​ភ្នំពេញៈ ក្រសួងមហាផ្ទៃ ព្រមាន​ជាថ្មី​ហាម​យក​ផ្លាកលេខ​នគរបាលជាតិ ​(​ន​.​ប​)​ ទៅ​បំពាក់​យានយន្ត​ផ្សេងទៀត និង​ហាម​យក​យានយន្ត​ដែល​បំពាក់​ផ្លាក​លេខ​នគរបាលជាតិ​ទៅប្រើ​ប្រាស់ ប្រកប​អាជីវកម្ម​ផ្សេងៗ​មាន​លក្ខ​ណៈ​ជា​ឯកជន មិនមែន​សម្រាប់​បម្រើ​ផលប្រយោជន៍​ក្រសួង ឬ​រដ្ឋ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​កងក​ម្លាំ​ង​នគរ​បាល​ជាតិ​។​

​ការណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ធ្វើឡើង​បន្ទាប់ពី​នាពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន​បុគ្គល​មួយចំនួន​តូច បាន​ប្រើ​ប្រាស់​ដោយ​ខុស​លក្ខខណ្ឌ​កំណត់ នូវ​យានយន្ត​នគរបាលជាតិ​គ្រប់​ប្រភេទ ឬ​យក​ចូលទៅ​កាន់​ទីតាំង​មិន​សមស្រប​ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​កងក​ម្លាំ​ង​នគរបាលជាតិ និង​កិត្តិយស​ក្រសួងមហាផ្ទៃ​។​

​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ​របស់​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​លោ​កស សុខា ចុះ​ថ្ងៃទី​ ៤ ខែ​​មីនា ឆ្នាំ​ ២០២៤​ បាន​សង្កត់ធ្ងន់ថា ដើម្បី​បំបាត់​នូវ​រាល់​បាតុភាព​ខុសឆ្គង​ទាំងនេះ ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការណែនាំ​ដល់​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ អគ្គ​លេខាធិការដ្ឋាន​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួង​​មហាផ្ទៃ​ព្រមទាំង​ស្នងការដ្ឋាន​រាជធានី ខេត្ត នូវ​វិធានការ​មួយ​ចំនួន​។

សេចក្តីណែនាំ​បញ្ជាក់ថា​៖ «​ត្រូវធ្វើ​ការគ្រប់គ្រង និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ នូវ​យាន​យន្ត​ប្រើ​ផ្លាកលេខ នគរបាលជាតិ​ក្នុង​អង្គភាព​។ ក្នុងករណី​មានការ​បញ្ឈប់​ប្រើប្រាស់​យានយន្ត​ណាមួយ​ត្រូវ​រាយការណ៍ និង​ប្រគល់​ផ្លាកលេខ និង​បណ្ណ​សម្គាល់ ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​លុបចេញ​ពី​បញ្ជី​ជាបន្ទាន់​»​។ 

​បើតាម​សេចក្តីណែនាំ​នេះ ហាមឃាត់​រាល់​សកម្មភាព​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ រួមមាន ហាម​យក​ផ្លាកលេខ​ពី​យានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ទៅ​បំពាក់​យានយន្ត​ផ្សេងទៀត ហាម​យក​យានយន្ត​ដែល​ពាក់​ផ្លាកលេខ​នគរបាលជាតិ​ទៅប្រើ​ប្រាស់ ដើម្បី​យកទៅ​ប្រកប​អាជីវកម្ម​ផ្សេងៗ​មាន​លក្ខណៈ​ជា​ឯកជន​មិនមែន​សម្រាប់​បម្រើ​ផលប្រយោជន៍​ក្រសួង ឬ​រដ្ឋ​។​

​ប្រភព​ដដែល​បន្តថា​៖ «​ហាម​យក​យានយន្ត​នគរបាលជាតិ​ទៅឱ្យ​បុគ្គល​ផ្សេងទៀត​ប្រើប្រាស់​និង​ហាម​យក​យានយន្ត​ពាក់​ផ្លាក​លេខ​នគរបាលជាតិ​ចូលទៅក្នុង​ទីតាំង​កាស៊ីណូ ក្លឹប​កម្សាន្ត ទីតាំង ខារ៉ាអូខេ​ឬ​គោលដៅ​មិន​សម​ស្រប​ផ្សេងទៀត​»​។​

​សេចក្តីណែនាំ​សង្កត់​ទៀតថា ហាម​យក​យានយន្ត​ពាក់​ផ្លាក​លេខ​នគរបាលជាតិ​ទៅ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ និង​ហាម​ប្រើប្រាស់​យានយន្ត​នគរបាល​​ជាតិ​ដែល​ហួស​សុពលភាព នៃ​កាលកំណត់​ក្នុង​បណ្ណ​សម្គាល់​យានយន្ត​។ បន្ថែម​ពីនេះ អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ​ត្រូវធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​ដងផ្លូវ តាម​ទីតាំង​កាស៊ីណូ ក្លឹប​កម្សាន្ត ទីតាំង​ខារ៉ាអូខេ ឬ​គោល​​ដៅ​មិន​សមស្រប​ផ្សេងទៀត និង​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ករណី​ខុសឆ្គង​ក្នុងការ​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ​។​

​លោក យង់ គិ​ម​អេង ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែងថា ពាក់ព័ន្ធ​ការប្រើប្រាស់​ផ្លាក​លេខ ន​.​ប និង​យានយន្ត​ខុស​គោលការណ៍​ទាំងនេះ​មាន​យូរ​មកហើយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ​មាន​សមត្ថកិច្ច​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​មាន​ប្រសិទ្ធភាព​។

លោក​មានប្រសាសន៍ថា​៖ «​ឥឡូវនេះ​រឿង​ផ្លាកលេខ​នគរបាលជាតិ និង​យានយន្ត​នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល​។ រឿង​ដែល​សំខាន់​អាជ្ញា​ធរ​រដ្ឋ​មាន​សមត្ថកិច្ច​ទាល់តែ​បង្ហាញ​នូវ​វិធានការ​ទូលំទូលាយ ក្នុងការ​ចាត់វិធានកា​រលើ​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព ទើប​ជាការ​ប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ បើ​ពុំ​នោះទេ​ពលរដ្ឋ​នៅតែ​រិះគន់​»​។​

​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងមហាផ្ទៃ កាលពី​ខែកុម្ភៈ​ថ្មីៗ​នេះ ឧបនាយករដ្ឋមន្ដ្រី លោក ស សុខា បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ និង​ណែនាំ​ឱ្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​រាជធានី ខេត្ត ពង្រឹង​ការគ្រប់គ្រង និង​ចាត់វិធានការ​ចំពោះ​ការប្រើប្រាស់​យានយន្ត​ផ្លាកលេខ​នគរ​​បាល ​(​ន​.​ប​)​ ជា​លក្ខណៈ​ឯកជន​ខុសពី​គោលការណ៍​ច្បាប់​បានកំណត់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ដាស់តឿន និង​ផ្ដាំផ្ញើ​ដល់​មន្ដ្រីក្រោមឱវាទ​ក្រសួង​មហាផ្ទៃ​ពិសេស​កងកម្លាំង​នគរ​បាល​ដែល​ប្រើប្រាស់​ផ្លាកលេខ ន​.​ប របស់​យើង​ខុស​រឿង​។ រថ​យន្ត​ដែល​ពាក់​ផ្លាកលេខ ន​.​ប នេះ​គឺ​មិនអាច​ឱ្យទៅ​អ្នកផ្សេង​ខ្ចី​យកទៅ​ប្រើប្រាស់​ខុស​គោល​ការណ៍​នោះទេ គឺ​សុំឱ្យ​ប្រើប្រាស់​ឱ្យចំ​មុខ និង​ចំ​ជំនាញ​»៕