ស្ទឹងត្រែង៖ សំបុក​សត្វត្មាត​ចំនួន ១៥​សំបុក ត្រូវ​បាន​រក​ឃើញ​ក្នុង​រដូវ​បង្កាត់​ពូជ​សត្វត្មាត​ឆ្នាំនេះ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង ដែល​ជា​ចំនួន​កើនឡើង បើ​ធៀប​នឹង​រដូវមុន មាន​សំបុក​ចំនួន​តែ ១៣​ប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ និងតាមដាន។ នេះ​បើ​យោង​តាម​គម្រោង USAID មរតក​បៃតង ដែល​មាន​ការ​ចូលរួម​អភិរក្ស​ពី​ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក។

គម្រោង USAID មរតក​បៃតង ដែល​បាន​បង្ហាញ​ព័ត៌មាន​ពី​ជោគជ័យ​នៃ​ការការពារ​សត្វត្មាត​ក្នុង​ទិវា​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ ២០២៤ ក្រោម​ប្រធានបទ «អបអរសាទរ​ការ​សង្គ្រោះ​សត្វ និង រុក្ខជាតិ» បាន​បញ្ជាក់​ថា៖«អត្រាជោគជ័យ​នៃ​ការ​ញាស់​ក៏​មាន​ភាព​ប្រសើរ​ឡើង​ផងដែរ ដោយ​មាន​តែ​សំបុក​មួយ​ប៉ុណ្ណោះដែល​បរាជ័យ បើ​ប្រៀបធៀបទៅ​នឹង​សំបុក​បី​ដែល​បរាជ័យ​កាល​ពី​ឆ្នាំមុន»។

សត្វត្មាត ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) គឺ​ជា​ប្រភេទ​ជិតផុតពូជ​បំផុត ដែល​នេះ​បង្ហាញ​ថា ពួកវា​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផុតពូជ​ពី​ក្នុង​ព្រៃ។

សត្វត្មាត គឺជា​សត្វ​ដែល​ស៊ី​សាកសព​សត្វ​ដទៃ​ជា​ចំណី ហើយ​វា​ដើរ​តួនាទី​ជា​អ្នក​សម្អាតភាព​កខ្វក់​ទាំងនោះ​ចេញ​ពី​ធម្មជាតិ ដោយ​ការ​ស៊ីសាច់​សត្វ​ដែល​ស្លាប់ និង​ជួយ​រក្សា​តុល្យភាព​បរិស្ថាន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំនួន​របស់​ពួកវាបាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ រួម​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាផងដែរ ដោយសារ​មូលហេតុ​ចម្បង​ពីរ​គឺ កង្វះ​អាហារ និង ការ​ស្លាប់​បណ្តាល​មក​ពី​ការ​ស៊ី​សាកសព​សត្វពុល​ដែល​បង្កដោយ​មនុស្ស។ 

ដើម្បី​ទប់ស្កាត់​ការ​ផុតពូជ​របស់​សត្វត្មាត USAID មរតកបៃតង និងក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក បាន​បង្កើត «អាហារដ្ឋានត្មាត» ដើម្បី​ផ្តល់​អាហារ​ដែល​មាន​សុវត្ថិភាព ជា​រៀងរាល់​សប្តាហ៍ ដើម្បី​រក្សា​សត្វត្មាត​ឱ្យ​នៅ​ក្នុង​តំបន់​ការពារ និង​ចៀសវាង​ការ​ស្វែង​រក​អាហារ​ដែល​មិនមាន​សុវត្ថិភាព​នៅ​ក្រៅ​តំបន់។ រ៉ាយហ្ស៉ីង ហ្វីនិក ក៏​បាន​បំពាក់​ឧបករណ៍​តាមដាន (GPS-GSM tagging) ទៅ​លើ​សត្វត្មាត ដើម្បី​តាមដាន​ការ​ផ្លាស់ទី​របស់​ពួកវា និង​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជីវៈចម្រុះ​ថ្មីមួយ​សម្រាប់​សត្វត្មាត​ដែល​ជិតផុត​ពូជ​បំផុត​ទាំងនេះ រួម​ទាំង​ធ្វើ​ការ​ស្វែងរក និង​តាមដាន​សំបុក​សត្វត្មាត ដើម្បី​ធានាសុវត្ថិភាព​របស់​ពួកវា​ផងដែរ។

បច្ចុប្បន្ន ក្រុម​ការងារ​នៅ​កំពុង​តាមដាន ការ​ចិញ្ចឹម​កូន​របស់​សត្វ​ត្មាត​ទាំង​នោះ រហូត​ដល់កូន​របស់​វា​ធំពេញ​វ័យល្មម​អាច​ហើរ​ចេញ​ពី​សំបុក​បាន។

ការធ្វើ​ជំរឿន​សត្វត្មាត​កាល​ពី​ឆ្នាំ ២០២៣ កន្លងមក បាន​រកឃើញ​សត្វត្មាត​ចំនួន ១៣១ ក្បាល​នៅ​កម្ពុជា។ ក្នុង​នោះ​រួមមាន​ត្មាត​ភ្លើង​ចំនួន ១២​ក្បាល ត្មាតផេះ ៧៧ក្បាល និង ត្មាត​ចំនួន ៤២ក្បាល។

ជំរឿន​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុងតំបន់​អភិរក្ស​សំខាន់ៗ​ចំនួន ៣​ដូចជា៖ ដែន​ជម្រក​សត្វព្រៃ សៀមប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ត្មាត​ចំនួន ៩៣​ក្បាល ដែនជម្រក​សត្វព្រៃឆែប​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ មាន ៣១ក្បាល និង នៅ​តំបន់​ព្រៃ​ទឹកលិច​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​មានចំនួន ៧ក្បាល។

លោក ប៊ូ វរសក្ស​ នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​សត្វត្មាត​នៅ​កម្ពុជា​មាន​ចំនួនមួយ​ថេរ​ក្នុង​រង្វង់​ប្រមាណ​ជា ៥ឆ្នាំ​ចុងក្រោយ​នេះ ខណៈពេល​ដែល​ប្រទេស​ជិត​ខាង ដូចជា វៀតណាម និង ថៃ បាន​ផុតពូជ​អស់​ទៅហើយ។ 

លោក​បាន​លើក​ឡើង​ថា ការ​រក្សា​បាន​នូវ​ចំនួន​ថេរ​នេះ គឺ​ដោយសារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​របស់​រដ្ឋាភិបាល និង​អង្គការ​ជាច្រើន​តាម​រយៈផែនការ​អភិរក្ស​សត្វ​ត្មាត​រយៈពេល ១០ឆ្នាំ។ ក្រៅ​ពី​នោះ​ អង្គការ​ធំៗ​បាន​បង្កើត​ក្រុម​ការងារអភិរក្ស​សត្វត្មាត ដែល​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម ហើយ​ភាគី​ពាក់ព័ន្ធ​តែង​តែ​ជួប​ប្រជុំ​គ្នា ដើម្បី​ធ្វើបច្ចុប្បន្ន​ភាព​សត្វត្មាត​ជា​ប្រចាំ​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖«នៅ​ក្នុង​ផែនការ​អភិរក្ស​ហ្នឹង​មាន​ការ​ការពារ​ទីជម្រក ការពារ​កុំ​ឱ្យ​មាន​ការ​បំពុល​កើន​ឡើង​ ទប់ស្កាត់​ការ​នាំចូល​ឱសថ... ការ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង មួយទៀត យើង​ផ្តល់​អាហារ​បន្ថែម​ដល់​សត្វត្មាត។ នេះ​យើង​ខំ​ប្រឹងប្រែង​មក ហើយ​រក្សា​បាន​នូវ​ស្ថានភាព​មួយ​ថេរ»។ 

ការ​ផ្តល់​អាហារ​បន្ថែម​ដល់​សត្វត្មាត​នោះ​មាន​ធ្វើឡើង​នៅ​ដែន​ជម្រក​សត្វ​ព្រៃ សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ដែន​ជម្រកសត្វ​ព្រៃឆែប និង នៅ​តំបន់​ព្រៃទឹក​លិច​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ។ ការ​ធ្វើជំរឿន​សត្វត្មាត​តែងតែ​ធ្វើឡើង​ ៥ដង​ក្នុង​មួយឆ្នាំ ដែល​ក្នុង​នោះ​នៅ​ក្នុង​ខាង​មិថុនា​ខាងមុខ​មាន​ធ្វើ​រហូត​ដល់​ទៅ ២​ដង​ឯនោះ៕