ភ្នំពេញ: ក្រសួងមហាផ្ទៃបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ចំពោះលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ពាក់ព័ន្ធនឹងការទទួលប្រាក់សំណូក។
ការចោទប្រកាន់នេះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយចោទលោកឧត្តមសេនីយ៍ត្រី សារ៉ាវុធ ថាទារប្រាក់មួយលានរៀលពីឃុំទាំង ១០ ក្នុងស្រុកសាមគ្គីមុនីជ័យនៃខេត្ដកំពង់ស្ពឺ។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់»។
លោកបន្ដថា ទទួលបានគោលការណ៍នេះ អគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោក សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។
លោក សុខៈ បានឱ្យដឹងថា ជាលទ្ធផល លោក សារ៉ាវុធ ទទួលស្គាល់ថាលោកពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។
លោក សុខៈ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ន យើងនៅបន្ដនិតិវិធីតទៅទៀត មិនទាន់សម្រេចបែបណានៅឡើយទេ ដោយពិនិត្យទៅលើសភាពជាក់ស្ដែងនៃសាច់រឿងឱ្យល្អិនល្អន់ ហើយធៀបនឹងវិន័យកងកម្លាំងនគរបាលជាតិរបសក្រសួងមហាផ្ទៃផងដែរ»។
ទាក់ទងបញ្ហានេះ លោក វ៉ាន លីដា នាយករដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានទទួលស្គាល់ថា មានក្រុមមន្ដ្រីក្រសួងមហាផ្ទៃចុះធ្វើសវនកម្មនៅតាមឃុំនៃស្រុកសាមគ្គីមុនីជ័យ តែលោកបានឆ្លើយអំពីការផ្ដល់ប្រាក់ដល់ឧត្តមសេនីយ៍ត្រីនោះទេ។
លោក បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមិនបានដឹងរឿងការផ្ដល់ ឬទទួលលុយកាក់នោះទេ។ រឿងនេះ ខាងក្រសួងមហាផ្ទៃ កំពុងតែធ្វើការស៊ើបអង្កេត។ រង់ចាំមើលបន្ដិចទៀត យើងនឹងឃើញរបាយការណ៍នៃការស៊ើបអង្កេត»។
យោងតាមលោក សុខៈ បានឱ្យដឹងថា ដើម្បីប្រសិទ្ធភាពនៃការកំណែទម្រង់ «សម្អាតផ្ទះយើង» របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃ ស្នើឱ្យមានការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិដោយលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់។
លោកបន្ដថា ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕