មេដឹកនាំប្រទេសកម្ពុជានិងអ្នកប្រវត្តិសាស្ត្រនិយាយថា ការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បង្ហាញស្មារតីជាតិនិយមក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល មិនថាអ្នកមាននិន្នាការគាំទ្រក្រុមប្រឆាំង ឬគាំទ្ររដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រដូច «ព្រែកជីកហ្វូណនតេជោ» ទៅនឹងព្រែកជីកជាតិនិយម ដោយលោកថា សូម្បីតែអ្នកដែលមាននិន្នាការប្រឆាំងក៏ងាកមកបង្ហាញការគាំទ្រគម្រោងនេះដែរ។ ប៉ុន្តែលោកថា មានតែអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ទេដែលប្រឆាំងនឹងគម្រោងនេះ។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ដែលរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមេសានេះ លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «សូម្បីអ្នកមាននិន្នាការប្រឆាំង វាយប្រហារខ្ញុំមួយចំនួនក៏គាំទ្រគម្រោងនេះ បានន័យថាគេយល់ពីផលប្រយោជន៍ជាតិ។ យើងត្រូវគិតថា អ្វីដែលបានគឺបានទាំងអស់គ្នា។ កុំខ្លាចថាអ្នកណាធ្វើ កុំខ្លាចថាសម្ដេចតេជោ ឬខ្ញុំឬរដ្ឋាភិបាលបានក្រេឌិត (បានឈ្មោះ)។ យើងត្រូវគិតថា គម្រោងនេះបានផលប្រយោជន៍ទាំងអស់គ្នា តកូនតចៅទៅមុខ»។
លោក ហ៊ុន ម៉ាណែត បង្ហាញការរីករាយនៅពេលដែលពលរដ្ឋគ្រប់និន្នាការបង្ហាញស្មារតីរួមគ្នាកសាងសមិទ្ធិផលថ្មីសម្រាប់មនុស្សជំនាក់ក្រោយ។
លោកបញ្ជាក់ថា៖ «កម្លាំងដ៏មហិមានេះហើយគឺជាកម្លាំងជាតិនិយមធំណាស់។ កម្លាំងជាតិនិយមដែលរួមគ្នាធ្វើដើម្បីផលប្រយោជន៍ជាតិ ឯករាជ្យជាតិ និងភាពម្ចាស់ការរបស់យើងតកូនតចៅរាប់ឆ្នាំ គឺជាកម្លាំងធំរូចណាស់ទៅហើយ»។
លោកក៏បានប្រាប់ទៅសារធាណជនផងដែរថា រដ្ឋភិបាលនឹងមិនបង្កើតមូលនិធិរៃអង្គាសថវិកាសម្រាប់គម្រោងនេះទេ ហើយលោកក៏ហាមមិនឲ្យមានការបង្កើតគម្រោងបែបនេះពីសំណាក់បុគ្គលណាមួយដែរ ព្រោះជនឆ្លៀតឱកាសអាចយកបញ្ហានេះដើម្បីប្រព្រឹត្តអំពើឆបោក។
បើតាមលោកនាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនសាងសង់ត្រូវបានធ្វើរួចហើយកាលពីឆ្នាំមុននៅប្រទេសចិន ហើយប្រហែលជានៅខែសីហាខាងមុខនេះ ក៏នឹងមានការចុះហត្ថលេខាជាមួយក្រុមហ៊ុនដើម្បីឈានទៅដល់ការចាប់ផ្ដើមសាងសង់ព្រែកជីកនេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥។
ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រនេះ គ្រោងនឹងត្រូវចំណាយថវិកា ១,៧ ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ទោះបីជាគម្រោងនេះក្នុងករណីណាមួយមិនអាចបញ្ចប់បានតាមរយៈការវិនិយោគពីបរទេស ក៏រដ្ឋាភិបាលនឹងត្រូវចេញឲ្យបាន។
លោកបញ្ជាក់ថា៖ «វាមិនមែនជាផលប្រយោជន៍សម្រាប់ត្រកូលហ៊ុនទេ ប៉ុន្តែត្រកូលហ៊ុនគ្រាន់តែជាអ្នកបានចូលរួមក្នុងការផ្ដួចផ្ដើមនិងធ្វើការងារនេះ។ សម្ដេចតេជោបានផ្ដួចផ្ដើមនូវគំនិតនេះ ឥឡូវខ្ញុំនឹងបន្តដើម្បីឲ្យគម្រោងនេះចេញជារូបរាងជូនប្រជាពលរដ្ឋយើង»។
លោកនាយករដ្ឋមន្ត្រីក៏បានចោទសួរទៅប្រទេសមួយចំនួនដែលវិភាគរិះគន់ទៅលើការអះអាងថាមានផលប៉ះពាល់ផ្នែកបរិស្ថាន និងផ្នែកភូមិសាស្ត្រនយោបាយ។ មួយវិញទៀតលោកថា ក្នុងករណីព្រែកជីកនេះក្លាយជាបណ្ដាសារ គឺលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរូបលោកផ្ទាល់នឹងត្រូវជាប់ឈ្មោះជាអ្នកទទួលខុសត្រូវសម្រាប់គម្រោងជាប្រវត្តិសាស្ត្រនេះ។
លោកនិយាយថា៖ «ខ្ញុំចេះតែឆ្ងល់ កម្ពុជាហេតុអ្វីបានជាប្រទេសពិសេសម្លេះ? ប្រទេសផ្សេងនៅតាមដងទន្លេមេគង្គគេធ្វើប្រឡាយ គេធ្វើទំនប់ គេធ្វើវារីអគ្គិសនី គ្មានពីណាចាប់អារម្មណ៍ខ្លាំង។ ស្រាប់តែកម្ពុជាគ្រាន់តែធ្វើព្រែកមួយនៅដៃទន្លេក៏គេសួរ ហើយគេចង់ហៅទៅសួរចម្លើយ។ កាសែតមួយៗថា កម្ពុជាត្រូវតែឆ្លើយអ្នកនេះ ឆ្លើយអ្នកនោះ។ អត់ទេ សិទ្ធិស្របច្បាប់របស់កម្ពុជា។ ដើម្បីផលប្រយោជន៍របស់កម្ពុជា យើងត្រូវតែធ្វើ»។
ពាក់ព័ន្ធនឹងកង្វល់ដែលធ្វើឲ្យបាត់ទឹកទន្លេមេគង្គហូរទៅប្រទេសវៀតណាម លោកនិយាយថា ទឹកប្រមាណតែ ០,០៦ ភាគរយប៉ុណ្ណោះពីទន្លេមេគង្គនឹងត្រូវហូរចូលក្នុងព្រែកនេះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះគឺជាការបិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា។
លោកលើកឡើងនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែមសានេះថា៖ «សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង»។
លោកបន្តថា៖ «ចលនាជាតិនេះកំពុងដាក់ឲ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ»។
លោក ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា ការគាំទ្រយ៉ាងផុសផុលរបស់ប្រជាជនកម្ពុជាសម្រាប់គម្រោងនេះ គឺដោយសារតែការយល់ឃើញអំពីផលប្រយោជន៍ដ៏មហិមានៃព្រែកជីកនេះ។
លោកថា៖ «ប្រជាជនគាត់យល់អំពីគម្រោងនេះ និងយល់ថាវាបម្រើឲ្យផលប្រយោជន៍របស់កម្ពុជាដែលធ្វើឲ្យកម្ពុជាកាន់តែឯករាជ្យ»។
លោកថា ក្រៅពីគម្រោងព្រែកជីកនេះ ពលរដ្ឋកម្ពុជាក៏ធ្លាប់បានបង្ហាញការគាំទ្រទៅលើគម្រោងធំៗមួយចំនួនទៀតដូចជាព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងនៅភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «គម្រោងព្រែកជីកហ្វូណនគឺជាការរួមចំណែកមួយដើម្បីរុញបន្តការរីកចម្រើរបស់កម្ពុជាស្របជាមួយនឹងគម្រោងផ្សេងទៀតដើម្បីឲ្យកម្ពុជាអាចក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
លោ ឆាយ បូរ៉ា អ្នកជំនាញកិច្ចការទំនាក់ទំនងវិស័យឯកជនជាមួយរដ្ឋាភិបាល និង គោលនយោបាយសាធារណៈ បានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាអាចនឹងរត់ក្នុងល្បឿនគុណនឹងពីរឬបីដងនៃល្បឿនកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ លើសពីនេះ ប្រជាកសិករកម្ពុជានឹងលែងពឹងទាំងស្រុងក្នុងការលក់ផលិតផលកសិកម្មទៅឲ្យឈ្មួញវៀតណាមដែលតែងតែធ្វើព្យុះភ្លៀងជាញឹកញាប់តាមរយៈការផ្ដល់តម្លៃទាប។
លោកនិយាយថា៖ «ពេលនោះ សេដ្ឋកិច្ចកម្ពុជានឹងឈរត្រដែតនៅលើផែនទីពិភពលោកជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និរន្តភាពនិងមានភាពធន់មួយនៅលើពិភពលោក»។
ដោយឈរលើផលប្រយោជន៍ដ៏ធំនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពន្លឿននូវការកសាង និងស្តារឡើងវិញនូវព្រែកជីកហ្វូណនបុរាណដែលមានទីតាំងភូមិសាស្ត្រនៅក្នុងទឹកដីរបស់កម្ពុជាដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង។ នេះជាការបញ្ជាក់របស់លោក បូរ៉ា៕