ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសារលើបណ្ដាញសង្គមដាស់តឿនប្រជាពលរដ្ឋកុំឱ្យចាញ់ល្បិចកលចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងឆ្នោតកន្ទុយលេខខុសច្បាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់។
ការក្រើនរំឭកនេះ ធ្វើឡើងបន្ទាប់ពី គ.ល.ក បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប (Youtube) ជាដើម ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ការផ្សព្វផ្សាយល្បែងអនឡាញទាំងនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គ.ល.ក.បានសង្កត់ធ្ងន់ថា៖ «ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់»។
ជាមួយគ្នានេះ គ.ល.ក. អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់ខាងលើនេះ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលើតាមនីតិវិធីច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានលើកឡើងថា ការក្រើនរំឭកតាមបណ្តាញសង្គមគ្រាន់តែជាជំហានមួយក្នុងការជូនដំណឹងដល់សាធារណជន ខណៈលោកជំរុញអាជ្ញាធរដាក់ចេញវិធានការបង្ក្រាបទីតាំងល្បែងអនឡាញឱ្យមានប្រសិទ្ធភាពដ្បិតករណីនេះនឹងមិនបាត់រលត់ទៅឆាប់ៗនោះទេ។
ទន្ទឹមនេះ លោកបានសម្តែងការព្រួយបារម្ភថា៖ «កាលណាមានល្បែងអនឡាញយ៉ាងអនាធិបតេយ្យបែបនេះនៅកម្ពុជានោះវានឹងបង្កឱ្យមានបញ្ហាផ្សេងៗទៀតកើតឡើង វាមានដូចជា អំពើហិង្សា ចោរកម្ម ឆក់ប្លន់ ដែលវាសុទ្ធសឹងតែជាហេតុកើតឡើងដោយបញ្ហាល្បែងនេះ»។
លោកបានកត់សម្គាល់ថា ពិតណាស់កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ប៉ុន្តែបើមន្ត្រីអនុវត្តដោយមិនមានតម្លាភាព កេងចំណេញ និងប្រព្រឹត្តអំពើពុករលួយ នោះយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងអនឡាញនៅតែមិនមានប្រសិទ្ធភាព ហើយវានឹងបង្កជាបញ្ហាស្មុគស្មាញដដែលសម្រាប់ប្រទេសកម្ពុជា។
គួររំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញបទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនលោកផងដែរ។
ទាក់ទងនឹងការបង្ក្រាបល្បែងស៊ីសងខុសនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុខៈ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ៣០០ ទីតាំង លើ ១៩ រាជធានីខេត្ត ដោយឃាត់ខ្លួនមនុស្សសរុប ៤៩៦ នាក់។
លោកបានសរសេរបង្ហោះលើហ្វេសប៊ុករបស់លោកថា ក្នុងចំណោមទាំង ៣០០ ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន ៦៩ ទីតាំង លើ ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការដែលមានជនសង្ស័យចំនួន ១៩៤ នាក់ផងដែរ។
លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងចំណោម ៦៩ ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន ១ ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន ៧ ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ៣១ នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន ៦១ ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥៧ នាក់៕