វត្ថុបុរាណកម្ពុជាចំនួន ២៧ ដែលមានតម្លៃប្រមាណ ២.៤លានដុល្លារនឹងមកដល់កម្ពុជានាពេលខាងមុខនេះ បន្ទាប់ពីពិធីប្រគល់និងទទួល ត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែមេសានេះ។
ពិធីបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណទាំង ២៧នេះ ធ្វើឡើងដោយមានវត្តមានលោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងម៉ិកស៊ិក លោក ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
លោក Ivan J. Arvelo ភ្នាក់ពិសេសនៃទីភ្នាក់ងារស៊ើបអង្កេតក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលវត្ថុបុរាណទាំង ២៧នេះបានស្ថិតនៅក្នុងដៃនិងធ្នើររបស់មនុស្សនិងស្ថាប័នខ្លះដែលមិនខ្វល់ពីអ្វីទាំងអស់ក្រៅតែពីតម្លៃដាក់លក់វត្ថុបុរាណទាំងនេះ។
លោកថ្លែងថា៖ «តាមរយៈការប្រឹងប្រែងរបស់ក្រុមការងារសម្បត្តិវប្បធម៌ សិល្បៈ និង វត្ថុបុរាណ នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិក្នុងទីក្រុងញូវយ៉ក និងការិយាល័យព្រះរាជអាជ្ញារទីក្រុង Manhattan ថ្ងៃនេះយើងអាចកែតម្រូវកំហុសដែលក្រុមឈ្មួញវត្ថុបុរាណបានធ្វើ»។
លោក Andy Brouwer អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងសិល្បៈ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងចំណោមវត្ថុបុរាណទាំងនោះក៏មានចម្លាក់ហរិហរៈមានអាយុកាលតាំងពីសតវត្សរ៍ទី៧ ផងដែរ ដែលត្រូវបានរឹបអូសពីអ្នកជួញដូរវត្ថុបុរាណឈ្មោះ Subhash Kapoor។
លោក Brouwer និយាយថា វត្ថុបុរាណខ្មែរត្រូវបានចោរលួចនាំចេញទៅក្រៅប្រទេសចន្លោះពីទសវត្សរ៍ឆ្នាំ១៩៥០ ដល់ទសវត្សរ៍ឆ្នាំ២០០០។ បច្ចុប្បន្ននេះ វត្ថុបុរាណដែលត្រូវបានលួចកំពុងមានវត្តមាននៅក្នុងទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។
បើតាមលោក Brouwer វត្ថុបុរាណខ្មែរមានតម្លៃខ្ពស់ខ្លាំងណាស់ សូម្បីរូបចម្លាក់ធ្វើពីថ្មមួយក៏អាចមានតម្លៃរហូតដល់ទៅ២លានដុល្លារដែរ។ បច្ចុប្បន្ននេះ សារមន្ទីរជាច្រើនកំពុងស្រាវជ្រាវ និងវាយតម្លៃទៅលើប្រវត្តិនៃវត្ថុបុរាណនីមួយៗដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ ដូចជានៅសារមន្ទីរ Metropolitan ក្នុងទីក្រុងញូវយ៉ក និងនៅសារមន្ទីរ Denver Art ក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិកជាដើម។
តាមការស្រាវជ្រាវរបស់លោក សារមន្ទីរជាង១០០នៅលើពិភពលោកកំពុងមានវត្តមានវត្ថុបុរាណខ្មែរនៅក្នុងសមុច្ច័យរបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកថា វត្ថុបុរាណសម័យអង្គរជាច្រើនទៀតត្រូវបានលាក់បំពួនជាលក្ខណៈឯកជន។
លោកថ្លែងដូច្នេះថា៖ «ការបញ្ចូនវត្ថុបុរាណខ្មែរត្រឡប់មកវិញនាពេលថ្មីៗនេះពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសអាចប្រាប់យើងបានថាតើយើងអាចទៅរករបស់ទាំងនេះឃើញនៅទីណា។ ការដាក់លក់ដេញថ្លៃជាសាធារណៈនូវវត្ថុបុរាណខ្មែរនៅតែកើតមាននាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា វត្ថុសិល្បៈខ្លះគ្រាន់តែជាការរបស់ចម្លងប៉ុណ្ណោះ»។
បើតាមលោក Brouwer ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិផ្សេងៗ ទើបមានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរទាំងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
លោកនិយាយថា៖ «កិច្ចប្រឹងប្រែងមិនងាក់រេរបស់កម្ពុជានិងជោគជ័យជាច្រើនគឺជាឧទាហរណ៍សម្រាប់ប្រទេសផ្សេងទៀតដែលព្យាយាមបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចត្រូវឡប់ទៅប្រទេសពួកគេវិញ»។
យ៉ាងណាក៏ដោយ សម្រាប់កម្ពុជា លោកថានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីស្ដារឡើងវិញនូវអ្វីដែលបានបាត់បង់ក្នុងអំឡុងពេលដ៏ខ្មៅងងឹត ហើយលោកមើលឃើញថាមានសញ្ញាវិជ្ជមានសម្រាប់កិច្ចការនេះ៕