សមាជិក​ព្រឹទ្ធ​សភា​បារាំង​មួយ​រូប​ចង់​បង្កើត​សារមន្ទីរ​មួយ​នៅ​ក្បែរ​ប្រាសាទ កោះកេរ ដើម្បី​ជួយ​លើ​កម្ពស់​វិស័យ​ទេសចរណ៍ និង​ជំរុញ​ឲ្យ​​​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់​នៅ​កម្ពុជា​បាន​យូរ។

ចំណាប់អារម្មណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​លោក Vincent ÉBLÉ សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​តំបន់​ Seine-et-Marne ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង ក្នុង​ពេល​លោក​ជួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា​នេះ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន សេរសេរ​ថា៖ «ទាក់​ទង​ទៅ​នឹង​វិស័យ​បេតិក​ភណ្ឌ​សម្បូរ​បែប​របស់​កម្ពុជា ​ឯកឧត្តម​​បាន​ជូន​ជា​យោបល់​ថា គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទេសចរណ៍​ហូរ​ចូល​មក​ ប៉ុន្តែ​គួរ​តែ​រៀប​ចំ​យ៉ាង​ណា​ឲ្យ​ទេសចរ​ស្នាក់​នៅ​បាន​យូរ​ ដោយ​អាច​រៀប​ចំ​ជា​សារមន្ទីរ។ 

ប្រភព​ដដែល​បន្ត​ថា៖ «ឯកឧត្តម​ថា [លោក] បាន​ជួប​ជជែក​ជាមួយ​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង វប្បធម៌ [ភឿង​ សកុណា] ហើយ​លោក​មាន​គម្រោង​នឹង​កសាង​សារ​មន្ទីរ​មួយ​​នៅ​ក្បែរ​ប្រាសាទ​កោះកេរ​ ដើម្បី​ភ្ញៀវ​ទេសចរ​​បាន​ទៅ​មើល​ប្រាសាទ​ផង និង​ទៅ​មើល​សារ​មន្ទីរ​ផង»។

យ៉ាង​ណា​ក៏ដោយ​​មិន​មាន​​ការ​ឆ្លើយ​តប​ពី​សំណាក់​លោក ហ៊ុន សែន ឬ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នេះទេ។

ប្រាសាទ​កោះ​កេរ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​​​បេតិក​ភណ្ឌវប្បធម៌​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ក្នុង​​ឃុំ​​ស្រយង់ ស្រុក​​គូ​​លែ​ន ខេត្តព្រះវិហារ កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១០​ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤៕