លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ទៅ​ប្រមុខ​រដ្ឋ​ឡាវ​ឲ្យ​គាំទ្រ​ដល់​គម្រោង​សាងសង់ «ព្រែកជីក​ហ្វូណន​តេជោ» របស់​កម្ពុជា ដោយ​បញ្ជាក់​ថា គម្រោង​នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ ឬចរន្ត​ទឹក​ទន្លេ​មេគង្គ​នោះ​ទេ។

ការស្នើ​នេះ​ធ្វើឡើង​ក្នុង​អំឡុង​ជំនួប​​ពិភាក្សា​រវាង​លោក​ ហ៊ុន សែន​ និង​ ​លោក ថងលុន ស៊ីសូលីត ប្រធានាធិបតី​ឡាវ​ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃទី២៣ ដល់២៤ ខែមេសានេះ។ នេះបើ​តាម​ព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក ហ៊ុន សែន។

ប្រភព​ដដែល​អះអាង​ថា៖ «ព្រែកជីក​នេះ​គឺជា​ការ​តភ្ជាប់​រវាង​ទន្លេបាសាក់​និង​សមុទ្រ​របស់​កម្ពុជា។ ប្រមុខ​រដ្ឋ​ឡាវ​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​ដ៏​ធំ​មួយ​នេះ​ដែរ»។

គម្រោង​​ព្រែកជីក​ហ្វូណនតេជោ មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ ដែល​នឹង​តភ្ជាប់​ព្រែក​តាកែវ​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ​ទៅ​កាន់​ព្រែក​តាឯក និង​ព្រែក​តាហ៊ីង​នៃ​ប្រព័ន្ធ​ទន្លេបាសាក់ និង​បន្ត​ទៅ​កាន់​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល តាកែវ និង​កំពត។

គម្រោង​នេះ​មាន​ទ្វារទឹក​ចំនួន៣ ស្ពាន​ចំនួន​១១ និង​ផ្លូវ​ប្រវែង​ ២០៨គីឡូម៉ែត្រ​នៅ​អម​សងខាង​នៃ​ព្រែកជីក។ គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១.៧​ពាន់​លាន​ដុល្លារ​ និង​​រយៈ​ពេល​សាង​សង់​​៤​ឆ្នាំ។

កាល​ពី​ខែមីនា លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ការ​គាំទ្រ​ចំពោះ​គម្រោង​នេះ​ពី​សំណាក់​ភាគី​ចិន​ផងដែរ នៅពេល​លោក​ជួប​ពិភាក្សា​ជាមួយ​លោក Zhao Leji ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​នៅ​ខេត្ត​ហៃណាន នៅ​ពេល​លោក​ចូលរួម​​វេទិកា​បូអាវ​ប្រចាំ​ឆ្នាំ​២០២៤។

សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​អំពី​ក្ដី​បារម្ភ​ពាក់​ព័ន្ធ​ទៅ​នឹង​ផល​ប៉ះពាល់​ទៅលើ​លំហូរ​ទឹក​ទន្លេ​មេគង្គ ជាពិសេស​នៅ​ប្រទេស​វៀតណាម​ដែល​ស្ថិត​នៅលើ​​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម។ 

ការគាំទ្រ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ឡាវដែលជា​ប្រទេស​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​បារម្ភ​អំពី​បញ្ហា​បរិស្ថាន​បង្កដោយ​គម្រោង​នេះ៕