ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិឱ្យខិតខំបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋ «ដោយភក្ដីភាព»។
ក្នុងសារលិខិតរំឭកខួបលើកទី៧៩ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា លោក ថ្លែងថា សភាពការណ៍ពិភពលោកដែលបត់បែនប្រកបដោយហានិភ័យកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងឧត្ដមភាពយោធា សង្គ្រាមនៅតាមតំបន់ ជម្លោះជាតិសាសន៍ ក៏ដូចជានិន្នាការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននាំឱ្យកម្ពុជាមិនអាចមើលរំលងចំពោះឥទ្ធិពលអវិជ្ជមានទាំងនោះ។
លោក ស សុខាបន្តថា៖ «បញ្ហា [ពិភពលោក] មួយចំនួនដែលមិនទាន់ដោះស្រាយពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនាពេលកន្លងមកជាហេតុធ្វើឱ្យសភាពការណ៍នាពេលខាងមុខអាចនឹងលេចឡើងនូវហានិភ័យមួយចំនួនមិនអាចប៉ាន់ស្មានបាន ដែលទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញ ភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព»។
ក្នុងសារលិខិតដែលផ្សព្វផ្សាយនាថ្ងៃទី១២ ខែឧសភា លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កងកម្លាំងនគរបាលទាំងអស់នឹងបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។
លោក ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា នៅឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខពិភពលោកមានការប្រែប្រួល ស្មុគស្មាញ និងជះឥទ្ធិពលអវិជ្ជមានប៉ះពាល់ដល់ប្រទេសជាច្រើនទាំងក្នុង និងក្រៅតំបន់ ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ «សុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង»។
លោកបន្ថែមថា បណ្ដាគោលដៅនយោបាយ ការទូត វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូជាតិ អន្តរជាតិ ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ និងសកម្មភាពជីវភាពសង្គម បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។
លោក ស សុខា បន្ថែមថា ទាំងនេះធ្វើឱ្យកម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំថែមទៀតក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព និងជាការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងបានឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការពង្រឹងវិស័យសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង «មិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិ» របស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៣ ឧសភា ថា នគរបាលជាតិគួរធ្វើការប្រកបដោយមនសិការ និងវិជ្ជាជីវៈដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាល្អពីរាជរដ្ឋាភិបាល។ ការប្រព្រឹត្តខុសឆ្គង ឬការកេងចំណេញដោយហេតុណាមួយរបស់មន្ត្រីនគរបាលគឺជារឿងបុគ្គល ក៏ប៉ុន្តែប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋគិតថានេះជារដ្ឋាភិបាល។
លោកបន្ថែមថា៖ «អ៊ីចឹងអ្នកប្រព្រឹត្តគឺបុគ្គលដើម្បីផលប្រយោជន៍បុគ្គលទេ ក៏ប៉ុន្តែជះឥទ្ធិពលទៅដល់រដ្ឋាភិបាល។ អ៊ីចឹង ខ្ញុំយល់ឃើញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមានប្រសាសន៍ លោកណែនាំអីហ្នឹងត្រឹមត្រូវហើយ ប៉ុន្តែសូមឱ្យតាមដានការអនុវត្តហ្នឹងឱ្យប្រាកដប្រជា ថាតើគាត់អនុវត្តហ្នឹងប្រកបដោយមនសិការ និងវិជ្ជាជីវៈហ្នឹងមែនពិតប្រាកដដែរអត់? ហើយការរទូរទាំរបស់ប្រជាពលរដ្ឋហ្នឹងមានអ៊ីចឹងមែនអត់? យើងគួរតែពិនិត្យតាមដានមើល ស្ដាប់ប្រជាពលរដ្ឋ អានសាររបស់ប្រជាពលរដ្ឋជាធាតុចូលសម្រាប់ការកែលម្អដល់ការផ្ដល់សេវាពីកងកម្លាំងនគរបាលហ្នឹងដើម្បីប្រទេសយើងមានសុខដុមរមនា»៕