លោក ហ៊ុន ម៉ាណែត  នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ថ្លែង​ថា កម្ពុជា​​ទុក​រឿង​រថភ្លើង​ល្បឿន​លឿន​មួយ​ឡែក ប៉ុន្តែ​កំពុង​​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​បង្កើន​សមត្ថភាព​ផ្លូវ​ដែក​ដែល​មាន​ស្រាប់។ លោក​ក៏​បាន​បញ្ជាក់​អំពី​សមត្ថភាព​របស់​កំពង់ផែ​កម្ពុជា​ផងដែរ ​អាច​ទទួល​កប៉ាល់​មក​ពី​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ ២០២៩។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១​ ខែ​ឧសភា លោក​​បញ្ជាក់​ថា កម្ពុជា​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ដែល​មាន​ស្រាប់​ ជាជាង​ផ្លូវរថភ្លើង​ល្បឿនលឿន។ 

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្លូវ​ដែក​ពីរ​ខ្សែ ដែល​មួយ​ខ្សែ​ចេញ​ពី​ភ្នំពេញ​ទៅ​ក្រុង​​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ និង​មួយ​ខ្សែ​​ទៀត​ចេញ​ពី​​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។ ខ្សែរថភ្លើង​ទាំងពីរ​នេះ​កសាង​ដំបូង​​ឡើយ​តាំង​ពី​ទសវត្សរ៍​១៩៣០។

សម្រាប់​ខ្សែ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​ព្រះសីហនុ បច្ចុប្បន្ន​នេះ​អាច​បើកបរ​ក្នុង​ល្បឿន​ ៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​រថភ្លើង​ដឹក​អ្នក​ដំណើរ និង ៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​ការ​ដឹក​ទំនិញ។ 

ចំណែក​ខ្សែ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត មិន​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ទេ ដែល​បច្ចុប្បន្ន​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កំពុង​ធ្វើ​ឲ្យ​ប្រសើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ក្នុង​​ល្បឿន ៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ស្ថានភាព​ផ្លូវរថភ្លើង​នេះ​បាន​ធ្វើ​ឲ្យ​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​រថភ្លើង​បច្ចុប្បន្ន​នេះ​ធ្វើ​បាន​តែ​ក្នុង​រង្វង់​​ ៦ ឬ ៧​ភាគរយ​នៃ​ទំនិញ​ទាំង​អស់​ដែល​ដឹក​ទៅ​កំពង់​ផែ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ដែរ​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ខ្សែ​រថភ្លើង​នេះ ក៏​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ផងដែរ ជា​ពិសេស​គ្រោះ​ថ្នាក់​​​រវាង​រថភ្លើង​នឹង​រថយន្ត និង​សត្វ​ពាហៈនៈ ដែល​កើត​ឡើង​ជា​ញឹកញាប់។

លោក​ថា ទៅថ្ងៃ​អនាគត ផ្លូវ​រថភ្លើង​នឹង​មាន​​រនាំងការពារ និង​ផ្លូវឆ្លង​កាត់​ត្រឹម​ត្រូវ ប៉ុន្តែ​ផែនការ​នេះ​​នឹង​មិន​កើត​មាន​ទេ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ។

ការ​បង្កើន​សមត្ថភាព​ផ្លូវដែក​នេះ គឺជា​ការ​​ជំរុញ​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ ដោយ​ផ្ដោត​គោល​ដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ​ទាំងផ្លូវ​​ទឹក ផ្លូវគោក និង​ផ្លូវអាកាស​ ដើម្បី​​ប្រែ​ក្លាយ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​កំពង់​ផែ​តំបន់ និង​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​តំបន់​ដូច​ការ​គ្រោងទុក។

បច្ចុប្បន្ន​នេះ ផ្លូវដែក​កម្ពុជា​ស្ថិត​ក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Railway Cambodia របស់​លោក គិត ម៉េង។

កាល​ពីពេល​ថ្មីៗនេះ ក្រុមហ៊ុន​នេះ​បាន​ទិញ​​រថភ្លើង​ចំនួន ១១ ​បន្ថែម​ទៀត​ពី​ប្រទេស​ជប៉ុន​។ រថភ្លើង​​ដែល​បាន​មក​ដល់​​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី២៧ ខែមេសា មាន​ឈ្មោះ​ថា Kiha 183 Heavy Snow (KiHa 183​ Series)។ 

រថភ្លើង Kiha 183 Heavy Snow (KiHa 183​ Series) ​​​បាន​មក​ដល់​​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី២៧ ខែមេសា។ Royal Railway Cambodia

យោង​តាម​ក្រុមហ៊ុន Royal Railway Cambodia រថភ្លើង Kiha 183 Heavy Snow និង​ក្លាយ​ជា​ប្រភេទ​រថភ្លើង​លំដាប់​ទី១​ (First Class Train)​ ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​សម្រាប់​ខ្សែ​ទាំងពីរ។ 

សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ក៏​បាន​ចុះ​ផ្សាយ​​ថា ប្រទេស​ថៃ​ក៏​បាន​ទិញ​រថភ្លើង​ KiHa 40 និង​ KiHa 48 DMUs ចំនួន ២០​ផងដែរ​ពី​ជប៉ុន​ផងដែរ។ 

ក្រៅ​ពី​លើក​ឡើង​ពី​ការ​ពង្រឹង​សមត្ថភាព​ផ្លូវដែក លោក ម៉ាណែត ក៏បាន​បង្ហាញ​ពី​សក្ដា​នុពល​កំពង់​ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ផងដែរ ដោយ​លោក​ថា បច្ចុប្បន្ន​នេះ តាម​ស្តង់ដារ​ក្នុង​មួយ​ឆ្នាំ​កំពង់ផែ​នេះ​អាច​ទទួល​កុងតឺន័រ (TEU) បាន​​តែ​ ៥៥ម៉ឺន​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង កំពង់​ផែ​នេះ​ទទួល​ផ្ទុក​កុងតឺន័រ​លើស​រហូត​ដល់​ជាង​ ​៥០ភាគរយ គឺជាង ៧០​ម៉ឺន TEU ​ក្នុង​មួយ​ឆ្នាំ។

លោក​ថា កាល​ពី​ឆ្នាំ​២០២៣ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ មាន​នាវា​ចូល​ចំនួន ​១៥០៦ គ្រឿង កើនឡើង​ជាង ៤ភាគរយ ប៉ុន្តែ​ទំនិញ​ដែល​ផ្ទុក​កើន​ឡើង​ជាង​ ៣៥​ភាគរយ ដែល​បញ្ជាក់​ពី​សក្ដានុពល​នៃ​ផែ​ និង​ទីតាំង​នេះ។​

ខណៈ​ដែល​កំពង់​ផែ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​ទំនើបកម្ម​ ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៩​ ក្នុង​ទឹក​ប្រាក់ ៩៤០លាន​ដុល្លារ លោក​ថា ​បច្ចុប្បន្ន​នេះ កប៉ាល់​ធុន​ធំ​ដែល​អាច​ចូល​ត្រង់​មក​កម្ពុជា​មាន​តែ​ប្រមាណ ១៧​ភាគរយ​ប៉ុណ្ណោះ ខណៈ​ជាង​ ៨២​ភាគរយ​ទៀត​ត្រូវ​ផ្ទេរ​ទំនិញ​នៅ​កំពង់ផែ​បរទស ដូចជា​សិង្ហ​បុរី​ជាដើម ដែល​ជាការ​ចំណាយ​មួយ​ដ៏ច្រើន។

នៅ​ពេល​ការ​ពង្រីក​ផែ​នេះ​ក្នុង​ដំណាក់​កាល​ទី១​ បាន​បញ្ចប់​នៅ​ឆ្នាំ​២០២៦ កម្ពុជា​អាច​ទទួល​នាវា​ធុនធំ​រហូត​ដល់​ទៅ ៩៣​ភាគរយ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «ពី​១៨​ភាគរយ ទៅ​៩៣​ភាគរយ មិន​ធម្មតា​ទេ។ បាន​ន័យ​ថា កប៉ាល់​ភាគច្រើន​មិន​ចាំ​បាច់​ឆ្លង​កាត់​សិង្ហបុរី​ដើម្បី​លើក​ដាក់​(ផ្ទេរ) បង់ថ្លៃ​គេ ហើយ​យើង​អាច​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​មួយ​កុងតឺន័រ​ ២០០ដុល្លារ​ដែល​នេះ​ជា​ការ​បង្កើន​ការ​ប្រកួត​ប្រជែង»។

លោក​ថា កម្ពុជា​មាន​មហិច្ឆតា​​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឲ្យ​ទៅជា​កំពង់​ផែ​តំបន់ និង ជា​មជ្ឈមណ្ឌល​ឡូជីស្ទីក​ក្នុង​តំបន់ ដោយ​កម្ពុជា​បាន​ស្នើ​សុំ​ជប៉ុនឲ្យ​ជួយ​កិច្ច​ការ​នេះ​។ 

បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី ពេល​បញ្ចប់​សាងសង់​ក្នុង​ជំហាន​ទី២ នៅ​ឆ្នាំ​២០២៨ កម្ពុជា​អាច​ទទួល​កប៉ាល់​ធំៗ​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​អស់ ដោយហេតុ​ថា កំពង់​ផែ​នេះ​នឹង​​មាន​ជម្រៅទឹក​ ១៦,៥​ម៉ែត្រេ។

លោក​ថ្លែងបន្ត​​ថា៖ «នៅ​ពេល​កំពង់​ផែ​នេះ​រួចរាល់ សមត្ថភាព​ផ្ទុក​ទំនិញ​​របស់​កំពង់​ផែ​នេះ​នឹង​កើត​ពី ៥៥ម៉ឺន TEU ទៅ ១លាន​៨​សែន​ TEU ក្នុង​មួយ​ឆ្នាំ។ នៅឆ្នាំ​២០២៩ នៅ​ពេល​ដំណាក់​កាល​ទី៣​បញ្ចប់ (ជម្រៅ ១៧,៥​ម៉ែត្រ) នាវា​គ្រប់​ប្រភេទ​ពី​ជុំវិញ​ពិភព​លោក​អាច​ចូលចត​នៅកំពង់​ផែន​នេះ​បាន៕