បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះឱ្យមានភាពអ៊ូអរជាងឆ្នាំមុន ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវជាតិ-អន្តរជាតិ ខណៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំព្រឹត្តិការណ៍នេះឱ្យស្របតាមប្រពៃណី និងរក្សាទំនៀមទម្លាប់របស់ជាតិ។
គម្រោងផែនការលើកមុខមាត់ខេត្តនេះត្រូវបានលើកឡើងតាមរយៈកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំឱ្យក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ដខេត្ដបាត់ដំបងឆ្នាំនេះ ត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះមានភាពភាពអ៊ូអរជាងឆ្នាំមុន ដើម្បីផ្ដល់ភាពរីករាយ កម្សាន្តជូនប្រជាពលរដ្ឋផងនិងភ្ញៀវទេសចរផង។ ជាពិសេសគឺចូលរួមធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តបាត់ដំបងឱ្យកាន់ច្រើនថែមទៀត តាមរយៈការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ ប្រគំតន្ត្រី ក៏ដូចជាការតាំងបង្ហាញនូវផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោកបានថ្លែងថា៖ «សូមណែនាំដល់ក្រុមការងារ ត្រូវធ្វើយ៉ាងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបងនេះឱ្យកាន់តែអធិកអធមថែមទៀតជាងឆ្នាំមុនៗ ពិសេសមានរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង-ស្រុកទាំង ១៤ ក្នុងខេត្ត ក៏ដូចជាការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ និងរៀបចំតំបន់ត្រជាក់ចិត្តឱ្យបានល្អ»។
ស្របពេលដែលមានគម្រោងរៀបចំកម្មវិធីទាំងអស់នោះ លោកក៏បានណែនាំឱ្យក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំនេះ ត្រូវមានការយកចិត្តទុកដាក់ និងគិតគូរទាំងសុវត្ថិភាពជូនដល់អ្នកដែលបានមកលេងកម្សាន្តនៅតំបន់នេះតាមរយៈការពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកមកលេងកម្សាន្តក្រុងបាត់ដំបង ដោយមិនឱ្យភ័យខ្លាចផ្នែកសន្ដិសុខឡើយ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងដែរថា ដោយសារឆ្នាំនេះ ខេត្តសៀមរាប ជាអ្នករៀបចំពិធីបុណ្យទន្លេ ដូច្នេះហើយព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឆ្នាំ ២០២៤ ខាងមុខគឺមានសកម្មភាពមួយចំនួនដូចពិធីបុណ្យទន្លេដែរ។ ក្នុងនោះថ្នាក់ដឹកនាំខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដោយមានកម្មវិធីជិះទូកកម្សាន្ត ការសម្តែងសិល្បៈ និងការប្រគំតន្ត្រីទាំងសម័យ និងបុរាណ ក៏ដូចជារៀបចំឱ្យមានតំបន់បាញ់ទឹក និងមានកន្លែងលេងល្បែងប្រពៃណីប្រចាំតំបន់ជាដើម។
លោកបានបញ្ជាក់ថា៖ «ឆ្នាំនេះយើងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដត្រឹមក្របខ័ណ្ឌថ្នាក់ខេត្តទេ មិនធំដូចឆ្នាំមុននោះទេ ដែលជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ មានការចូលរួមរៀបចំតាំងពីថ្នាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន»។
ទោះបីឆ្នាំនេះ រៀបចំត្រឹមក្របខ័ណ្ឌថ្នាក់ខេត្តក៏ដោយ ប៉ុន្តែរាល់កម្មវិធីនៅក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែចូលរួមលើកស្ទួយថែរក្សាកេរដំណែលវប្បធម៌ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពរវាងប្រជាជន និងមន្ត្រីរាជការក្នុងខេត្តសៀមរាបក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ បានចូលរួមទស្សនាសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី។ នេះបើតាមការបន្ថែមរបស់លោក លី វណ្ណៈ។
ខណៈពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ ពោលគឹចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានដាក់ចេញផែនការណែនាំមួយចំនួនដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃ
ណីជាតិដើម្បីឱ្យការរៀបចំពិធីបុណ្យនេះស្របតាមប្រពៃណី និងរក្សាទំនៀមទម្លាប់របស់ជាតិគង់វង្សនិងប្រកបដោយភាពរុងរឿង៕