ភ្នំពេញៈ មន្ត្រី​សង្កាត់ និង ខណ្ឌ​រដ្ឋបាល​ជលផល​ចំនួន ៥០០​នាក់​ហើយ ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ការ​ប្រើប្រាស់ប្រព័ន្ធ​គ្រប់គ្រង និង ត្រួតពិនិត្យ​ការ​ល្បាត (SMART) រហូត​មក​ដល់​ពេល​បច្ចុប្ប​នេះ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជលផល​តាម​រយៈការ​ផ្តល់​ការ​គាំទ្រ​ពី​អង្គការ​ស្បៀង និង កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ក្រោម​ជំនួយ​ថវិកា​ពី​សហភាពអឺរ៉ុប (EU)។ នេះ​យោង​តាម​អង្គការ FAO។

អង្គការ FAO បាន​បញ្ជាក់​ថា៖ «ប្រើប្រាស់​ប្រព័ន្ធ SMART ឧបករណ៍​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ប្រមូល ការ​វិភាគ ការផ្ទុក និង​ការ​វាយ​តម្លៃ​ទិន្នន័យ ស្តីពី​ការងារ​ចុះ​ល្បាត ព្រម​ទាំង​សកម្មភាព​នៃ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ ស្ថានភាព​នៃ​ការ​គំរាមកំហែង និង​លទ្ធផល​នានា​ព្រម​ទាំង​សកម្មភាព​នៃ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ»។ 

លោក សុង ហុង អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ល្បាតដោយ​ប្រើប្រាស់​ប្រព័ន្ធ SMART ក្នុង​វិស័យ​ជលផល​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០២១ មក។ ក្នុងនោះ​បាន​ធ្វើ​ការ​ចុះ​ល្បាត​ប្រមាណ​ជាង ៤៥ ០០០ដង នៅ​លើ​ដែន​នេសាទ​ទឹកសាប និង សមុទ្រ​ប្រមាណ​ជាង ២ ៥០០ដង​ក្នុង​មួយ​ឆ្នាំៗ។

លោក​បាន​បន្ថែម​ទៀត​ថា គំរូ​ទិន្នន័យ​ប្រព័ន្ធ SMART សម្រាប់​ដែន​នេសាទ​សមុទ្រ និង​ទឹកសាប​ត្រូវ​បាន​បង្កើត​ឡើង។ ផ្ទាំង​កម្មវិធី​ប្រើប្រាស់​ជា​ភាសាខ្មែរ ដែល​ជា​កំណែ​ចុងក្រោយ​បំផុត​នៃ​កម្មវិធី SMART ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ទាំង​នៅ​លើ​កុំព្យូទ័រ និង ទូរស័ព្ទ​ដៃ។ ក្រុម​ការងារ​ស្នូល SMART របស់​រដ្ឋបាល​ជលផល​ក៏​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែកបច្ចេកទេស​ដល់​មន្រ្តី​នៅ​តាម​ទីវាល គ្រប់គ្រង​និង​វិភាគ​ទិន្នន័យ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ផ្សេងៗ។

គម្រោង​ការ​គាំទ្រ​បច្ចេកទេស កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង បរិយាបន្ន (CAPFISH-Capture) របស់​អង្គការ FAO បាន​ជួយ​បង្កើន​សមត្ថភាព​ដល់​មន្រ្តី​រដ្ឋបាល​ជលផល​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ SMARTនេះ។ នៅ​ក្នុង​ប្រព័ន្ធ​នេះ​ផងដែរ ក៏​មាន​បញ្ចូល​កម្មវិធី និង​មុខងារ​វិភាគ​ទិន្នន័យ​ផ្សេងៗ ដែល​ផ្តល់​ជា​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​មន្ត្រី​ជលផល ក្នុង​ការ​គ្រប់គ្រង និង ការពារ​ធនធាន​ជលផល។ 

កម្មវិធី CAPFISH-Capture មាន​គោលបំណង​លើក​កម្ពស់​អនុលោភាព​នៃ​បទប្បញ្ញត្តិ​សម្រាប់​ការពារ​ធនធាន​ជលផលរបស់​កម្ពុជា។ តាម​រយៈ​ជំនួយ​បច្ចេកទេស​របស់​អង្គការ FAO ដែល​ផ្តល់​មូលនិធិ​ដោយ EU និង ដោយ​មាន​កិច្ច​សហការជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ជួយ​គាំទ្រ​មន្រ្តី​រដ្ឋបាល​ជលផល​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ SMART ដែល​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ជលផល​នៅកម្ពុជា។

សាវតារល្អៗ ក៏ដូចជា សមិទ្ធផល​នានា ដែល​ទទួល​បាន​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ SMART នៅ​កម្ពុជា រួម​ទាំង​ការ​ពង្រឹងយុទ្ធសាស្ត្រ​អនុវត្ត​សម្រាប់​ពេល​អនាគត ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​សិក្ខា​សាលា កាល​ពី​ថ្ងៃទី​១៦ និង ១៧ ខែ​ឧសភា ឆ្នាំ២០២៤ ក្នុង​គោល​បំណង​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ក្នុង​វិស័យ​ជលផល។ 

លោក Theodorus Visser មន្រ្តី​បច្ចេកទេស​ផ្នែក​គ្រប់គ្រង​ជលផល​ទឹកសាប និង​ព័ត៌មាន​នៃ​អង្គការ FAO មានប្រសាសន៍​ថា SMART ត្រូវ​បាន​ប្រើប្រាស់​ទូទាំង​ពិភពលោក​នៅ​តាម​តំបន់​អភិរក្ស​ជាង១ ០០០កន្លែង​នៃ​បណ្តា​ប្រទេសជាង ១០០ ហើយ​រដ្ឋាភិបាល​ជាង ២៥​ប្រទេស បាន​ទទួល​យក​ទៅ​អនុវត្ត និង ប្រើប្រាស់​ជា​ស្តង់ដារ​សម្រាប់​ការ​គ្រប់គ្រង​ព័ត៌មាន និង​ទិន្នន័យ។ នេះ​បើ​យោង​តាម​អង្គការ FAO។

SMART ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) រួម​ជាមួយ​នឹង​ទីភ្នាក់ងារ​អភិរក្ស​ឈានមុខ​ចំនួន​ប្រាំពីរ​ទៀត។ 

កម្មវិធីនេះ គឺជា​ប្រភេទ​ឧបករណ៍ ដែល​អាច​ចូល​ប្រើ​បាន​ដោយ​ឥត​គិតថ្លៃ ដែល​មាន​សមត្ថភាព​ជួយ​សម្រួល​ដល់​ការងារវាស់វែង វាយតម្លៃ និង​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​សកម្មភាព​ការ​ចុះ​ល្បាត​និង​ការ​អភិរក្ស។

តាម​បទ​ពិសោធន​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​ប្រព័ន្ធ SMART នៅ​កម្ពុជា វា​នឹង​ក្លាយ​ជា​ប្រព័ន្ធ​កម្មវិធី​គំរូ​សម្រាប់​យក​ទៅអនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង ទូទាំង​ពិភព​លោក​ដែល​ជា​ការ​រួម​ចំណែក​ដល់និរន្តរភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ជលផល នៅ​ដែន​នេសាទ​ទឹកសាប និង សមុទ្រ៕