​ភ្នំពេញៈ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​មែ​ល​ប៊​ន​ពីថ្ងៃ​ទី​ ២-៦ ខែមីនា ឆ្នាំ​ ២០២៤ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​ជា​​មួយ​ថ្នាក់ដឹកនាំ​ ៦ ​រូប ​ដែល​ជំនួប​ទាំងនេះ​ផ្តោតលើ​ការបន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហការ​ប្រតិបត្តិកា​រ​ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​ពាក់​​ព័ន្ធ​ការប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

​ក្នុង​ដំណើរ​ទៅ​ក្រៅប្រទេស​លើក​នេះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀតឱកាស​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន លោក​ Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក​Anthony Albanese នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​Christopher LuxonSutass នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ និង​លោក​ Pham Minh Chinh ​នាយករដ្ឋមន្ត្រី​វៀតណាម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​​ជាតិ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ចុះ​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា ក្នុងជំនួប​នៅ​ថ្ងៃទី​ ៤ ខែមីនា រវាង​កម្ពុជា និង​ហ្វីលីពីន​ភាគី​ទាំង​ ២​ បាន​ឯកភាពគ្នា​រៀបចំ​កិច្ចប្រជុំ​លើក​ទី៤​ នៃ​គណៈកម្មការ​​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅ​ប្រទេស​ហ្វីលីពីន ក្នុង​ឆមាស​ទី២ ឆ្នាំ​ ២០២៤ ដើម្បី​ពិភាក្សា​រិះ​រកម​ធ្យោ​បាយ​ជំរុញ​សម្ទុះ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើ​វិស័យ​ថ្មីៗ​ទៀត​។​

​សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​ក្នុង​វិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំ​ទាំង​ ២​ បាន​ឯកភាពគ្នា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការទិញ​-​លក់​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ព្រមទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន​សហ​ការ​គ្នា​ជំរុញ​លំហូរ​ទេសចរ រួមទាំង​តាមរយៈ​ការបង្កើត​ជើងហោះហើរ​ត្រង់​ត​ភ្ជាប់​តំបន់​ទេសចរណ៍​សំខាន់ៗ​នៃ​ប្រទេស​ទាំង ​២»​។​

​ក្នុងឱកាស​នេះដែរ ប្រធានាធិបតី​ហ្វី​លី​ពី​ន បាន​បញ្ជាក់ថា នឹង​ជំរុញ​ឱ្យបាន​ឆាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ដែល​នឹង​ជួយ​ជំរុញ​ដល់​ការផ្លាស់ប្ដូរ​ផ្នែក​ធុរកិច្ច និង​វិ​និ​​យោគ​រវាង​ប្រទេស​ទាំង​ ២​។​

​នៅក្នុង​ជំនួប​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌូ​នេ​ស៊ី​វិញ​ភាគី​ទាំង ​២ ​បាន​ឯកភាព​គា្ន​លើក​ទឹកចិត្ត​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​អនុស្សរណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ជំរុញ​ឱ្យបាន​ឆាប់​នូវ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ការពង្រីក​ពាណិជ្ជកម្ម​អង្ករ​។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​ឯកភាព​ជាមួយ​នាយករ​ដ្ឋ​មន្ត្រី​​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ការ​​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ និង​អាកាស​ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ព្រម​ទាំង​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំង​ ២​។​

​ចំណែក​ជំនួប​រវាង​កម្ពុជា និង​សិង្ហ​បុរី បាន​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន រួម​ទាំង​វិស័យសេដ្ឋកិច្ច និង​អប់រំ ដោយ​ថ្នាក់ដឹកនាំ​ទាំង ​២​ បាន​ឯកភាព​ជំរុញ​គម្រោង​សហប្រតិបត្តិការ​ទ្វេភាគី​ផ្នែក​ថាមពល​កកើត​ឡើងវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដើម្បី​ជួយ​បង្កើន​សមត្ថ​ភាព​ជំនាញ​នៃ​កម្លាំង​ពលកម្ម​កម្ពុជា​នាយករ​ដ្ឋ​មន្ត្រី​ Lee Hsien Loong បាន​ថ្លែងថា សិង្ហ​បុរី​ត្រៀម​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​​ទេស​វិជ្ជាជីវៈ​។​

​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​វិញ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​អូស្ត្រាលី​ដល់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា និង​ការគាំទ្រ​ដល់​ការស្តារ និង​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​ជាច្រើន ដូច​ជា​កសិកម្ម អប់រំ សកម្មភាព​មីន​។​ល​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង ​២​ ធ្វើការ​ជាមួយគ្នា​កាន់តែ​សកម្ម​ដើម្បី​បង្កើន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​លើក​ទឹក​ចិត្ត​ឱ្យ​សាកលវិទ្យាល័យ​នៃ​ប្រទេស​ទាំង​ ២​ សហការគ្នា​លើ​ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ផ្នែក​កសិកម្ម និង​វិទ្យាសាស្ត្រ​ព្រម​ទាំង​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ការងារ​។​

​ចំពោះ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ឯណោះ​វិញ លោក ហ៊ុន​ ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិ​ការប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​ ២​។ សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា​៖ «​ឯកឧត្តម​ Christopher Luxon បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង​សម្ដេច​ធិបតី​»​។​

​ដោយឡែក​នៅ​ថ្ងៃទី ​៦ ខែមីនា លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ឆ្លៀតពេល​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀត​ណា​ម​ផងដែរ​ដើម្បី​បន្ត​កិច្ចពិភាក្សា​អំពី​ការខិតខំ​បន្ត​លើកកម្ពស់​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​វៀតណាម​។​ នាយករដ្ឋមន្ត្រី​ទាំង​ ២​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ដ៏​ញឹកញាប់​រវាង​ប្រទេស​ទាំង​ ២​ ដែល​បានធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ស្អិតល្មួត​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ក៏ដូចជា​ក្របខ័ណ្ឌ​បក្ស​។​

​ក្នុង​គោលដៅ​ជំរុញ​សម្ទុះ​ទំនាក់ទំនង​សេដ្ឋកិច្ច ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​អំពី​ការចាំបាច់​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ខិតខំ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី ​២០ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​អនាគត​ដ៏​ខ្លី​។ ពាក់ព័ន្ធ​នឹង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រី​ទាំង ​២ បាន​ឯកភាពគ្នា​ឱ្យ​ស្ថាប័ន​ជំនាញ កំណត់​ឱ្យបាន​ឆាប់​នូវ​ចំណុច​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​-​ម៉ុក​បាយ​-​ហូជីមិញ និង​បន្ត​ខិតខំ​សម្រេច​ការកសាង​ផ្លូវ​ល្បឿន​លឿន​ផ្សេងទៀត​ដើម្បី​បង្កើន​ប្រសិទ្ធ​​ភាព និង​ភាពងាយស្រួល​សម្រាប់​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​។​

​ចំពោះ​ការតភ្ជាប់​វិស័យ​ទេសចរណ៍ ភាគី​ទាំង​ ២ ​បាន​ឯកភាព​ជំរុញ​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​ប្រទេស ​៣ ​គោលដៅ​តែ​ ១ ​ដែលជា​រូបមន្ត​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ ទេសចរណ៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។​

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​​ទំនង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ជារួម​ចំពោះ​លទ្ធផល​ដ៏​ល្អ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ដែល​បានផ្តល់​ផលប្រយោជន៍​ធំធេង​សម្រាប់​កម្ពុជា​និយាយ​ដោយឡែក និង​អាស៊ាន និយាយ​ជារួម​។

​លោក​បន្តថា ដោយឡែក​ពាក់ព័ន្ធ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ទាំង ​៦ ​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ទៅលើ​យន្តការ​ពហុភាគី​ដែលមាន​ស្រាប់​ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ស្របតាម​គោ​លន​យោ​​បាយ​ធ្វើ​ពិពិធ​កម្ម​ការទូត​របស់​កម្ពុ​ជា​។​​លោក​ថ្លែងថា​៖«​ខ្ញុំ​គិតថា ទំនាក់ទំនង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ទាំង ​៦​ នេះ គឺ​នឹង​ត្រូវបាន​លើកកម្ពស់ ត្រូវបាន​ពង្រឹង និង​ពង្រីក​កិច្ចសហការ ដែល​ជំនួប​នេះ​ពិតជា​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​កម្ពុជា ក្នុង​ទិដ្ឋភាព​នយោបាយ និង​ការទូត​»​។    

​បើតាម​សេចក្តីប្រកាស​ដដែល​បញ្ជា​ក់ថា នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ ៦ ​រូប​ខាងលើ​អំពី​ការបង្កើន​កិច្ច​សហ ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផងដែរ រួមទាំង​ការ​​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​ពត៌មាន​វិទ្យា ដែល​ទាមទារ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​៕