ខេត្ដប៉ៃលិន: រដ្ឋបាលខេត្តប៉ៃលិននឹងចាប់ផ្ដើមដំណើរការរថយន្ដក្រុងដឹកសិស្ស-និស្សិតទៅសិក្សានៅក្រុងបាត់ដំបងនៅចុងសប្ដាហ៍ ជាលើកដំបូងនាល្ងាចថ្ងៃសុក្រនេះ ដើម្បីសម្រួលដល់ការលំបាកជាច្រើនរបស់សិស្ស-និស្សិត ក៏ដូចជាអាណាព្យាបាល។
យោងតាមកាលវិភាគក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដប៉ៃលិន បានបង្ហាញថា នៅថ្ងៃសុក្រ រថយន្ដក្រុងនឹងចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥:៣០ ល្ងាច ចំណតរថយន្តនៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន។
ចំណែកឯថ្ងៃអាទិត្យ រថយន្ដក្រុងនឹងត្រឡប់មកវិញដោយចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦:០០ ល្ងាច ចំណតរថយន្តមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។
លោក ឈាន ច័ន្ទរិទ្ធិ នាយកទីចាត់ការរដ្ឋបាលសាលាខេត្តប៉ៃលិន បានឱ្យដឹងថា៖ «ដោយមើលឃើញពីការលំបាក ការចំណាយខ្ពស់ ជាពិសេស ប្រឈមហានិភ័យអំឡុងពេលជិះម៉ូតូតាមដងផ្លូវ លោកជំទាវអភិបាលខេត្ដ បានបង្កើតគំនិតផ្ដួចផ្ដើមចរាចរណ៍រថយន្ដសម្រាប់សិស្ស-និស្សិតនេះឡើង»។
លោកនិយាយថា គោលបំណងចម្បងនៃការផ្ដល់សេវាកម្មរថយន្ដក្រុងនេះ គឺសម្រាប់និស្សិតដែលបន្ដការសិក្សាពីប៉ៃលិនទៅសាកលវិទ្យាល័យនៅក្រុងបាត់ដំបង។ ប៉ុន្ដែដោយមើលឃើញថា សិស្សវិទ្យាល័យមួយចំនួនក៏បានធ្វើដំណើរទៅរៀននៅបាត់ដំបងដែរ រដ្ឋបាលខេត្ដប៉ៃលិន ក៏បានបញ្ចូនសិស្សទាំងនោះក្នុងអាទិភាពសេវាកម្មនេះផងដែរ។
កញ្ញា សឿន បូរ៉ា ដែលធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងបន្ដការសិក្សាសាកលវិទ្យាល័យក្រុងបាត់ដំបងនៅចុងសប្ដាហ៍ បានបង្ហាញភាពរីករាយពេលបានឮដំណឹងនេះ។
យុវតីដែលបង្រៀនទាំងនៅសាលាបឋមសិក្សា និងថ្នាក់ភាសាអង់គ្លេសនៅសាលាឯកជនរូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះសេវាកម្មរថយន្ដក្រុង និងលើកឡើងពីហានិភ័យដែលខ្លួនតែងតែបារម្ភកន្លងមកក្នុងពេលជិះម៉ូតូផ្លូវឆ្ងាយ និងយប់ព្រលប់ថែមទៀត។
ជាធម្មតា ពេលកញ្ញា បូរ៉ា បញ្ចប់ការបង្រៀនពេញម៉ោងប្រចាំនៅម៉ោង ៦ ល្ងាច កញ្ញាចាប់ផ្ដើមរូតរះជិះម៉ូតូទៅកាន់ក្រុងបាត់ដំបងរៀងរាល់ថ្ងៃសុក្រ ដើម្បីបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងមុខជំនាញគ្រប់គ្រងអាជីវកម្ម នៅឆ្នាំទី ៣។
កញ្ញា បូរ៉ា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រៀងរាល់ល្ងាចថ្ងៃសុក្រ ក្រោយបញ្ចប់ការងារនៅម៉ោង ៦ ល្ងាច ខ្ញុំរៀបចំខ្លួនចេញដំណើរទៅក្រុងបាត់ដំបង។ ប្រហែលម៉ោង ៦:៣០ ទើបរួចរាល់ក្នុងការចេញដំណើរ ហើយទៅដល់ក្រុងបាត់ដំបងនៅម៉ោង ៨:៣០ យប់»។
កញ្ញាបានបន្ដថា៖ «ខ្ញុំតែងតែបារម្ភខ្លាំងចំពោះសុវត្ថិភាពទាំងចរាចរណ៍លើដងផ្លូវ សត្វនៅលើផ្លូវ ជាពិសេស កន្លងមកមានក្រុមក្មេងទំនើងគប់រថយន្ដ និងម៉ូតូថែមទៀត។ ឮដំណឹងសេវាកម្មរថយន្ដក្រុងនេះ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំង។ ប៉ុន្ដែខ្ញុំមើលសេចក្ដីប្រកាសថា ចេញម៉ោង ៥:៣០ ខណៈខ្ញុំម៉ោង ៦ ទើបចាប់ការងារ។ បើអាចសុំឱ្យរថយន្ដពន្យាពេលបន្ដិចទៀត ឬមានរថយន្ដមួយផ្សេងទៀតសម្រាប់អ្នកចេញម៉ោងយប់ជាងនេះ»។
ជាមួយការផ្សព្វផ្សាយរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្ដប៉ៃលិនបានទទួលការចុះឈ្មោះរបស់សិស្ស-និស្សិតប្រមាណជាង ១០ នាក់រួចហើយ ហើយសេវាកម្មដឹកសិស្សដំបូងនឹងចាប់ផ្ដើមនៅល្ងាចថ្ងៃសុក្រ ជាពេលវេលាដែលពួកគេត្រូវសិក្សានៅចុងសប្ដាហ៍ និងត្រឡប់មកវិញនៅល្ងាចថ្ងៃអាទិត្យ។
លោក ឈាន ចាន់រិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមិនមានទិន្នន័យចំនួនសិស្សច្បាស់លាស់ ជាពិសេស និស្សិតសិក្សានៅសាកលវិទ្យាល័យ។ ប៉ុន្ដែរដ្ឋបាលយើងមានរថយន្ដក្រុងជាច្រើនសម្រាប់ដឹកជញ្ជូនពួកគេ។ បើសិនជាចំនួនក្រោម ២០ នាក់ យើងប្រើរថយន្ដមួយគ្រឿង ហើយបើលើសនេះ យើងបន្ថែមរថយន្ដទៀត»។
លោកបានបន្ដថា៖ «រដ្ឋបាលនឹងជួបប្រជុំជាមួយសិស្ស-និស្សិតដើម្បីជជែកអំពីលទ្ធភាពថា តើគួររថយន្ដក្រុងដឹកជញ្ជូនពួកគាត់ដល់ផ្ទះ និងទៅទទួលពួកគាត់ដល់សាលាដែរឬទេ»។
សិស្ស-និស្សិត និងអាណាព្យាបាលអាចទាក់ទងទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥/ ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការ៕