គណនេយ្យហ្វេសប៊ុកមួយដែលអះអាងថាជាគ្រូបង្រៀន បានបង្ហោះសារកាលពីថ្ងៃទី១៥ ខែឧសភានេះថា លោកបានបម្រើការជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ជាង២១ឆ្នាំហើយ ហើយក៏ជាលើកទីមួយដែលចម្លែកខ្លាំងដែលសិស្សថ្នាក់ទី១២ ចំនួន២រូប បានរៀននៅសាលានេះជាង ២ឆ្នាំដោយគ្មានសញ្ញាប័ត្រឌីប្លូម ហើយចុងបញ្ចប់ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ។
ហ្វេសប៊ុកដែលមានឈ្មោះថា Lay Po បានសរសេរថា ករណីនេះលោកទើបតែបានដឹងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់លោក។
លោកបន្តថា សិស្សទាំង២នាក់នោះមានឈ្មោះ លី ប៊ុនលាង និង ធន់ សាន។ពួកគេបានរៀននិងប្រឡងប្រចាំខែនិងឆមាសជាប់ជាបន្តបន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២F ជាប់លាប់រហូតដល់ពេលវ៉ាកងតូច។
លោកសរសេរថា៖ «ការដកបេក្ខភាពនេះ មិនមែនធម្មតាទេ ឮថាមិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯនោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)»។
លោកបន្តថា៖ «ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯងដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាកទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតធ្វើល្អជាងនេះទេ?»។
គណនេយ្យហ្វេសប៊ុក Lay Po បន្តថា លោកចង់ឱ្យក្រសួងដោះស្រាយឱ្យពួកគាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវ រួមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងអប់រំកំពុងពិនិត្យករណីនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «សម្រាប់ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានរួចហើយ ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពុងពិនិត្យសិក្សាលម្អិតពីករណីនេះ»៕