ភ្នំពេញៈ ក្រសួងបរិស្ថានគ្រោងនឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃពុធទី១៥ ខែឧសភានេះ ដើម្បីបំផុសចលនាសម្អាតបរិស្ថានរយៈពេល ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ នៅទូទាំងប្រទេស និង យុទ្ធនាការចែកកូនឈើ «ពន្លកបៃតង» នៅខែកក្កដា ខាងមុខនេះ។
យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្តថ្មីមួយទៀត ដែលដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និង ប្រជាជនជាង ៨លាន អង្គ/នាក់ហើយនៅទូទាំងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «នេះសបញ្ជាក់ថា កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈហើយ។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យទទួលបានជោគជ័យមួយកម្រិតទៀត ក្រសួងបរិស្ថាន កំណត់យកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបើកយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន» ។ នេះបើយោងតាមក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការជំហានទី២ បន្ទាប់ពីយុទ្ធនាការជំហានទី១«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ ដែលមានពលរដ្ឋជាងកន្លះប្រទេសបានចូលរួម។
លោកបានបញ្ជាក់ថា៖ «អញ្ជឹងយើងចង់ឱ្យភូមិ១ ឃុំ១ ស្រុក១ និងខេត្ត១ គាត់នាំពលរដ្ឋគាត់រើសសំរាមតាមទីសាធារណ តាមផ្ទះ ដើម្បីឱ្យមូលដ្ឋានរបស់គាត់ស្អាត គ្មានសំរាម គ្មានប្លាស្ទិកបន្តិចៗម្តងៗ ក្នុងរយៈពេលតែ១៥នាទីទេ រៀងរាល់ថ្ងៃសៅរ៍»។
បើទោះបីជាមិនទាន់ប្រកាសជាផ្លូវការ ពលរដ្ឋរាប់ពាន់នាក់ក្នុងតំបន់មួយចំនួនបានចូលរួមរួចទៅហើយក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ ដោយសំរាមរាប់តោនត្រូវបានរើស។ ជាក់ស្តែង ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងយុវជនចំនួន ១ ៦០០នាក់ នៅឃុំមៀន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចេញទៅសម្អាតអនាម័យនៅជុំវិញផ្ទះ នៅតាមសាលារៀន វត្តអារាម និងមូលដ្ឋានទាំង ១៤ភូមិ។ សំរាមសំណល់ប្លាស្តិកប្រមាណជា ២តោនត្រូវបានប្រមូល។
នាពេលបច្ចុប្បន្ននេះ ថង់ប្លាស្ទិក ប្រមាណ ១០ លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ ០០០ថង់ក្នុងមួយឆ្នាំ។ នេះបើយោងតាមអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា។
បន្ថែមលើយុទ្ធនាការនេះ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក៏នឹងត្រូវរៀបចំឡើងផងដែរនៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និង ទីតាំងឯកជននានាដោយឥតគិតថ្លៃជាង ១លានដើម។
យុទ្ធនាការ «ពន្លកបៃតង» ចាប់ផ្តើមពីកុមារចូលរួមដាំឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងដើម្បីអព្យាក្រឹតកាបូននៃកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាពេលអនាគត មានបំណងស្នើឱ្យមានសិស្សានុសិស្ស ១លាននាក់ កាន់កូនឈើ ១លានដើម ហើយដាំក្នុងពេលតែមួយ។
លោកថ្លែងថា៖«វាជាក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមធ្វើឱ្យបាន។ នៅពេលដែលយើងធ្វើបាន មួយថ្ងៃសិស្សានុសិស្ស ១លាននាក់ចេញដាំដើមឈើ ១លានដើម ខ្ញុំនឹងរុញ ១ថ្ងៃទៅ ២លាននាក់ ទៅ ៣លាននាក់ ខ្ញុំជឿថាធ្វើបាន មិនពិបាកទេ»។
លោករដ្ឋមន្រ្តីបានចោទជាសំណួរថា ហេតុអ្វីយុទ្ធនាការនេះត្រូវធ្វើជាមួយសិស្សានុសិស្ស ឬជាមួយក្មេងៗដូច្នេះ?
លោកបានពន្យល់ថា៖«ធ្វើហ្នឹង ដើម្បីបណ្តុះផ្នត់គំនិត នៃភាពបៃតង នៃភាពស្អាត ដល់អ្នកជំនាន់ក្រោយរបស់យើង។ បើគាត់ស្រលាញ់កូនឈើពីតូចទៅហើយ បើគាត់ស្អាតពីតូចទៅហើយ នៅពេលគាត់មានគ្រួសារ មានកូន មានចៅ កូនគាត់ក៏ស្អាត ចៅគាត់ក៏ស្អាតដូចគ្នា។ បើគាត់បៃតងពីតូចទៅហើយ ពេលគាត់មានគ្រួសារ គ្រួសារគាត់ក៏បៃតង កូន និងចៅគាត់ក៏បៃតង»។
លោកលើកជាឧទាហរណ៍ថា បើសិនជាលោកដាំដើមឈើបាន១ដើម។ ពេលឈើនោះធំទៅ លោកប្រាប់កូនលោកថា ដើមឈើនោះលោកជាអ្នកដាំ នោះលោកជឿជាក់ថាកូនរបស់លោក នឹងមិនកាប់ដើមឈើនោះទេ ហើយថែមទាំងមើលថែទាំដើមឈើនោះទៀតផង។
លោកបានមានប្រសាសន៍ដូច្នេះថា៖ «ផ្ទុយទៅវិញ បើសិស្សានុសិស្ស ក្មេងៗ ដាំដើមឈើពីតូចទៅ ពេលគាត់ធំដឹងក្តីឡើង ដើមឈើគាត់ធំ ខ្ញុំជឿថា គាត់អត់កាប់ទេ។ គាត់មានតែថែដើមឈើហ្នឹង ហើយគាត់នឹងស្រលាញ់ដើមឈើហ្នឹងកាន់តែខ្លាំងថែមទៀត។ អញ្ជឹងទេ អ្វីដែលយើងធ្វើនេះគឺបណ្តុះពន្លកបៃតង ពន្លកនៃភាពស្អាត ដើម្បីឈានឆ្ពោះកម្ពុជាឆ្នាំ ២០៥០ កម្ពុជាស្អាត កម្ពុជាបៃតង»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមមានសុទិដ្ឋិនិយមថា យុទ្ធនាការក្រោយៗនេះ នឹងកាន់តែមានភាពជោគជ័យជាងយុទ្ធនាការមុនៗទៅទៀត ដោយសារ តែពលរដ្ឋមានការយល់ដឹងពីបញ្ហាបរិស្ថានរួចទៅហើយ។
លោក ជុំ ហួត បានថ្លែងថា៖«យុទ្ធនាការទាំងនេះគឺបង្ហាញពីឆន្ទះ បេះដូងពលរដ្ឋចូលរួមដោយភាពស្ម័គ្រត្រង់ ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួននោះទេ ដោយសារតែគោលនយោបាយរដ្ឋាភិបាល។ យុទ្ធនាការទាំងនេះមានការគាំទ្រជាច្រើនយ៉ាងទូលំទូលាយ»៕