ភ្នំពេញៈ លោក ណូ រដ្ឋា អាយុ ៣១ឆ្នាំ ដែលអះអាងថា បានចាញ់បោកគម្រោងប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា រហូតដល់ទៅជាង ២៣៥ ៥០០ដុល្លារអាមេរិកនោះ បានសម្តែងក្តីសង្ឃឹម និងរីករាយចំពោះកិច្ចអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធិពេញសមត្ថភាពដល់ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ឱ្យដឹកនាំរកដំដោះស្រាយជូនពលរដ្ឋ។
លោកបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តដែរ ដែលប្រមុខរដ្ឋាភិបាលចេញសេចក្តីប្រកាសអញ្ជឹង។ គាត់ក៏យកចិត្តទុកដាក់ជាមួយនឹងរឿងហ្នឹងដែរ។ ប៉ុន្តែ ក៏មិនដឹងថា ដំណោះស្រាយទៅមុខ វាបែបណា ហើយលឿន ឬឆាប់ ក៏មិនទាន់ដឹងដែរ។ វាស្មុគស្មាញ ព្រោះក្រុមហ៊ុននេះបោកជាប្រព័ន្ធ ហើយទំហំទឹកលុយវាច្រើន និងអ្នករងគ្រោះក៏វាច្រើនទៀត»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា បានផ្តល់សិទ្ធិពេញសមត្ថភាពជូនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចជា មេធាវីតំណាង ការពារសិទ្ធិ និង ផលប្រយោជន៍ជូនពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក នៅតាមគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និង សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ»។
លោកនាយករដ្ឋមន្រ្តីក៏បានប្រសាសន៍ផងដែរថា ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាបនោះ នៅអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៤ លោកបានប្រគល់ភារកិច្ចជូនលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និង ក្រុមជំនួយការច្បាប់របស់លោកដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និង ទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជា គម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ គម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។
ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ នៅថ្ងៃទី១២ មីនា ២០១៤ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និង ឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។
ជាមួយគ្នានេះ នៅថ្ងៃទី១៣ មីនា ២០២៤ ប្រមុខរដ្ឋាភិបាលក៏បានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា។ នៅថ្ងៃទី១៤ មីនា ២០២៤ ព្រះរាជក្រឹត្យក៏បានចេញបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា។
លោក ណូ រដ្ឋា បានអះអាងថា ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះមានរហូតដល់ទៅ១២ ១០០នាក់ឯនោះ ដែលមានទឹកប្រាក់ជិត ៣០០ លានដុល្លារអាមេរិក។ អ្នកចាញ់បោកភាគច្រើនជាពលរដ្ឋរស់នៅក្នុងប្រទេស និង អ្នកខ្លះទៀតជាពលករទៅធ្វើការនៅបរទេស ដូចជានៅប្រទេស កូរ៉េខាងត្បូង ជប៉ុន និង ម៉ាឡេស៊ី ជាដើម។ ក្នុងចំណោមទឹកប្រាក់ដែលលោកបានចាញ់បោកនោះ លោកបានចងការប្រាក់ពីធនាគារក្នុងស្រុកជាង ១០ម៉ឺនដុល្លារឯនោះ ហើយនាពេលបច្ចុប្បនេះ លោកកំពុងតែជួបការលំបាកខ្លាំងណាស់ ក្នុងការប្រាក់សងទៅធនាគារវិញ។
រដ្ឋា បានអះអាងថា៖ «ឥឡូវកំពុងតែមានវិបត្តិបំណុលធនាគារវ័ណ្នកតែម្តង ព្រោះអីធនាគារច្រើន ហើយអស់លទ្ធភាពក្នុងការបង់ ហើយនឹងប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង។ ដំបូងឡើយ ទទួលបានការប្រាក់ ទើបតែចាប់ពីខែ៧ ឆ្នាំ ២០២៣ មក ក្រុមហ៊ុនលែងបើកការប្រាក់ឱ្យ។ ពេលហ្នឹងទើបដឹងថា ចាញ់បោកគេហើយ»។
លោកបានបន្ថែមថា ទឹកប្រាក់ជាង ២៣ម៉ឺនដុល្លារនោះ គឺមិនទាន់គិតទាំងប្រាក់របស់ម្តាយ និងប្អូនរបស់លោកផង ហើយជារៀងរាល់ខែ ពួកគេត្រូវបង់ធនាគារជាង ៥ពាន់ដុល្លារឯនោះ។ ក្នុងនោះ ចំណែកលោកត្រូវបង់មានជាង ២ពាន់ដុល្លារ។
លោក រដ្ឋា បានដាក់ប្រាក់វិនិយោគជាមួយនឹងក្រុមហ៊ុននេះជាបន្តបន្ទាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ ក្នុងពេលដែលលោកកំពុងតែធ្វើការជាពលករនៅរោងចក្រទឹកកកមួយក្នុងប្រទេស កូរ៉េខាងត្បូង។
លោកបានលើកឡើងថា ការដែលហ៊ានដាក់ប្រាក់វិនិយោគដ៏ច្រើននេះ គឺដោយសារតែលោកមានទំនុកចិត្តលើក្រុមហ៊ុន តាមរយៈការណែនាំរបស់មិត្តភក្តិដែលកាលនោះលោកមិនបានគិតទៅដល់រឿងចាញ់ឆបោកនោះទេ។
លោកបានបន្តថា លោក និងជនរងគ្រោះផ្សេងទៀតបានដាក់ពាក្យបណ្តឹងរួមគ្នាទៅតុលាការខេត្ត ដើម្បីរកដំណោះស្រាយ និងសុំសំណងពីការបាត់បង់នោះមកវិញរួចហើយដែរ។
លោកថា៖ «ខ្ញុំចង់មានសំណងមកវិញ។ កាលពីមុនយើងចេះតែទាមទារឱ្យក្រុមហ៊ុន ឡេង ចាន់ណា ហ្នឹងចេញមុខដើម្បីដោះស្រាយ ព្រោះពួកយើងអត់មានលុយបង់ធនាគារ តែពួកគាត់ធ្វើមិនដឹងមិនឮ ដូចមិនមានរឿងអីកើតឡើង។ គាត់នៅបង្ហោះ ឡាញលក់ផលិតផលធម្មតា ខណៈយើងរងសម្ពោធគ្រប់បែបយ៉ាង។ យើងក៏ខ្ចីលុយគេ មកបង់ការប្រាក់ធនាគារដែរ។ ខ្ញុំអស់ពីខ្លួនរលីង ហើយអត់មានមុខរបរទេ»។
ពលរដ្ឋអាយុ ៤១ឆ្នាំម្នាក់នៅខេត្តសៀមរាបក៏បានអះអាងផងដែរថា លោកបានខ្ចីធនាគារចំនួន ២៥ ០០០ដុល្លារអាមេរិក ហើយបានយកទៅដាក់វិនិយោគជាមួយនឹងក្រុមហ៊ុនេះចំនួន ១៧ ៧០០ដុល្លារ កាលពីខែសីហា ឆ្នាំ ២០២២ ដោយទទួលបានការប្រាក់ចំនួន ៤ភាគរយ ក្នុង ១ខែ។
ទោះយ៉ាងណា លោកបានសម្តែងក្តីសង្ឃឹមកាន់តែច្រើនថា នឹងទទួលបានដំណោះស្រាយ និងសំណងមកវិញ ក្រោយពីមានកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលបែបនេះ។
លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។
ប្រមុខរដ្ឋាភិបាលបានស្នើឱ្យមេធាវីរាជរដ្ឋាភិបាល និង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ពលរដ្ឋ ដែលរងគ្រោះនៅក្នុងករណីនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបបានថ្លែងថា តុលាការអមសាលាដំបូងខេត្តនឹងធ្វើកិច្ចសហការជាមួយនឹងក្រុមការងារដែលចុះទៅដោះស្រាយលើករណីនេះ «មិនឱ្យមានការយឺតយ៉ាវនោះទេ»។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងសំណុំរឿងហ្នឹង ចៅក្រមកំពុងតែបន្តការស៊ើបសួរតែរហូតហ្នឹងឯង។ រឿងហ្នឹង យើងកំពុងតែដុតដៃដុតជើងធ្វើ»។
លោកបានឱ្យដឹងផងដែរថា តុលាការក៏បានសម្រេចបង្កកគណនីធនាគាររបស់ក្រុមហ៊ុនចំនួន ១៨៣ ផងដែរកាលពីខែមេសា កន្លងមក ប៉ុន្តែមានការបញ្ជាក់ពីទំហំទឹកប្រាក់នោះទេ។ រីឯចំនួនជនរងគ្រោះវិញ ក៏មិនទាន់ដឹងពីចំនួនច្បាស់លាស់នោះដែរ ដោយសារតែមានពលរដ្ឋទៅដាក់បណ្តឹងជាបន្តបន្ទាប់ ហើយករណីខ្លះកំពុងតែស្ថិតក្នុងដៃតំណាងអយ្យការ និងខ្លះទៀតនៅចៅក្រមស៊ើបសួរ។
លោកថា យ៉ាងហោចណាស់ មនុស្សពាក់ព័ន្ធ ៦ នាក់ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារក្នុងសំណុំរឿងនេះ។
កាលពីខែមីនា កន្លងមក អគ្គនាយិកាក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ រួមនឹងអគ្គនាយករង ២រូប លោក ផុន សាមាន អាយុ ៣១ឆ្នាំ និងលោក ចាន់ ឃីន អាយុ ៣០ឆ្នាំ ត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ បទ«សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
តុលាការក៏បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។ អ្នកពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវបានឃុំខ្លួន និងបង្គាប់ឱ្យចូលខ្លួនជាបន្តបន្ទាប់ផងដែរ។
លោក រដ្ឋា បានអះអាងថា ក្នុងចំណោមប្រធានក្រុមរបស់ក្រុមហ៊ុននេះចំនួន ២៥នាក់ មានតែ ៣នាក់ប៉ុណ្ណោះត្រូវឃុំខ្លួនរហូតមកដល់នឹងថ្ងៃទី១៥ ខែឧសភានេះ៕