មន្ត្រី និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី និង អ្នក​សារព័ត៌មាន ដែល​ជំនួប​លើក​ទី៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា​នេះ។​

ពិធី​ជួបជុំ​រវាង​អ្នកសារព័ត៌មាន​និង​អ្នក​បម្រើការ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃ​ទី៣​ ខែឧសភា​នេះគឺជា​ការ​ជួបជុំ​​លើក​ទី​៦ ដែល​ពីមុន​រវាង​អតីត​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន សែន។​ ប៉ុន្តែ​នេះ​ជា​ការ​ជួបជុំ​លើក​ទីមួយ​សម្រាប់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ជំនួប​រវាង​លោក​នាយករដ្ឋ​មន្ត្រី​និង​អ្នក​សារព័ត៌មាន​គឺជា​ការ​បន្ត​វប្បធម៌​ប្រពៃណី​ដ៏ល្អ​របស់​លោក​ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី ដែល​លោក​តែង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ដូចជា កីឡាករ សិល្បៈករ អ្នកសារព័ត៌មាន កម្មករ ជាដើម។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ការជួប​របស់​ថ្នាក់​ដឹកនាំ​និង​ប្រជាពលរដ្ឋ​គឺ​ដើម្បី​ឲ្យ​យល់​គ្នា​កាន់តែ​ច្បាស់​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​អ្នកសារព័ត៌មាន​អាចស្ដាប់​ផ្ទាល់​នូវ​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​អំពី​វិស័យ​សារព័ត៌មាន បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល ក៏ដូចជា​ការ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​រាជរដ្ឋាភិបាល»។

លោក ណុប វី នាយកប្រតិបត្តិ​សម្ព័ន្ធ​សារព័ត៌មាន​កម្ពុជា ក៏មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ជំនួប​នេះ​ដែរ ដោយ​លោក​ថ្លែង​ថា នាយក​នាយករដ្ឋ​មន្ត្រី​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​អាច​ធ្វើ​ការ​សម្រេច​ចិត្ត និង​ផ្ដល់​យោបល់​ដល់​អ្នកសារព័ត៌មាន។

យ៉ាង​ណា​ក៏ដោយ លោក​ចង់ឃើញ​វេទិកា​នេះ មាន​ការ​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​អាច​លើក​ឡើង​ពី​កង្វល់​របស់​ពួក​គេ​ផ្ទាល់​ដើម្បី​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដឹង។

លោកលើក​ឡើង​អំពីបញ្ហា​មួយ​ចំនួន​ដូច​ជាការ​ដក​អាជ្ញាប័ណ្ណ​របស់​អ្នកសារព័ត៌មាន ការ​ពន្លឿន​ច្បាប់​ទទួល​បាន​ព័ត៌មាន ការ​ធ្វើវិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន ការ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ពី​ស្ថានប័ន​ខ្លះ​ចូល​ក្នុង​កម្មវិធី​មួយ​ចំនួន និង​បញ្ហា​មួយ​ចំនួន​ទៀត។

លោក​និយាយ​ថា៖ «រដ្ឋាភិបាល​លោក​មាន​អំណាច​មួយ​ក្នុង​ការ​ធានា​ថា អ្នក​សារព័ត៌មាន​នឹង​មិន​ទទួល​បាន​ការ​គំរាម​កំហែង ការរើសអើង ឬ​សកម្មភាព​ផ្សេងៗ​ទៀត​តាម​អនឡាញ និង​ផ្ទាល់ ជាពិសេស​បញ្ចប់​ការ​បៀតបៀន​ទៅ​លើ​ស្ត្រី​អ្នកសារព័ត៌មាន»។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនួប​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភានេះ​ គឺ​ស្រប​គ្នា​នឹង​ទិវា​សេរីភាព​សារព័ត៌មានពិភព​លោក ដែល​កាន់​តែ​ធ្វើ​ឲ្យ​ជំនួប​នេះ​មាន​សារៈសំខាន់​ថែមទៀត។

លោក​ថា ជំនួប​នេះ​ក៏​​ជា​ឱកាស​ដ៏វិសេស​វិសាល​ប្រចាំ​ឆ្នាំ​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​បាន​​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ក៏​ដូចជា ឱកាស​ក្នុង​ការ​ផ្តល់ព័ត៌មាន​ពី​កង្វល់ និង​បញ្ហា​នានា ដែល​អ្នកសារព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បុរាណ​និង​ទំនើប​បាន​ជួប​ប្រទះ​ ដើម្បីស្វែងរក​ការ​គាំទ្រ​ក៏​ដូចជា ដំណោះស្រាយ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី។

លោក​ក៏​បញ្ជាក់​ដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្រសួង​បាន​ជួប​ប្រជុំ​ជាមួយ​ជាមួយ​អ្នក​សារព័ត៌មាន អង្គភាពសារព័ត៌​មាន និង​សមាគម​សារព័ត៌មាន ដើម្បី​ស្តាប់​មតិ​យោបល់ សំណូមពរ សម្រាប់​រៀបចំ​​ជា​សំណើ​ក្នុង​ក្របខណ្ឌ​រួម​មួយ ក្នុង​ការ​ដាក់​ជូនលោក​នាយក​រដ្ឋមន្រ្ដី​ពិនិត្យ និង ដោះស្រាយ។

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ រហូត​មក​ដល់​ឆ្នាំ ២០២៣នេះ ជំនួប​រវាង​អ្នកសារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្រ្ដី បាន​ធ្វើ​ឡើង​ចំនួន ៥លើក រួចមកហើយ ប៉ុន្តែ​ត្រូវ​ខកខាន​ធ្វើ​នៅ​ឆ្នាំ ២០២១ និង ឆ្នាំ២០២២ ដោយសារ​ការ​រីករាល​ដាលនៃ​ជំងឺ​កូវីដ១៩ ។  

លោក​ថ្លែង​ដូច្នេះ​ថា៖ «ជារួម ជំនួបនេះ​ផ្ដល់​ឱកាស​ដល់​អ្នក​សារព័ត៌មានអាច​ពិភាក្សា លើក​ឡើង​ពី​បញ្ហា សំណូមពរ ​ឬ​កង្វល់​ផ្សេងៗ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​ជួយ​ដោះស្រាយ។ ជំនួប​នេះ​មាន​សារៈសំខាន់​ណាស់​ជា​ការ​រួម​ចំណែក​លើក​កម្ពស់ សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា»៕