សៀមរាប៖ ​នៅ​ក្នុង​ការ​រក​ឃើញ​ចុងក្រោយ​​ផ្នែក​បុរាណវិទ្យា​ដ៏​សំខាន់​មួយ អណ្ដើក​ថ្មភក់​ប្រវែង ៥៧ ​សង់ទីម៉ែត្រ ទទឹង ៤៣​ សង់ទីម៉ែត្រ និង​កម្រាស់ ២១​ សង់ទីម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រាសាទ​បាយ័ន ភូមិ​រហាល សង្កាត​នគរធំ​។​

ការរកឃើញ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ស្រះ​ទឹក​ភាគ​ឦសាន​នៃ​ប្រាសាទ​ក្នុង​ជម្រៅ ១,៥០ ម៉ែត្រ​។​

ប្រាសាទបាយ័ន ដែល​ល្បីល្បាញ​ខាង​ចម្លាក់​ដ៏​វិសេសវិសាល និង​​​ថ្ម​ធំៗ នៅតែ​បន្ត​បង្ហាញ​ពី​អាថ៌កំបាំង​ប្រវត្តិសាស្ត្រ​​។​

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យដឹងថា អ្វីដែល​ជា​ចំណុច​សំខាន់​នៃការ​រក​ឃើញ​អណ្ដើក​នេះ គឺជា​ការ​លើក​តម្លៃ​ជា​ប្រវត្ដិសាស្ដ្រ​ឡើង​វិញ​នៃ​ប៉ែក​ខាងជើង​​ស្រះទឹក​ខាង​កើត​ប្រាសាទ​បាយ័ន (ស្រះ​ទឹក​ខាង​កើត​មាន​ចំនួនពីរ ខាង​ជើង និង​ខាង​ត្បូង)។

លោក​បាន​រំឭក​ថា ការ​កសាង​ប្រាសាទ​បាយ័ន​នេះ​មាន​ស្រះ​ទឹក​ចំនួន​ពីរ​ ហើយភាគច្រើន​មហាជន​គិត​ថា វាបាន​បាត់​បង់ និង​មិន​ដឹង​ជា​ស្រះ​ទឹក​ទាំង​នោះ​នៅទីណា​ផង​ដែរ។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «តាម​រយៈ​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យាដោយ​បាន​សិក្សា​ទៅលើ​រចនាសម្ព័ន្ធ​របស់​ប្រាសាទ យើង​មើល​ឃើញ​ថា ប្រាសាទ​បាយ័ន​នេះមាន​ស្រះទឹក​ផ្នែក​ខាង​កើត​មាន​រហូត​ដល់​ទៅពីរ។ ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​រៀបចំ​លើក​តម្លៃ​ជា​ប្រវត្ដិ​នៃ​រមណីយដ្ឋាន​នេះ​ឡើង​វិញ»។ 

លោក កុសល បាន​បន្ដថា​៖ «​វាបាន​ន័យ​ថា អ្វីដែល​ត្រូវបាន​កសាង​ក្នុង​សតវត្សរ៍ទី ១២ ក្រោម​ព្រះហត្ថ និង​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ដ៏​ឧត្ដុង​ឧត្ដម​របស់​ព្រះ​បាទ​ជ័យ​វរ័ន្មទី ៧ នាពេលនោះ​ នឹង​ត្រូវបាន​យក​មក​បង្ហាញ​ជា​ថ្មី​ក្នុង​សតវត្សរ៍​ទី ២១។ នេះ​ហើយ​ជា​គុណ​តម្លៃ​ដ៏សំខាន់ ជាជាង​ការ​រក​ឃើញ​ចម្លាក់​អណ្ដើក​»។ 

ទេសចរ​ចូល​ទស្សនា​ប្រាសាទ​បាយ័ន្ត​នា​ពេល​កន្លង​មក។

លោក​បាន​បញ្ជាក់ថា អ្វីៗ​​​នៅ​ក្រោម​ដី ដែល​ប្រជាជន​គិត​ថា វាបាន​បាត់​បង់ តែជាក់ស្ដែងវាមិន​បាន​បាត់បង់​ទៅណា​នោះទេ ដោយ​ទាមទារ​ពេលវេលា​សិក្សា​ស្រាវជ្រាវ​អំពី​ស្នាដៃ​បុព្វបុរស​ខ្មែរ​។ 
ទាំងនេះ ជាមូលហេតុដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលភារកិច្ច​អភិរក្ស​ទីទួល​បុរាណដ្ឋាន​ ដើម្បីជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ទៅថ្ងៃ​អនាគត​។ 

លោក កុសល បាន​បន្ដថា អ្វីដែល​ត្រូវបាន​គិត​ថា វា​បាត់បង់​ទៅហើយ តែ​ត្រូវបាន​រក​ឃើញ​មកវិញ នោះគឺជា​គ្រឹះ​ប្រាសាទ​បុរាណ​នៅ​ជាប់​ប្រាសាទលលៃ​ ជាអតីត​វត្ដ​លលៃ​ដែលត្រូវបាន​កសាង​នៅលើ​ទីទួល​បុរាណ​។ 

អណ្ដើក​ថ្មភក់​ប្រវែង ៥៧ ​សង់ទីម៉ែត្រ ទទឹង ៤៣​ សង់ទីម៉ែត្រ និង​កម្រាស់ ២១​ សង់ទីម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រាសាទ​បាយ័ន ភូមិ​រហាល សង្កាត​នគរធំ​។​ នាយកដ្ឋានការពារបេតិកភណ្ឌ

លោក​បាន​លើកឡើងថា​៖ «​ការ​កសាង​វត្ដ​អារាម​ទាំងនោះ​អាច​មាន​សម្ពាធទៅដល់​គ្រឹះ​ប្រាសាទ​លលៃ។ ដូច្នេះ ដោយ​កិច្ចសហការ​ពីព្រះសង្ឃ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ឯកភាព​ផ្លាស់ប្ដូរ​កុដ​មួយ​ចំនួន​ពី​លើទីទួល​​ចុះ​មក​ក្រោមវិញ​»។ 

ក្រុមការងារ​បាន​ធ្វើ​កំណាយ​លើ​ទីទួល​នោះ ដែលមិន​ជ្រៅ​ប៉ុន្មាន ក៏​បាន​ឃើញ​មាន​រចនា​សម្ព័ន្ធ​គ្រឹះ​ប្រាសាទ​បុរាណ​ជាច្រើន​៕