ទ្រព្យសម្បត្តិមានតម្លៃរាប់លានដុល្លារដែលសង្ស័យថា ជាផលនៃបទល្មើសគ្រឿងញៀន រួមជាមួយនឹងប្រាក់សុទ្ធ ៣០ម៉ឺនដុល្លារ ត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយកាលពីសប្ដាហ៍មុន។
នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសាថា សមត្ថកិច្ចមកពីមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនមួយដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់នៅទីតាំងចំនួន ៥ផ្សេងៗគ្នាក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៤ ខែមេសាសប្ដាហ៍មុន។
ក្នុងចំណោមជនសង្ស័យទាំង ៦នាក់ដែលសុទ្ធតែជាជនជាតិខ្មែរ មាន ៤នាក់ជាស្ត្រី ដោយមានឈ្មោះ លី ប៊ុនមីន ភេទប្រុស ជាមេខ្លោង ហើយក៏មានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនពីតុលាការផងដែរ។
ជនសង្ស័យផ្សេងទៀតមានឈ្មោះ ប៊ុន ណាវី (ស្រី), លី មីង (ប្រុស), ប៊ុន ម៉ាលីស (ស្រី), ស៊ុយ ឆេងឡាង (ស្រី) និង កេះ ស្រីពេញ (ស្រី)។
មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យករួមមានមេតំហ្វេតាមីន (ICE) ជាង ១៥៨គីឡូក្រាម, កេតាមីន (Ketamine) ជាង ២២គីឡូក្រាម និង ហេរ៉ូអ៊ីនជាង ៧គីឡូក្រាម ដែលសរុបទាំងអស់មានទម្ងន់ជាង ១៨៨គីឡូក្រាម។
មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា៖«[សមត្ថកិច្ច] ចាប់យកទ្រព្យសម្បត្តិដែលសង្ស័យថាជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមានសាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក និងអចលនទ្រព្យ រថយន្ត គណនីធនាគារ មានតម្លៃប្រមាណរាប់លានដុល្លារអាមេរិក»។
សមត្ថិកិច្ចបានបញ្ជូនវត្ថុតាងដែលបានចាប់យក និងជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តទៅតាមនីតិវិធី៕