ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ការ​ស្ទង់មតិ​ស្តីពី​សេរីភាព​សារព័ត៌មាន​ជា​លើកដំបូង​ដែល​មិន​ធ្លាប់​មាន​ស្ដីពី​ «ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា» នៅ​ទូទាំង ២៥ ខេត្ត​-ក្រុង​នៃ​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​សារព័ត៌មាន​ចំនួន ៣៤១ នាក់។​

របាយការណ៍​ស្ទង់មតិ​នេះ​បាន​វាស់វែង​ការ​យល់​ឃើញ​របស់​អ្នកសារព័ត៌មាន​ចំពោះ​សេរីភាព​សារព័ត៌មាន ដែល​គ្របដណ្តប់​ទិដ្ឋភាព ​ដូចជា ​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្របខ័ណ្ឌ​ច្បាប់ និង​ផលប៉ះពាល់​នៃ​ការ​ផ្លាស់ប្តូរ​ឌីជីថល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​។​

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ក្នុង​របាយការណ៍​ចំនួន ៥៣ ទំព័រ ក្នុង​សន្និសីទ​សារព័ត៌មាន ដឹកនាំ​ដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​មាន​ការ​ចូលរួម​ពី​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។​

លោក ភក្ត្រា បាន​សង្កត់​ធ្ងន់ថា ទិដ្ឋភាព​នៃ​ការ​ផ្លាស់ប្តូរ​នាពេល​បច្ចុប្បន្ន​នេះ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង ដើម្បី​តាម​ទាន់​និន្នាការ​វិវត្តន៍​បច្ចុប្បន្ន ​ឱ្យ​សមស្រប​​ទៅនឹង​ការអភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​របស់​កម្ពុជា​។​

លោក ភក្ត្រា ​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ថា ៖ «​កិច្ចខិតខំ​ប្រឹងប្រែង​មាន​គោលដៅ​ធានា​គុណភាព​ព័ត៌មាន ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អាច​ធ្វើ​ឱ្យមាន​ការ​ប្រកួត​ប្រជែង​ទីផ្សារ ការ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ»។

ដើម្បី​ដោះស្រាយ​បញ្ហា​ព័ត៌មាន​មិនពិត ​អ្នកសារព័ត៌មាន ៨១,២ ភាគរយ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​របស់​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​លើកឡើង​ពីតួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែង​ក្លាយ​។ 

លោក បូណា ត្រូវបាន​ដក​ស្រង់​សម្ដី​នៅក្នុងរបាយការណ៍​ដោយ​និយាយថា​៖ «កង្វះ​គុណភាព​វិជ្ជាជីវៈ របស់​អ្នកសារព័ត៌មាន​មួយ​ចំនួន និង​ការ​យក​សារព័ត៌មាន​ជា​ឡប់ឡែ​បម្រើ របៀបវារៈ​នយោបាយ​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​បាន​ធ្វើឱ្យ​សេចក្តី រាយការណ៍​ព័ត៌មាន​មួយចំនួន​ប្រាសចាក​ពី​គន្លង​ក្រម​សីលធម៌​វិជ្ជាជីវៈ និង រហូតដល់​បំពាន​ច្បាប់ បំពាន​អ្នកដទៃ បំភ្លៃ​ការពិត ក្នុង​ចេតនា​ទុច្ចរិត​ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ព័ត៌មាន និង​តម្លៃ​របស់​សារព័ត៌មាន​»។​

របាយការណ៍​​ស្ទង់​មតិរបស់​ក្រសួង​ព័ត៌មានបាន​បង្ហាញ​លទ្ធផល​ផ្ទុយ​ពី​របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (OHCHR) ដែល​ចេញ​កាលពី​ខែសីហា ឆ្នាំ​២០២២ ដោយបង្ហាញ​ថា បរិយាកាស​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ដោយសារតែ​ច្បាប់​រឹតត្បិត និង​ការឃ្លាំមើល​របស់​រដ្ឋាភិបាល​។​

ជាង ៨០ ភាគរយ​​ចំណោម​អ្នកសារព័ត៌មាន ៦៥ នាក់ត្រូវ​​បាន​ចូលរួម​សម្ភាសន៍​បាន​រាយការណ៍​ពី​ការ​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​ពួកគេ រួមទាំង​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅ​ក្រោម​ការឃ្លាំមើល​។​

ការិយាល័យ OHCHR ក៏បាន​លើក​ឡើង​ពី​តម្រូវការ​សម្រាប់​កម្ពុជា​ក្នុង​ការ​កែលម្អ​ក្របខ័ណ្ឌ​ច្បាប់​ដែល​គាំទ្រ​ដល់​សេរីភាព​សារព័ត៌មាន ដោយ​លើកឡើង​ពី​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​សម្រាប់​ស្ត្រី​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ចំនួន​តិច​តួច​ និង​ទទួលរង​នូវ​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​។​

ក្រសួង​ព័ត៌មាន​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ស្រាវជ្រាវ​ប្រកប​ដោយ​គុណវិស័យ​ និង​បរិមាណ​វិស័យ​ រួមទាំង​ការពិនិត្យ​មើល​​ឯកសារ​ច្បាប់ ការ​ស្ទង់មតិ​ទូទាំងប្រទេស​លើ​អ្នកសារព័ត៌មាន​ចំនួន ៣៥០ នាក់​ដែលត្រូវ​បាន​ជ្រើស​រើស​ដោយ​​ចៃដន្យ និង​ការសម្ភាសន៍​ស៊ីជម្រៅ​ជាមួយ ១១ នាក់​ដែល​ដឹកនាំ​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ​ទោះជា​យ៉ាងណាក៏ដោយ​មានតែ ៣៤១​ នាក់​ ប៉ុណ្ណោះ​ដែល​ត្រូវបាន​​​ចាត់ទុកថា​មាន​សុពលភាព​សម្រាប់​ការវិភាគ​។ ​

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពីលទ្ធផល​នៃរបាយការណ៍​ស្ទង់មតិ «ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»កាលពីថ្ងៃទី ៣០ ខែមេសា។ AKP

វិធីសាស្ត្រ​​​នេះ​បាន​អនុញ្ញាតឱ្យ​ការសិក្សា​ទទួល​បាន​នូវ​ប្រសិទ្ធភាព​​ទូលំទូលាយ និង​ផ្តល់នូវ​ការ​យល់ដឹង​យ៉ាងច្បាស់​លាស់​ទៅលើ​បទពិសោធន៍ និង​ការយល់ឃើញ​អំពី​សេរីភាព​សារព័ត៌មាន​ពី​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​នៅក្នុង​វិស័យ​សារព័ត៌មាន​។​

ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែមាន ជាពិសេស​នៅក្នុង​ការ​សម្រប​ខ្លួន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ទៅនឹង​ការច្នៃប្រឌិត​ឌីជីថល និង​ការ​រក្សាបាន​នូវ​ស្តង់ដារ​សារព័ត៌មាន​ចំពេល​មានការ​ផ្លាស់ប្តូរ​បច្ចេក​វិទ្យា​យ៉ាង​ឆាប់រហ័ស​។​

លោក ភក្ដ្រា បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេលបច្ចុប្បន្ន​បាន​ជួប​វិបត្ដិ​សេដ្ឋកិច្ច និង​ការ​ធ្លាក់​ចុះ​នៃ​ផ្នែកពាណិជ្ជកម្ម ប្រឈម​ការ​ប្រកួត​ប្រជែងពី Influencers ក៏ដូចជា​ការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុន​នានា។

លោក​បាន​ថ្លែង​ថា​៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ ត្រូវ​បាន​បិទទ្វារ ដូចជា រស្មីកម្ពុជា និង​កាសែត​ភ្នំពេញប៉ុស្ដិ៍ ត្រូវ​បាន​សម្រេច​បិទ​ការ​ផ្សាយ​ពី​ការ​បោះពុម្ព​ប្រមាណ ៣០ឆ្នាំ​ទៅ​អនឡាញ​វិញ»។

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា ឆ្នាំ ២០២៣ ក្រសួងព័ត៌មាន ទទួល​បាន​ពាក្យ​បណ្ដឹង ៧៩ ករណី និង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដូចជា ការ​កែតម្រូវ និង​បំពេញ​កិច្ច​សន្យា​ផ្សេងៗ។

ក្នុងចំណោម​អ្នក​ដែល​បាន​ស្ទង់​មតិ ស្ទើរតែ​ទាំងអស់​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

ការ​រក​ឃើញ​ក៏បាន​គូសបញ្ជាក់​អំពី​វិសមភាព​យេនឌ័រ​​នៅក្នុង​ឧស្សាហកម្ម​នេះ​ ដោយ​បុរសមាន​ចំនួន​រហូត​ដល់ ៩៣,៥ ភាគរយ​ ខណៈស្ដ្រី​តំណាង​ឱ្យតែ ៦,៥ ភាគរយ​។ ​

លើសពីនេះ ៩២,១ ភាគរយ​​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​អ្នកសារព័ត៌មាន​ដែល​បំពាន​ក្រមសីលធម៌​ ហើយ​ស្ទើរតែ​ទាំងអស់​បាន​គាំទ្រ​ដល់​ការ​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្តុះបណ្តាល​ក្នុង​គោលបំណង​លើក​កម្ពស់​សមត្ថភាព​វិជ្ជាជីវៈ និង​គុណភាព​របស់​អ្នកសារព័ត៌មាន។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) បាន​ឱ្យ​ដឹង​ក្នុង​របាយការណ៍​ថា៖ «សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​តិចតួច និង​ដោយ​អន្លើ​។ ដើម្បី​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង យើង​ទាំងអស់គ្នា​គួរ​រួមគ្នា​ពិនិត្យមើល​លើ​ច្បាប់​នានា​ដែល​កំពុងមាន​បច្ចុប្បន្ន​ថា​តើ​នៅមាន​ចំណុច​ណា​ខ្លះ​ជា​ចន្លោះ​ប្រហោង ចំណុច​ណាខ្លះ​ប៉ះពាល់​ដល់​ការ​អនុវត្ត និង​ចំណុច​ណាខ្លះ​គួរ​កែលំអ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ​និង​ធានាបាន​នូវ​សេរីភាព​សារព័ត៌មាន​»។ ​

លោក ណុប វី បាន​បន្ដថា ការ​រៀបចំ​ពិនិត្យ​ឡើង​វិញ​ស្ដីពី​របប​សារព័ត៌មាន​នេះ​គឺ​ជា​រឿង​មួយ​ដែល​ចាំ​បាច់​ពីព្រោះ​ច្បាប់​នេះ អត់​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ការពារ​អ្នក​​សារព័ត៌មាន​ទេ។ ដូច្នេះ គួរតែមាន​ការពិនិត្យ​មើល និង​ធ្វើ​វិសោធនកម្ម​យូរ​ដែរហើយ។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «ខ្ញុំ​ឃើញ​ពីការ​ផ្ដួច​ផ្ដើម​របស់​ក្រសួង ហើយ​ខ្ញុំ​ជំរុញ​ធ្វើ​មេច​ឱ្យ​ក្រសួង​ពន្លឿន​ តែត្រូវ​មាន​ការ​ចូលរួម​ផ្ដល់​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​គ្រប់​គ្រង់​ជ្រោយ​ ដើម្បី​ប្រសិទ្ធភាព​នៃការ​ប្រើ​ប្រាស់»។

លោក ភក្ត្រា បាន​និយាយ​ថា ការ​រក​ឃើញ​នៃ​ការ​ស្ទង់​មតិ​នេះ នឹង​ដើរ​តួ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់សកម្មភាព​នាពេល​អនាគត សំដៅ​កែ​លម្អ​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​ពង្រឹង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ការ​អនុវត្តន៍​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស។

យោង​តាម​របាយការណ៍ កម្ពុជា​​មាន​ស្ថានីយ៍​ទូរទស្សន៍​ជាច្រើន ​រួមមាន អាណាឡូក​ចំនួន ១៤៣ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ចំនួន ១៦៥ និង​ស្ថានីយ៍​ទូរទស្សន៍​ឌីជីថល​ចំនួន ១២ ក្នុងចំណោម​ស្ថានីយ៍​ផ្សេងៗ​ទៀត។ វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏មាន​ការ​បោះពុម្ព និង​បណ្តាញ​អន​ឡាញ ជាមួយនឹង​គេហទំព័រ ៩៣៣ និង​វេទិកា​អន​ឡាញ​ទូរទស្សន៍ និង ៤៧៧ កាសែត៕