ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តខាងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដើម្បីការរីកចម្រើនរួមគ្នារវាងប្រទេសទាំង២ទៅថ្ងៃអនាគត។
ជាមួយគ្នានេះលោកបញ្ជាក់ថា កម្ពុជាមានលក្ខខណ្ឌអំណោយផលលើការវិនិយោគរយៈពេលវែងស្របពេលរដ្ឋាភិបាលកំពុងជំរុញលទ្ធភាពចូលទីផ្សារក្នុងស្រុកនិងអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះធ្វើឡើងតាមរយៈសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយពីបណ្តាញសង្គមផ្លូវការរបស់លោកហ៊ុន ម៉ាណែតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ អូស្ត្រាលីតែងតែជាដៃគូវិនិយោគដ៏សំខាន់មួយរបស់កម្ពុជាលើវិស័យជាច្រើន តួយ៉ាង សេវាកម្មអប់រំ អាហារ និងភេសជ្ជៈ សេវាកម្មហិរញ្ញវត្ថុ ការរុករករ៉ែ និងធនធានបដិសណ្ឋារកិច្ច និងផ្នែកសម្លៀកបំពាក់ជាដើម។
លោកបន្តថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជារួមជាមួយទីតាំងភូមិសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ បន្តទៅមុខការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជានឹងកាន់តែមានសារៈសំខាន់ថែមទៀតលើវិស័យជាច្រើនដូចជា កសិកម្ម និងឧស្សាហកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង»។
លោកបានបន្តថា រដ្ឋាភិបាលកម្ពុជាជឿជាក់លើវិស័យឯកជន ដែលនឹងនាំឱ្យមានការរីកចម្រើនដល់សង្គម និងសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក៏ប្តេជ្ញាចិត្តលើកកម្ពស់បរិស្ថានអំណោយផលដល់ការវិនិយោគ និងការប្រកបអាជីវកម្មនានាផងដែរ រួមមាន ប្រត្យក្សច្បាស់លាស់ក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ជំរុញតម្លាភាព រចនាសម្ព័ន្ធពន្ធទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគប្រកបដោយការលើកទឹកចិត្ត។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជាមានលក្ខខណ្ឌអំណោយផលលើការវិនិយោគរយៈពេលវែងស្របពេលរដ្ឋាភិបាលកំពុងជំរុញលទ្ធភាពចូលទីផ្សារក្នុងស្រុក និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី។រដ្ឋាភិបាលក៏កំពុងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវ កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ មណ្ឌលឡូជីស្ទិក និងច្រករបៀងសំខាន់ៗជាមួយការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈដល់យុវជនខ្លួនជាង១,៥លាននាក់ ដោយឥតគិតថ្លៃរយៈពេល៥ឆ្នាំ ក្នុងអាណត្តិទី៧ នេះ។
តាមរយៈសន្និសីទកាសែតបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅអូស្ត្រាលីនេះ នាយប់ថ្ងៃទី៦ ខែមីនា លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ានបានថ្លែងថា អូស្ត្រាលីមានចក្ខុវិស័យលើការវិនិយោគក្នុងតំបន់អាស៊ានជាមួយទំហំទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអូស្ត្រាលី ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទុកលើវិស័យចំនួន៤ គឺធុរកិច្ច ការអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស សង្គមស៊ីវិល និងរដ្ឋាភិបាល។
លោកបានបន្តថា៖«ប្រេសិតពិសេសរបស់អូស្ត្រាលី បង្ហាញគម្រោងវិនិយោគយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ ដោយមាន៤ ចំណុច គឺ ទី១- ការបង្កើនទៅលើការយកចិត្តទុកដាក់ចំពោះការខ្វះខាតចំណេះដឹងទីផ្សារ ទី២-ការរំលាយរបាំងបញ្ហាពន្ធ និងមិនមែនពន្ធគយ ទី៣- ការកសាងសមត្ថភាព និងទី៤ -ការវិនិយោគឱ្យកាន់តែស៊ីជម្រៅលើវិបុលភាព»។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៧ ខែមីនា អំពីដំណើរទស្សនកិច្ចនេះដែរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់មេដឹកនាំកម្ពុជា និងអូស្ត្រាលី ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២ ខណៈភាគីទាំង២ បានចុះកិច្ចព្រមព្រៀងលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនឹងគ្នា។
បើតាមសេចក្តីប្រកាសដដែលនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា កម្ពុជានិងអូស្ត្រាលីអាចពង្រីកកិច្ចសហប្រតិបត្តិការនឹងគ្នាលើផលិតភាពកសិកម្មជាពិសេសដែលខ្លួនមានបទពិសោធន៍ច្រើនដោយមានជំនាញផ្នែកវិទ្យាសាស្ត្រ ហើយកម្ពុជាវិញមានកាលានុវត្តភាពលើវិស័យទេសចរណ៍។
ក្នុងនោះដែរ នាយករដ្ឋមន្ត្រីកម្ពុជាក៏ស្នើឱ្យប្រទេសទាំង២ តាមរយៈស្ថាប័នសាកលវិទ្យាល័យសហការគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម និងវិទ្យាសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពាក់ព័ន្ធរឿងនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឯកភាពចំពោះមតិលើកឡើងរបស់លោកហ៊ុន ម៉ាណែត ដោយលោកបន្ថែមថា កាលណាក្រុមហ៊ុនវិនិយោគនានាមកបណ្តាក់ទុករកស៊ីនៅកម្ពុជាប្រាកដជាទទួលបានផលចំណេញពីអាជីវកម្មនៅកម្ពុជា ហើយកម្ពុជាវិញអាចបង្កើតការងារនៅក្នុងស្រុក បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ បង្កើនការនាំចេញរបស់ខ្លួន។
លោកបានបន្ដថា អូស្ត្រាលីមានសក្តានុពលខ្លាំងលើវិស័យកសិកម្មដែលអាចធ្វើការវិនិយោគនៅកម្ពុជាដែលរដ្ឋាភិបាលកំពុងដាក់ទិសដៅយកវិស័យកសិកម្មជាអាទិភាពដែលអាចជួយជំរុញការវិនិយោគ កែច្នៃ ផ្នែកកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ហើយជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបាន។
ត្រង់ចំណុចនេះ លោកបន្ថែមថា៖«អូស្ត្រាលី អាចផ្តល់ការវិនិយោគនិងបច្ចេកវិទ្យាដល់កម្ពុជានៅក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ឬកសិឧស្សាហកម្មសម្រាប់កម្ពុជា។កម្ពុជាវិញត្រូវផ្តល់ទីតាំង សម្រួលការរៀបចំដីកសិកម្មសម្រាប់អូស្ត្រាលីដើម្បីពួកគាត់មានលទ្ធភាព មានដីទ្រង់ទ្រាយធំក្នុងការប្រកបការងារកសិកម្ម និងជួយបើកផ្លូវដល់ការនាំចេញផង»។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងអូស្ត្រាលី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) នឹងគ្នាលើឯកសារចំនួន ២ អំឡុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី នេះ។ ទី១ MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។ ទី២ MOU រវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។
គួរជម្រាបជូនថា អូស្ត្រាលី ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៧ របស់កម្ពុជា ក្នុងរយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជានិងអូស្ត្រាលីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីរង្វង់៣៣៦,២១លានដុល្លារ ខណៈកម្ពុជានាំចេញទៅអូស្ត្រាលីក្នុងទំហំ២៣៦,៩២លានដុល្លារឯអូស្ត្រាលីវិញនាំចូលមកកម្ពុជាក្នុងទំហំ៩៩,២៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕