ភ្នំពេញៈ យ៉ាង​ហោចណាស់​មនុស្ស​ចំនួន​២៣ បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​របួស ដោយសារ​តែ​បាតុភូត​រន្ទះបាញ់ និង​ខ្យល់​កន្រ្តាក់​ដែល​កើត​មាន​ឡើង​ចំនួន​៦២ លើក ចាប់​ពីថ្ងៃទី​១ ដល់​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ។ 

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ពី​ស្ថានភាព​អាកាសធាតុ ចាប់​ពី​ថ្ងៃទី​១ ដល់​ទី​១៥ ខែ​ឧសភា ថា បន្ទាប់​ពី​មាន​ភ្លៀងធ្លាក់​ជា​បន្តបន្ទាប់ ចាប់​ពី​ថ្ងៃទី​៣ ខែ​ឧសភាមក​ កម្រិត​កម្ដៅ​បាន​ធ្លាក់​ចុះ​ពី ៤ ទៅ ៥ អង្សាសេ ក្រោយ ពីវា​បាន​ឡើង​ដល់​កម្រិត​អតិបរមា ៤៣ អង្សាសេ​រួចមក។

ជ្រលង​សម្ពាធទាប​ពី​ប្រទេស ឥណ្ឌូនេស៊ី និង ភាគ​កណ្តាល​នៃ​អាង​ទន្លេ​មេគង្គ​បាន​នាំឱ្យ​មាន​ភ្លៀង​គ្រប់​ទី​កន្លែង ក្នុង​បរិ​មាណ​តិច​ច្រើន​ដោយ​កន្លែង រួម​ជាមួយ​បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន។ រដូវវស្សា​អាច​នឹង​ចូល​មក​ដល់​នៅដំណាច់​ខែ​ឧសភា​នេះ ដែល​យឺត​ជាង​រាល់​ឆ្នាំ។

ជាមួយ​នឹង​ភ្លៀងកក់​ខែ ធ្លាក់​មក​ជា​បន្តបន្ទាប់ រួម​ជាមួយ​បាតុភូត​ផ្គរន្ទះ និង ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន​ជាង​ធម្មតា ដែលចាប់​ពី​ថ្ងៃទី​១ ដល់​១៥ ខែ​ឧសភា ខ្យល់​កន្ត្រាក់​បាន​កើត​មាន​នៅ​រាជធានី​ខេត្ត​ចំនួន ២២ លើក ដែល​លើក​លែង​តែ​ខេត្តកំពង់ចាម ព្រះសីហនុ និង​ខេត្ត​កណ្តាល​ប៉ុណ្ណោះ។ 

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា ខ្យល់​កន្រ្តាក់​ទាំងនោះ​បាន​បង្ក​ឱ្យ​ផ្ទះ​រលំ និង ខូចខាតធ្ងន់ធ្ងរ ១៧២​ខ្នង របើក​ដំបូល​និង​ខូច​មធ្យម ១ ១៤៤ខ្នង របើក​ដំបូល​សាលារៀន​ ១២អគារ សាលាឃុំ សាលាឆាន់ និងការិយាល័យ​ស្រុក ៣កន្លែង។ លើស​ពី​នោះ វា​ក៏​បាន​បណ្តាល​ឱ្យ​ដួល​រលំ​គ្រោង​អគាររោងចក្រ​ចំនួន ២ខ្នង ឃ្លាំង​ស្តុកទំនិញ​១កន្លែង ហើយ​ខូចខាត​ដើម​ស្វាយ​ចន្ទី ៧,៦ហិកតា និង ដួល​រលំ​ដើមឈើ ៣ដើម ផងដែរ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​ថា៖ «បាតុភូត​ខ្យល់​កន្រ្តាក់​ចំនួន ២២​លើក​នោះ​ បង្ក​ឱ្យ​មានជន​រងគ្រោះ​ស្លាប់​ចំនួន ២នាក់ និង របួស ៩នាក់ ដោយសារ​តែផ្ទះ និង​ដើមឈើ​រលំសង្កត់... គ្រោះថ្នាក់​រន្ទះបាញ់​បានកើត​មាន​ចំនួន ៤០លើក នៅ​តាម​បណ្តា​ខេត្ត​ចំនួន១៥ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២១នាក់ និង​របួស ១៨នាក់​ផ្សេង​ទៀត ខណៈ​ដែល​ងាប់​គោក្របី ១១ ក្បាល​បាន​ងាប់ និង​ខូចខាត​ផ្ទះ ១០ខ្នង»។ 

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏​បាន​សន្និដ្ឋាន​ផងដែរ​ថា បន្ទាប់ពី​បាតុភូត​អែលនីញ៉ូ ការ​កើត​ឡើង​នូវខ្យល់​កន្ត្រាក់ និង រន្ទះបាញ់​ក៏​តែងតែ​កើត​មាន​ច្រើន តាម​ការ​កត់​ចំណាំ​កន្លងមក។ ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ លែង​មានបញ្ហា​ចោទទៀត​ហើយ ដោយ​បញ្ហា​នៅ​កើតមាន​បន្តិច​បន្តួច​នៅ​តាម​ទីកន្លែង ដែល​ទទួល​បាន​ទឹកភ្លៀង​តិចតូច​ដូចជា​នៅខេត្ត​រតនគីរី មណ្ឌលគីរី និង ខេត្ត​កំពង់ស្ពឺ ជាដើម។ រីឯ ការ​បង្ក​បង្កើនផល ទើប​តែ​ចាប់ផ្តើម​អនុវត្ត បន្ទាប់ពី​មាន​ភ្លៀងធ្លាក់ ហើយ​ល្បឿន​នៃ​ការងារ​នេះ អាច​និង​យឺត​ជាង​រាល់ឆ្នាំ។

តាមការព្យាករណ៍ ឆ្នាំ២០២៤ នេះ ករណី​ផ្គរន្ទះ​អាច​កើត​ឡើង​ច្រើន​ជាង​ឆ្នាំមុន ដែល​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​បន្ត​ក្នុង​ការផ្សព្វផ្សាយ និង ស្វែងយល់​ពី​វិធានការ​ការពារ​បាតុភូត​ធម្មជាតិ​នេះ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត។ 

បាតុភូត​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន​១៤៣​លើក​កាល​ពីឆ្នាំ​ ២០២៣ ដែល​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​១៦​ខ្នង​ ​ងាប់​គោក្របី​ចំនួន​១០៧​ក្បាល ស្លាប់​មនុស្ស​៨៤​នាក់ និងរបួស​ ៥៩​នាក់។

ដោយឡែក កាល​ពី​ឆ្នាំ​ ២០២២ វិញ ​រន្ទះបាញ់បាន​កើត​ឡើង​ចំនួន ១១០​លើក ដែល​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន ២៣ខ្នង ​ងាប់​គោក្របី ៩០​ក្បាល ស្លាប់​មនុស្ស៦៣ នាក់ និង​រងរបួស ៥៨នាក់ ផងដែរ៕