ភ្នំពេញ៖ បេក្ខជន​ចំនួន​ជាង ៣​ម៉ឺន​នាក់ បាន​ចូលរួម​ប្រឡង​ប្រកួត​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀនអនុវិទ្យាល័យ​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង អប់រំ យុវជន និងកីឡា ដែល​មានចំនួន​ជាង ៤០០​កន្លែង។

ការ​ប្រឡង​នេះ​ធ្វើឡើង​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃទី២ ដល់ ថ្ងៃទី៥ ខែ​ឧសភា។ ក្នុង​ថ្ងៃ​ចាប់​ផ្តើម​ការ​ប្រឡង លោក ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជាប្រធាន​គណៈកម្មការ​ប្រឡង​ប្រជែង​បាន​បើក​វិញ្ញាសាប្រឡង។

ការ​បើក​វិញ្ញាសា​ប្រឡង​នេះ មាន​ការ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អ្នក​សង្កេតការណ៍​មក​ពី​សាកលវិទ្យាល័យ​នានា មហាជន​ដែល​បាន​ចុះ​ឈ្មោះ​សង្កេតការណ៍ និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.)។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួង​មុខងារ​សាធារណៈ។

លោក​ ហ៊ុន ម៉ានី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នាថ្ងៃទី​២ ខែ​ឧសភាថា៖ «ចំពោះ​ការ​រៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ​ចំនួន ៤៤១ នាក់​នេះ​ផងដែរ ក្នុង​ការ​អនុវត្ត​នៃ​និយាម​គឺយើង​បើក​ជា​ប្រព័ន្ធ​ចុះ​ឈ្មោះ​ឱ្យ​ស្មើៗ​គ្នា​តែម្តង​ក្នុង​រយៈពេល ១ខែ។ ក្នុង​ពេល​រយៈពេល ១ខែនេះ អ្នក​ដែល​បាន​ចុះ​នៅ​ក្នុង​បញ្ជី​គឺ ៥១ ៨៤៩នាក់។ អ្នក​បាន​បំពេញ​បែបបទ​ហើយ​មាន​សិទ្ធិក្នុង​ការ​ចូល​ប្រឡង​ដែល​ក្នុង​នោះ​គឺ​មាន ៣៣ ៣១៤នាក់»។ 

លោកថ្លែងថា៖ «នៅក្នុង​ថ្ងៃនេះ គឺ​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ ៣៣ ៣១៤ នាក់ គឺយើង​រៀបចំ​បេក្ខជន​ប្រឡង​នៅ​ក្នុង​ថ្ងៃនេះ នៅ​សាលាភូមិន្ទ​ភ្នំពេញ​នេះគឺ ៦ ៥៨៥នាក់ ដែល​យើងបំបែក​ទៅ​ជា ២ វេនទៀត»។

បើតាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន ម៉ានី ក្នុង​ចំណោម ៣៣ ៣១៤ នាក់នេះ មាន​បេក្ខនារីចំនួន ២ ២១៥៨នាក់ ព្រះសង្ឃ​ចំនួន ២២៤អង្គ និង​បេក្ខជន​ដែល​មាន​ពិការភាព​មាន​ចំនួន១៨៦​នាក់។ លើក​នេះ​ គឺជា​លើកទី ៦ ​​​នៃ​ការ​រៀបចំ​ធ្វើការ​ជ្រើសរើស​ក្រោម​និយាម​ថ្មី។

លោក​បន្ថែម​ថា ទោះបី​មាន​ការ​អនុវត្តការ​ប្រឡង ៥ ដង​មក​ហើយ​ក៏ដោយ ក៏​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​គឺ​មាន​ការ​ដកស្រង់​បទពិសោធ ពិគ្រោះ​យោបល់​គ្រប់​ភាគី​ដើម្បី​ធ្វើ​យ៉ាងណា​មិន​មើល​ស្រាល​ទៅ​លើ​ស្ថានភាព​នោះ ដោយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្តបន្ទាប់។ 

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ចំពោះ​ការ​រៀបចំ​លើក​ទី៦ មួយ​នេះ គឺ​យើង​មាន​ការ​គិតគូរ​ជា​ជំហានៗ​បន្ថែម​ទៀត​ដែល​ក្នុង​នោះ គឺ​យើង​មាន​ការ​បង្កើត​អនុគណៈកម្មការ​ត្រួត​ពិនិត្យ និង វាយ​តម្លៃ​ដើម្បី​ធ្វើ​យ៉ាង​ណា​យើង​អាច​សិក្សា​ពី​ប្រព័ន្ធ និង process (នីតិវិធី) ធ្វើ​ការងារ​របស់​យើងដើម្បី​យើង​អាច improve [កែលម្អ] ជា​បន្តបន្ទាប់​តែម្តង។ ក្នុង​លើក​នេះ ពិត​ជា​មាន​ការ​កោតសរសើរ​ដល់​មន្ត្រី​បច្ចេកទេស​និង​សមាជិក​គណៈកម្មការ​ប្រឡង និង អនុគណៈកម្មការ​ទាំង​អស់។ គ្រប់​ភាគី​ទាំងអស់​ពិត​ជា​មាន​ការ​គិតគូរ ​ខំ​ប្រឹងប្រែង​មែនទែន»។

លោក ហ៊ុន ម៉ានី បន្ថែម​ថា៖ «​អ្វីដែល​យើង​កំពុង​តែ​ខំ​ប្រឹងប្រែង​ធ្វើ​នេះ​គឺជា​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល កសាង​ប្រព័ន្ធ​ជំនឿ​ទុកចិត្ត​មួយ ដែល​ពួកគាត់​អាច​ទទួល​យក​ហើយ​និង​ជឿ​ទុកចិត្ត​ជា​ប្រចាំ និង ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​យុវនារី​យើង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង ហើយ​និង​ចូលរួម​ការ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​សាធារណៈ​របស់​យើង»។

ក្រសួង​អប់រំ បញ្ជាក់​តាម​រយៈបណ្តាញ​សង្គម​នា​ថ្ងៃ​ទី​២ ខែ​ឧសភា ថា ការ​ប្រឡង​នេះ​ប្រើប្រាស់​មណ្ឌល​ប្រឡង​ចំនួន ៣ មណ្ឌល និង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ​គឺជាប់ ជាប់​ដោយ​មោទនៈ មិន​ជាប់​ដោយ​អស់ចិត្ត»។

ក្រសួង​អប់រំ​បញ្ជាក់​ថា៖ «សូម​បេក្ខជន​ទាំងអស់​យក​ឱកាស​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូនស្មើៗ​គ្នា​នេះ បញ្ចេញ​អស់​ពី​សមត្ថភាព ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រី​រាជការ​ស៊ីវិល​របស់​កម្ពុជា​ម្នាក់​ប្រកប​ដោយ​គុណភាព»៕