ពោធិ៍សាត់ៈ ការដកហូតដីនៅតំបន់អន្ទង់អាំងភ្នំ ១៥០០ មិនមែនយកទៅពុះចែកគ្នានោះទេ ប៉ុន្តែគឺដើម្បីគោលដៅអភិរក្សក្នុងតំបន់ការពារ និងបម្រើប្រយោជន៍រួមរបស់សាធារណជនក្នុងវិស័យទេសចរណ៍។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោកកែវ រតនៈនាពេលថ្មីៗនេះ។
ភ្នំ១៥០០ ឬបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែង ត្រូវបានចាត់ទុកថា«ជាបេះដូងរបស់ខេត្តពោធិ៍សាត់់»ដែលមានទេសភាពធម្មជាតិល្អឯក ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ប៉ុន្តែពលរដ្ឋប្រមាណជា ៩៥ គ្រួសារកំពុងតែរស់នៅទីនោះដោយខុសច្បាប់។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដ៏ទទូចទាំងក្នុងខេត្តពោធិ៍សាត់ដ៏ច្រើនលើសលុប និង នៅក្នុងប្រទេសគ្រប់ច្រកល្ហកឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយ«រំដោះ» តំបន់អន្ទង់អាំងនោះ ប្រមុខរដ្ឋាភិបាលបានសម្រេចយកតំបន់អភិរក្សនេះមកវិញ ដើម្បីធ្វើកន្លែងសម្រាប់បម្រើប្រយោជន៍សាធារណៈ«តកូនតចៅទៅមុខ»។
លោករដ្ឋមន្រ្តីដែលជាប្រធានគណៈកម្មការអន្តរក្រសួងក្នុងការដោះស្រាយបញ្ហានេះបានមានប្រសាសន៍ថា៖ «ពលរដ្ឋសំណូមពរឱ្យជួយយកតំបន់នេះឱ្យទៅជាតំបន់បៃតងអញ្ជឹងវិញ។ អត់មានអ្នកណាមួយត្រូវយកមកចែកជាកម្មសិទ្ធឯកជនមួយៗនោះទេ....មិនមែនជាការដកហូតដើម្បីចែកគ្នាទេ គឺការដកហូតដើម្បីឱ្យបំពេញតាមគោលដៅដើមអភិរក្ស ហើយបម្រើផលប្រយោជន៍សាធារណៈ»។
តាមរយៈបទបង្ហាញរបស់លោករដ្ឋមន្រ្តីទៅកាន់អ្នកសារព័ត៌មានស្តីពីភ្នំ ១៥០០ បានឱ្យដឹងថា ភ្នំ ១៥០០ មានរាងដូចអន្ទង់អាំង ដែលមានប្រវែងជិត ១០ គីឡូម៉ែត្រនោះ ដំបូងឡើយ«គ្មានផ្ទះ១ខ្នងទេ» ហើយបើទោះបីជាផ្លូវកៅស៊ូនោះត្រូវបានធ្វើរួចហើយយ៉ាងណាក៏ដោយ ក៏មិនទាន់មានពលរដ្ឋណាម្នាក់បានចូលទៅរស់នៅនោះដែរ តែគឺជាតំបន់មានព្រៃបៃតងសុទ្ធសាធ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «មិនដែលមានការកាត់ខ្វៀលដោយរដ្ឋាភិបាលឱ្យអ្នកណាទេ ហើយអាជ្ញាធរដែនដីតាមរយៈសាលាខេត្ត និងមន្ទីរដែនដី បរិស្ថានខេត្តក៏មិនដែលចេញលិខិតស្នាមឱ្យពលរដ្ឋណាមួយឱ្យប្លង់ទៅបុគ្គណាមួយដើម្បីយកកន្លែងការពារនេះមកធ្វើកម្មសិទ្ធបុគ្គលឯកជននោះដែរ»។
លោកបានពន្យល់ថា ពលរដ្ឋជាង ៩០គ្រួសារ ដែលកំពុងតែរស់នៅទីនោះ ពុំមានអ្នកណាម្នាក់បង្ហាញថា ការកាន់កាប់នៅទីនោះ ជាការកាន់កាប់ស្របច្បាប់តាមនិតិវិធីច្បាប់នោះទេ។ ចំពោះអ្នកដែលអះអាងថា មានលិខិតស្នាមស្របច្បាប់នោះ គឺគ្រាន់តែជាការបញ្ចេញមតិ។ រីឯ លិខិតស្នាមដែលត្រូវបានបង្ហាញនោះ គឺជាលិខិតស្នាមទិញលក់តៗគ្នា ដែលមិនស្របច្បាប់នោះទេ។
បើទោះបីជា ការកាន់កាប់នោះមិនស្របច្បាប់យ៉ាងណាក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលបានចាត់ក្រុមការងារអន្តរក្រសួង ដែលមានលោកជាប្រធានសម្របសម្រួលជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយផងដែរ។ ប៉ុន្តែកន្លងមក មិនទាន់មានវិធានការបណ្តេញចេញដោយបង្ខិតបង្ខំនោះទេ គឺគ្រាន់តែជាការជួបប្រជុំ ដើម្បីពន្យល់ប្រាប់ពីផ្លូវច្បាប់ សំណូមពរ ផែនការបន្ត និង ការផ្លាស់ទីលំនៅតែប៉ុណ្ណោះ។
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និង ត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំងភ្នំ ១៥០០ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែឧសភា នៅក្រសួងរ៉ែ និងថាមពល។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំក្រុមការងារថ្នាក់ខេត្តចូលរួមកិច្ចប្រជុំ និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តជាប់រវល់មិនអាចមានប្រសាសន៍បានទេទាក់ទងទៅនឹងលទ្ធផលនៃកិច្ចប្រជុំនោះ៕