
ក្រុមការងារជួសជុលប្រាសាទជម បានសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង ២០០ដុំហើយ។ អាជ្ញាធរអប្សរា
ក្រុមការងារជួសជុលប្រាសាទជម បានសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង ២០០ដុំហើយក្នុងចំណោមថ្មប្រមាណ ៧០០ដុំ ក្រោយពេលថ្មទាំងនេះបានជ្រុះរាយប៉ាយអស់ជាច្រើនឆ្នាំ។
អាជ្ញាធរជាតិអប្សារាបានឲ្យដឹងថា ក្រុមការងាររបស់អាជ្ញាធរដឹកនាំដោយ លោក ថៃ យ៉ាម៉ង់ ដែលជាស្ថាបត្យករ កំពុងរៀបចំផ្គុំសាកល្បងថ្មទាំងនេះនៅបរិវេណខាងជើងនៃប្រាសាទ ដោយបានធ្វើសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ។
ក្រុមការងារកំពុងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ។
ការជួសជុលឡើងវិញនេះ ក្រុមស្ថាបត្យករព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។ រហូតមកទល់ពេលនេះ ក្រុមការងារបានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងផ្គុំគ្នាឡើងវិញ។

បើតាមលោក យ៉ាម៉ង់ មកដល់ពេលនេះ ក្រុមការងាររបស់លោកបានរកឃើញថ្ម និងបានផ្គុំសាកល្បងត្រូវតាមលំនាំដើមរបស់រចនាសម្ព័ន្ធនៃប្រាសាទ ដែលក្នុងនោះ មានហោជាងទាំង៤ទិស និងថ្មកំពូលប្រាសាទមានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង។
អាជ្ញាធរអប្សរាបញ្ជាក់ថា ការជួសជុលនេះនឹងត្រូវចំណាយពេលវេលាច្រើនទៀតដើម្បីស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងការជួសជុល ដោយសារតែថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករិចរិលរលុបក្បាច់ធ្វើឱ្យពិបាកបែងចែកប្រភេទ កំណត់ប្រភពនៃទីតាំងដើម។
គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ប៉ុន្តែ បានផ្អាកមួយរយៈ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ គម្រោងនេះបានចាប់ផ្ដើមឡើងវិញ កាលពី២០២១ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥។
ការជួសជុលប្រាសាទនេះសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)។ នេះបើតាមអាជ្ញាធរអប្សារា។

ប្រាសាទជម ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ កសាងឡើងក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២៕