គមនឹង​ខិតខំ​លើកក​ម្ពស់​ការអ​ភិវឌ្ឍ​​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់តែ​​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

លោកនា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ធ្លាប់​លើកឡើ​ងថា​ តាមរយៈ​​កម្មវិធី​នយោ​បាយ​គាំពារ​សង្គមគឺជា​ការ​ពង្រីក​វិសាលភា​ព​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​ និង​បាន​ស្តែង​ឱ្យឃើ​ញ​កាន់តែ​ច្បា​ស់​ពីស្មារតី​របស់​រា​ជរ​ដ្ឋា​ភិបាល​កម្ពុជា​នីតិកាល​​ទី​៧​ ក្នុង​ការ​លើក​កម្ពស់​សុ​ខុ​មាល​ភាព​ និង​ជីវភាព​របស់​ប្រជាព​លរដ្ឋ​​ឱ្យ​កាន់​តែ​ប្រសើរ ស្រប​តាម​គោល​ដៅ​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១៕