ភ្នំពេញ: នៅក្នុងគំនិតផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទិវានារីអន្តរជាតិ យុវសិស្សនារី ៥ នាក់នៃ Neeson Cripps Academy (NCA) នៅកម្ពុជា នឹងត្រូវបានណែនាំដោយនិស្សិតនារី ៥ នាក់មកពីសាកលវិទ្យាល័យ Solent ក្នុងប្រទេសអង់គ្លេស ដោយផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ស្ត្រីវ័យក្មេងនៅក្នុងវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។
កម្មវិធីអប់រំនេះ សម្របសម្រួលដោយអង្គការមូលនិធិកុមារកម្ពុជា (CCF) ហើយគ្រោងនឹងដំណើរការរយៈពេល ៤ខែ ជាមួយការបង្ហាត់បង្រៀនតាមអ៊ីនធឺណិត ដើម្បីភ្ជាប់គម្លាតរវាងសិស្សវិទ្យាល័យពីសហគមន៍ដែលជួបការលំបាកក្នុងប្រទេសកម្ពុជា និងនិស្សិតសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NCA បានឱ្យដឹងថា៖«កម្មវិធីនេះមានគោលបំណងណែនាំក្មេងស្រីកម្ពុជាឱ្យស្គាល់ពីឱកាសជាច្រើននៅក្នុងវិស័យ STEM ជាវិស័យដែលស្ត្រីនៅតែជាតំណាងតិចតួចនៅក្នុងប្រទេសកម្ពុជា»។
តាមរយៈការភ្ជាប់យុវសិស្សទាំងនេះជាមួយនិស្សិតសាកលវិទ្យាល័យ Solent ដែលបច្ចុប្បន្នកំពុងសិក្សាផ្នែកឧក្រិដ្ឋកម្ម គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់នូវការណែនាំ និងការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបំផុសគំនិតសិស្សានុសិស្សកម្ពុជាទាំងនេះដោយជំរុញពួកគេធ្វើជាគំរូ ដែលបានយកការអប់រំឈានឆ្ពោះទៅកាន់ចាប់ការងារពាក់ព័ន្ធ។
CCF គូសបញ្ជាក់អំពីសារៈសំខាន់នៃនិស្សិតស្រីដែលចូលរួមក្នុងមុខវិជ្ជា និងសកម្មភាព STEM ដោយលើកយកពីមុខវិជ្ជាវិស្វកម្ម និងមុខជំនាញស្រដៀងគ្នាជាផ្លូវអាជីពដែលអាចធ្វើទៅបាន។
គ្រោងការណែនាំនេះត្រូវបានមើលឃើញថា ជាជំហានដ៏សំខាន់ចំពោះស្ថានភាពបច្ចុប្បន្ន ដែលស្ដ្រីអាចបំណងបំពេញនូវគម្លាតនៃជំនាញនៅក្នុងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា។
យុវតី លា ផន មន្ត្រីគម្រោងអប់រំនៅ CCF បានសង្កត់ធ្ងន់លើសក្តានុពលផ្លាស់ប្តូរនៃកម្មវិធីនេះ ដោយកត់សម្គាល់ពីសមត្ថភាពរបស់សិស្សក្នុងការលើកកម្ពស់ការយល់ដឹងរបស់សិស្សអំពីផ្លូវនៃការអប់រំជាសកល បង្កើនទំនុកចិត្ត និងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។
កញ្ញា ផន បានឱ្យដឹងថា៖«កម្មវិធីណែនាំនេះ នឹងផ្ដល់ផលវិជ្ជមានយ៉ាងខ្លាំងដល់សិស្សរបស់យើង ដែលអនុញ្ញាតឱ្យពួកគេដឹងបន្ថែម អំពីពិភពលោក និងជម្រើសដែលអាចធ្វើទៅបានតាមរយៈការអប់រំ។ តាមរយៈការចែករំលែកបទពិសោធន៍ជាមួយនិស្សិតនៃសកលវិទ្យាល័យ Solent ខ្ញុំជឿថា បណ្តាញទំនាក់ទំនងសង្គមដែលបានពង្រីកនេះក៏នឹងពង្រឹងទំនុកចិត្ត និងភាសាអង់គ្លេសរបស់ពួកគេផងដែរ។ យើងទាំងអស់គ្នាមានសេចក្តីរំភើបក្នុងការធ្វើការជាមួយសាកលវិទ្យាល័យ Solent ហើយសង្ឃឹមថា នឹងបង្កើតមិត្តភាពយូរអង្វែង»។
ដូចគ្នានេះដែរ អ្នកនាង Nigel Lee សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកឧក្រិដ្ឋកម្មនៅសកលវិទ្យាល័យ Solent បានលើកឡើងពីអត្ថប្រយោជន៍ទៅវិញទៅមក នៃការបង្ហាត់បង្រៀនគ្នា ដោយទទួលស្គាល់កិច្ចសហការដ៏យូរអង្វែងរវាងសាកលវិទ្យាល័យ Solentនិង CCF ក្នុងការគាំទ្រយុវជនកម្ពុជា។
អ្នកស្រី Lee បាននិយាយថា៖«ការបង្ហាត់បង្រៀនផ្ដល់នូវភាពវិជ្ជមានយ៉ាងសំខាន់លើទាំងអ្នកណែនាំ និងអ្នកទទួលការណែនាំ ហើយខ្ញុំរីករាយដែលនិស្សិតឧក្រិដ្ឋកម្មវិទ្យារបស់យើង ៥ នាក់ កំពុងចាប់ផ្តើមដំណើរនេះ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខ្ញុំបានមើលឃើញពីរបៀបដែលមូលនិធិកុមារកម្ពុជា ធ្វើការងារសំខាន់បែបនេះ ហើយការសហការជាមួយពួកគេលើគម្រោងនេះ និងគម្រោងផ្សេងៗទៀត ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រីវ័យក្មេង និងសម្រេចគោលដៅអនាគតរបស់ពួកគេ»។
អ្នកចូលរួមទាំងសងខាងនៃគម្រោងសិស្សច្បងបង្រៀនសិស្សប្អូននេះបង្ហាញពីភាពរីករាយ និងសុទិដ្ឋិនិយមអំពីឱកាសសម្រាប់ការលូតលាស់ និងទំនាក់ទំនង។
យុវតី ម៉ី ស្រីផល អាយុ ១៦ឆ្នាំ ជាសិស្សនៅសាលា Neeson Cripps Academy បានចែករំលែកនូវក្តីរំភើប និងភ័យបន្តិចបន្តួចរបស់ខ្លួន អំពីការប្រាស្រ័យទាក់ទងជាមួយនិស្សិតចក្រភពអង់គ្លេស ដោយចាត់ទុកវាជាឱកាសដើម្បីស្វែងយល់អំពីវប្បធម៌ និងបទពិសោធន៍អប់រំថ្មី។
ស្រីផល បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រំភើបដែលខ្ញុំអាចទាក់ទងជាមួយនិស្សិតចក្រភពអង់គ្លេស និងរៀនពីពួកគេ។ កម្មវិធីនេះប្លែក។ ខ្ញុំមានអារម្មណ៍ភ័យព្រួយខ្លះដែរ ព្រោះវាជាបទពិសោធន៍ថ្មី ប៉ុន្តែខ្ញុំទន្ទឹងរង់ចាំវា។ ការចែករំលែកជីវិតរបស់យើង និងការស្វែងយល់អំពីប្រទេស និងវប្បធម៌មួយផ្សេងទៀត ក៏នឹងមានការចាប់អារម្មណ៍»។
ម្យ៉ាងវិញទៀត Sophie Graydon ជានិស្សិតឧក្រិដ្ឋកម្មវិទ្យាអាយុ ២០ឆ្នាំនៅសាកលវិទ្យាល័យ Solent បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការណែនាំជាមធ្យោបាយមួយក្នុងការគាំទ្រ និងទំនាក់ទំនងជាមួយក្មេងស្រីមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។
យុវតីរូបនេះ បាននិយាយថា៖ «ការមានឱកាសអាចស្តាប់បទពិសោធន៍របស់ក្មេងស្រីទាំងនេះ និងគាំទ្រពួកគេ ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីសង្ឃឹមថា នឹងមានឥទ្ធិពលវិជ្ជមានដល់ពួកគេ។ សម្រាប់ខ្ញុំ ការបង្ហាត់បង្រៀនមានសារៈសំខាន់ ព្រោះវាជាវិធីមួយដើម្បីផ្តល់ការតបស្នង និងបង្កើតទំនាក់ទំនងជាមួយក្មេងស្រី ដែលខ្ញុំមិនមានឱកាសបានជួបពីមុនមក»។
កម្មវិធីណែនាំនេះមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ CCF និងសកលវិទ្យាល័យ Solent ដើម្បីផ្ដល់អាទិភាពការអប់រំ STEM សម្រាប់ក្មេងស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាពន្លឺនៃក្តីសង្ឃឹម និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយលើកទឹកចិត្តពួកគេឱ្យស្រមៃមើលអនាគតដែលពោរពេញទៅដោយលទ្ធភាពគ្មានទីបញ្ចប់។
អស់រយៈពេលជិត ២០ឆ្នាំមកនេះ មូលនិធិកុមារកម្ពុជា (CCF) គឺជាសសរស្តម្ភនៅក្នុងសហគមន៍ស្ទឹងមានជ័យ ដោយផ្តល់ការគាំទ្រ និងសេវាកម្មសំខាន់ៗ។
ការងាររបស់ពួកគេបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវជីវិតរបស់គ្រួសារ និងកុមាររាប់មិនអស់ ដោយជួយពួកគេឱ្យដឹកនាំជីវិតកាន់តែប្រសើរឡើង។
បច្ចុប្បន្ន កម្មវិធីនេះគាំទ្រកុមារប្រមាណ ១៨០០ នាក់ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់សាកលវិទ្យាល័យ។ លើសពីនេះ CCF ផ្តល់នូវការថែទាំផ្នែកវេជ្ជសាស្ត្រ ដំណើរការគំនិតផ្តួចផ្តើមផ្សព្វផ្សាយសហគមន៍ និងផ្តល់ការគាំទ្រផ្នែកលំនៅឋាន៕