ក្រសួងអប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​សាលារៀន​ប្ដូរ​ម៉ោង​សិក្សា ដោយ​បញ្ចប់​នៅ​ម៉ោង ១០​ព្រឹក និង​ចាប់​ផ្ដើម​ម៉ោង ២ រសៀលវិញ ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ដែល​នៅ​តំបន់​ខ្លះឡើង​លើស​ពី ៤០​អង្សាសេ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​៣០ ខែ​មេសា​នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំបញ្ជាក់​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​កើត​មាន​ចន្លោះ​ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ២ រសៀល។ ដូច្នេះ លោក​អនុញ្ញាត​ឲ្យ​សាលារៀន​ប្ដូរ​ម៉ោង​សិក្សា​ពី​ម៉ោង ៧ព្រឹក​ដល់​ម៉ោង ១១ ឬ ១២ មក​នៅ​ត្រឹម​ម៉ោង ១០​ព្រឹក ខណៈ​ដែល​ពេល​រសៀល សាលា​អាច​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រៀល ដែល​ពី​មុន​ចាប់​ផ្ដើម​នៅម៉ោង ១​រសៀល។

ការ​ផ្ដាស់ប្តូរ​ម៉ោង​សិក្សានេះ គឺ​ដើម្បី​បង្ការ​ទប់​ស្កាត់​ហានិភ័យ និង ចៀសវាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស និង ការ​បំពេញ​ការងារ​របស់​លោកគ្រូ អ្នកគ្រូ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក។

លោក​បន្ថែម​ថា ក្នុង​មួយ​ម៉ោង​សិក្សា លោកគ្រូ អ្នកគ្រូ ត្រូវ​ឲ្យ​សិស្ស​ឈប់​សម្រាក​រយៈពេល ១៥ នាទី។ 

លើសពីនេះ ក្រសួង​ប្រាប់​ឲ្យ​គ្រឹះស្ថាន​សិក្សា​ត្រៀម​ទឹក​សម្រាប់​គ្រូ​បង្រៀន និង សិស្ស​ប្រើប្រាស់ និងណែនាំ​សិស្ស​ឲ្យ​យក​ទឹក​ឆ្អិន​ពី​ផ្ទះមក​ទទួលទាន។

លោក ហង់ជួន ណារ៉ុន បញ្ជាក់​ដូច្នេះថា៖ «ក្នុង​ករណី​សីតុណ្ហភាព​ឡើងខ្លាំង​លើស​ពី​ការ​គ្រប់គ្រង គ្រឹះស្ថាន​សិក្សា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជាក់ស្តែង»។

គោលការណ៍​នេះ​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ពេល​រដូវក្តៅ​បាន​កន្លង​ផុតទៅ៕