ភ្នំពេញ: ជនជាតិចិន សញ្ជាតិខ្មែរពីរនាក់ ដែលត្រូវបានតុលាការសិង្ហបុរីបណ្ដេញចេញពីប្រទេសមកកាន់កម្ពុជាកាលពីថ្ងៃទី ៦ ខែឧសភា ហាក់មិនត្រូវបានរំខានដោយអាជ្ញាធរខ្មែរនោះទេ។
លោក Su Wenqiang និង Wang Baosen អាយុ ៣២ ឆ្នាំទាំងពីរនាក់ ត្រូវបានកាត់ជាប់ពន្ធនាគាររយៈពេល ១៣ ខែដូចគ្នា ពីបទទាក់ទងនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ដ៏ធំក្នុងចំនួនសាច់ប្រាក់ និងទ្រព្យសម្បត្តិជាង ៣ ពាន់លានដុល្លារក្នុងចំណោមបក្ខពួក ១០ នាក់ផ្សេងទៀត។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «តាមដឹង មានករណីចិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅកម្ពុជា ត្រូវបានបញ្ជូនទៅកាត់ទោសនៅស្រុកចិន។ អ្នកដែលកាន់លិខិតឆ្លងដែនខ្មែរ មានសញ្ជាតិខ្មែរ ជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងករណីកិច្ចដូចចែងក្នុងរដ្ឋធម្មនុញ្ញ»។
លោក Wenqiang បានទទួលស្គាល់ថាមានសាច់ប្រាក់ជាង ៦០ ម៉ឺនដុល្លារពីការលេងល្បែងអនឡាញខុសច្បាប់ និងប្រើប្រាស់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារដើម្បីទិញរថយន្ត។
ចំណែកឯលោក Baosen រងនូវការចោទប្រកាន់ស្រដៀងគ្នា រួមទាំងការកុហកអំពីប្រភពនៃមូលនិធិ និងស្ថានភាពការងាររបស់លោកនៅក្នុងប្រទេសសិង្ហបុរី។
លោក Wenqiang បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ខណៈលោក Baosen មានទាំងលិខិតឆ្លងដែនកម្ពុជា ចិន និងវ៉ានូអាទូ ថែមទៀត។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានថ្លែងថា មិនថា ពួកគេជាជនជាតិណា ឬមានសញ្ជាតិណានោះទេ នៅពេលប្រព្រឹត្ដិបទល្មើស ពួកគេត្រូវមានទោសដូចគ្នា ទៅតាមសេចក្ដីសម្រេចរបស់តុលាការរបស់ប្រទេសនោះ ដែលបានបញ្ញត្ដិនៅក្នុងច្បាប់របស់ខ្លួន។
យ៉ាងណាមិញ ដោយផ្ដោតសំខាន់លើការខូចមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ លោក ម៉ុងហៃ បានលើកឡើងថា ទោះបីជាលោកទទួលស្គាល់ថា កម្ពុជាមានបែបបទតឹងតែងចំពោះការផ្ដល់សញ្ជាតិខ្មែរយ៉ាងណាក៏ដោយ ក៏បញ្ហាស្ថិតត្រង់ថា វិនិយោគទុនបរទេសអាចទទួលបានសញ្ជាតិ ពេលពួកគេធ្វើការវិនិយោគនៅក្នុងស្រុកខ្មែរដល់កម្រិតទឹកប្រាក់ណាមួយដែលបានកំណត់។
លោកបន្ដថា៖ «ខ្ញុំស្នើថា អធិការកិច្ចក្រសួងមហាផ្ទៃ គួរធ្វើអធិការកិច្ចទៅលើការផ្តល់សញ្ជាតិខ្មែរទៅជនបរទេសជារឿយៗ។ តំណាងរាស្ត្រក៏គួរសកម្មកោះហៅរដ្ឋមន្ត្រីទៅសាកសួរអំពីការផ្តល់សញ្ជាតិខ្មែរជារឿយៗផងដែរ ជាពិសេសនៅពេលដែលអ្នកចូលសញ្ជាតិរំលោភបំពានច្បាប់ដូចករណីលើកឡើងនេះ ឬពេលដែលចូលសញ្ជាតិរំលោភបំពានសីលធម៌ខ្មែរធ្ងន់ធ្ងរ ដែលនាំឱ្យមតិមហាជនទិះតៀន ឬប្រឆាំងខ្លាំង»។
អ្នកវិភាគនយោបាយ ម៉ុងហៃ បានឱ្យដឹងថា លោកក៏សុំស្នើឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់នូវបែបបទនៃការផ្តល់សញ្ជាតិខ្មែរ និងកុំឱ្យមានការផ្តល់សញ្ជាតិខ្មែរស្រេចនឹងចិត្ត។
ឆ្លើយចម្ងល់ដែលមហាជនងឿងឆ្ងល់ថា តើជនជាតិចិន សញ្ជាតិខ្មែរទាំងពីរនាក់នឹងរងនូវការចោទប្រកាន់ ឬស៊ើបអង្កេតបន្ដចំពោះការជាប់ពាក់ព័ន្ធលាងលុយកង្វក់ លោក សុឃៈ បានឱ្យដឹងថា បើយោងតាមច្បាប់ និតិវិធីព្រហ្មទណ្ឌ ក៏ដូចជាជំនាញ និងការគ្រប់គ្រងបទល្មើស ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយសម្ងាត់។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដូច្នេះ ខ្ញុំចង់បញ្ជាក់ថា យើងមិនអាចប្រកាសបើកការស៊ើបអង្កេតលើករណីនេះ ឬលើករណីនោះទេ។ យើងរក្សាការសម្ងាត់ ទុកឱ្យអ្នកជំនាញ និងសមត្ថភាពធ្វើការងារបន្ដ»។
យ៉ាងណាមិញ លោក ម៉ុងហៃ បានបញ្ជាក់ថា៖ «ចំពោះរឿងចោទប្រកាន់នេះ បើអាជ្ញាធរសិង្ហបុរីសហការហើយផ្តល់សំណុំរឿងទាំងអស់ អាជ្ញាធរខ្មែរត្រូវចាប់ជនទាំងនោះទៅតុលាការកាត់ទោសតាមច្បាប់។ ពុំនោះទេ ខ្មែរនឹងមានឈ្មោះអាក្រក់ ជាប្រភពនៃឧក្រិដ្ឋកម្មលើផ្ទៃអន្តរជាតិ»។
គួរបញ្ជាក់ថា សាលាដំបូងខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្កើតក្រុមការងារជំនាញដែលនឹងសម្របសម្រួលដំណើរការគ្រប់ករណីពាក់ព័ន្ធការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកើតឡើងក្នុងខេត្ត។
យោងតាមសេចក្តីជូនដំណឹងថ្ងៃទី ២១ ខែកុម្ភៈ ក្រុមការងារមានសមាជិកចំនួន ១១ នាក់ ដែលមានលោក កោ វណ្ឌី ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា សៀង សុខ ជាសហប្រធាន។ តួនាទីរបស់ក្រុមនេះ គឺស្រាវជ្រាវ និងត្រួតពិនិត្យឯកសារផ្លូវច្បាប់ និងការណែនាំទាក់ទងនឹងការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕