អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ដែលជាអ្នកផ្ដួចផ្ដើមគំនិតគម្រោងព្រែកជីកហ្វូនណតតេជោ បានផ្ដល់មតិឲ្យរាជរដ្ឋាភិបាលចាប់ផ្ដើមគម្រោងព្រែកជីហ្វូណនតេជោឲ្យបានឆាប់តាមតែអាចធ្វើបាន ដោយលោកថាមិនគួរ «យប់យូរសុបិនច្រើន»តទៅទៀតទេ។
លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងនៅក្នុងសុន្ទរថាពិសេសនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែឧសភានេះថា៖ «ខ្ញុំសុំផ្ដល់មតិទៅនាយករដ្ឋមន្ត្រីថ្មី ទៅរាជរដ្ឋាភិបាល កុំយប់យូរសុបិនច្រើន។ បើអាចបើកការដ្ឋានបានឆាប់ ធ្វើទៅ កុំរង់ចាំអីទៀត។ សាធារណមតិកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជំរុញបើកការដ្ឋានឲ្យបានឆាប់ ធ្វើទៅគ្មានត្រូវរង់ចាំអ្វីតទៅទៀតទេ»។
គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ពីទន្លេបាសាក់ទៅខេត្តកែប គ្រោងនឹងចំណាយប្រាក់សាងសង់ចំនួន ១,៧ពាន់លានដុល្លារ និងត្រូវការពេលសាងសង់រយៈពេល ៤ឆ្នាំ។
លោក ហ៊ុន សែន ថាមន្ត្រីចិន រួមទាំងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលបានមកទស្សនាកម្ពុជាកាលពីពេលថ្មីៗនេះ មិនបានដឹងពីគម្រោងនេះទេ ហើយកម្ពុជាក៏មិនបានស្នើសុំឲ្យចិនគាំទ្រនោះដែរ។
លោកនិយាយថា៖ «ដូច្នេះ វាមិនស្ថិតនៅក្នុងក្របខណ្ឌនៃខ្សែក្រវ៉ាត់និងផ្លូវ ដែលអាចចាត់ទុកថារឿងនេះជាគំនិតផ្ដួចផ្ដើមរបស់ចិននោះឡើយ។ តែនេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយលើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ»។
លោកថា អ្នកដែលលើកឡើងថា ព្រែកជីកនេះនឹងប្រើប្រាស់ដោយយោធាចិន គឺជាគំនិតគួរឲ្យខ្មាស់អៀនបំផុត ព្រោះព្រែកជីកនេះតូច ហើយនាវាដែលបើកនៅលើព្រែកជីកនេះអាចត្រូវបានកម្ទេចបានដោយគ្រាន់តែប្រើបេ៤០។ លើសពីនេះទៀត ចិននិងវៀតណាម ក៏ដូចជាកម្ពុជាវៀតណាមសុទ្ធតែមានទំនាក់ទំនងល្អនឹងគ្នាដែលនឹងមិនមានការប្រយុទ្ធគ្នានៅលើទឹកដីកម្ពុជានោះទេ។
លោកថា មានតែអ្នកដែលមានគំនិតប្រឆាំងចិនទេ ដែលប្រឆាំងទៅនឹងគម្រោងព្រែកជីកនេះ។
បើតាមលោក ហ៊ុន សែន កម្ពុជាបានជូនដំណឹងអំពីគម្រោងនេះទៅវៀតណាម និងឡាវ ក្នុងកាយវិការគួរសមប៉ុណ្ណោះ ពីព្រោះមានត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ មិនត្រូវឲ្យប្រទេសសមាជិកសុំការពិគ្រោះយោបល់ទេ ដរាបណាគម្រោងណាមួយមិនធ្វើចេញពីដងទន្លេមេគង្គ។
លោកបញ្ជាក់ទៀតថា គម្រោងព្រែកជីកនេះ នឹងលើសពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា នោះគឺនាំទៅដល់ឯករាជ្យភាពខាងនយោបាយលើវិស័យដឹកជញ្ជូន ដែលធ្វើឲ្យកម្ពុជាមិនចាំបាច់ពឹងពាក់លើកំពង់ផែប្រទេសដទៃក្នុងការដឹកទំនិញពីកម្ពុជា៕