លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចាប់យកនវានុវត្តន៍ឌីជីថល ប៉ុន្តែលោកក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈមនានាដែលកម្ពុជានិងតំបន់អាស៊ានកំពុងជួបប្រទះ ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) នៅទីក្រុង បាងកក ប្រទេសថៃ នៅថ្ងៃទី២២ ខែមេសានេះ លោកនាយរដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់នៃនវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងភាពធន់ ជាពិសេស ក្នុងការដោះស្រាយភាពមិនស្មើគ្នាដែលបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកថ្លែងដូច្នេះថា៖ «តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាសនិងសេវាសំខាន់ៗ។ ម្យ៉ាងទៀត វាជួយឲ្យយើងអាចចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍទៅដល់មនុស្សគ្រប់គ្នាដោយស្មើភាពគ្នា»។
លោកបន្តថា៖ «មិនខុសពីប្រទេសដទៃទៀតទេ កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទឧស្សាហកម្ម៤.០»។
លោកក៏បានគូសបញ្ជាក់អំពីអាទិភាពចំនួន ៥ របស់រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការអនុវត្តគោលនយោបាយនានារបស់កម្ពុជាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ដូចជាសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
លោកថ្លែងថា៖ «ក្នុងបរិបទសកលនិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្មតាមរយៈរបៀបវារៈគោលនយោបាយឌីជីថលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឌីជីថលសកលនិងតំបន់ រួមមានផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ និង យុទ្ធសាស្ត្រឌីជីថលរបស់អង្គការសហប្រជាជាតិ ២០២២-២០២៥»។
កម្ពុជាក៏ចូលរួមយ៉ាងសកម្មផងដែរនៅក្នុងគំនិតផ្ដួចផ្ដើមឌីជីថលនានា ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) ក្នុងតំបន់អាស៊ាន។ លោកថា ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងពង្រីកទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១លានលានដុល្លារ (ទ្រីលាន) ដល់ ២លានលាន (ទ្រីលាន)ដុល្លារនៅឆ្នាំ២០៣០។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
ទោះបីជាលោកទទួលស្គាល់ថា កម្ពុជាក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើការធ្វើឌីជីថលូបនីយកម្មក៏ដោយ លោកមើលឃើញមានបញ្ហាមួយចំនួនដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីដោះស្រាយ។
លោកលើកឡើងដូច្នេះថា៖ «យ៉ាងណាក៏ដោយ យើងបន្តជួបបញ្ហាប្រឈមខ្លះ រួមមានគម្លាតផ្នែកឌីជីថលរវាងប្រទេសនិងប្រទេស និងរវាងទីក្រុងនិងទីជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធនិងការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព អក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិយ កង្វះការបង្កើតនិងការអនុវត្តបច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្មនិងសេវាកម្មឌីជីថល សន្តិសខុសអ៊ីនធឺណិត និងបទល្មើសបច្ចេកវិទ្យា»។
លោកថា បញ្ហាប្រឈមទាំងនេះបានបង្អាក់លទ្ធភាពរបស់ប្រទេសមួយចំនួនមិនឲ្យសម្រេចបាននូវសក្ដានុពលសេដ្ឋកិច្ចរបស់ពួកគេ។ សង្គ្រាម ជម្លោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមក៏បង្កជាឧបសគ្គដល់ប្រទេសមួយចំនួនទៀតមិនឲ្យចាប់យកបច្ចេកវិទ្យាឌីជីថលពេញលេញដើម្បីការរីកចម្រើនរបស់ពួកគេផងដែរ។
លោកលើកឡើងថា៖ «ក្នុងន័យនេះ សម្រាប់កម្ពុជា បញ្ហាពាក់ព័ន្ធទៅនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍជាទូទៅ រួមទាំងការតភ្ជាប់គម្លាតឌីជីថល និងការទទួលបានសេវាកម្មអ៊ីនធឺណិតដែលមានគុណភាព»។
កម្ពុជាចាត់ទុកសកម្មភាពបោសម្អាតមីនជាអាទិភាពទី១៨ នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។
ខណៈដែលកម្ពុជាកំពុងធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០២៤នេះ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅចុងខែវិច្ឆិកាខាងមុខ លោក ហ៊ុន ម៉ាណែត បានពាវនាវឲ្យមានការគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍នេះបន្ថែមទៀត។
លោកថ្លែងថា៖ «ខ្ញុំអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់អាវុធដ៏ប្រល័យទាំងនេះ ក៏ដូចជាការគាំទ្រនិងការចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ»។
លោកបន្តថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទាំងអស់គ្នា យើងនឹងអាចធ្វើឲ្យមានឥទ្ធិពល និងអាចបង្កើតបាននូវអនាគតដែលមានស្ថិរភាពនិងរីកចម្រើនសម្រាប់មនុស្សទាំងអស់គ្នា។ ទាំងអស់គ្នា យើងនឹងអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង»។
សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក កំពុងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២២ដល់២៦ ខែមេសា ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក»។ បើតាមរបៀបវារៈ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ និង មកពីតំបន់នានានៃពិភពលលោកនឹងចូលរួមក្នុងសន្និបាតនេះ។