ក្រុមអ្នកអភិរក្សសត្វផ្សោតទន្លេមេគង្គបង្ហាញក្ដីរីករាយនៅពេលដែលកូនផ្សោតមួយក្បាល ដែលជាកូនផ្សោតទី៧ ត្រូវបានប្រទះឃើញនៅក្នុងតំបន់អភិរក្សសត្វផ្សោតអន្លង់កាំពី ក្នុងខេត្តក្រចេះកាលពីថ្ងៃទី២២ ខែមេសានេះ។
ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានរដ្ឋបាលជលផលជាស្ថាប័នពាក់ព័ន្ធផ្ទាល់នៅក្នុងការអភិរក្សសត្វកម្រនេះ បានបង្ហោះរូបកូនផ្សោតនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២២ ដែលបង្ហាញរូបកូនផ្សោតមួយក្បាលកំពុងហែលជាមួយផ្សោតធំ ៣ ផ្សេងទៀត នៅក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ កូនផ្សោតនេះត្រូវបានប្រទះឃើញ ដោយក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF។
ក្រសួងកសិកម្មបញ្ជាក់ថា៖ «រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ»។
ក្រសួងក៏បានអំពាវនាវឲ្យសាធារណជន ជាពិសេសប្រជានេសាទ ឲ្យរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធប្រសិនបើពួកគេប្រទះឃើញសត្វដ៏កម្រនេះ ជាពិសេសនៅក្រៅតំបន់ការពារ។
ការប្រទះឃើញកូនផ្សោតថ្មីនេះបង្ហាញឲ្យឃើញពីកំណើនកំណើតកូនផ្សោតនៅឆ្នាំនេះដែលត្រឹមតែជាង៤ខែប៉ុណ្ណោះ ចំនួនកូនផ្សោតមានជិតស្មើនឹងចំនួនសរុប ៨ ដែលបានកត់ត្រាកាលពីឆ្នាំ២០២៣។
អាជ្ញាធរពាក់ព័ន្ធធ្លាប់បានលើកឡើងថា ការកើនឡើងនៃចំនួនសត្វផ្សោតដែលជារតនសម្បត្តិរបស់ជាតិនេះ បង្ហាញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពារ និងការអភិរក្សសត្វដែលស្ថិតនៅក្នុងបញ្ចីក្រហមរបស់អង្គការ IUCN មួយនេះ។
យោងតាម WWF បច្ចុប្បន្ននេះ កម្ពុជាមានសត្វផ្សោតប្រមាណ ៩០ ក្បាលដែលរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង៕