មណ្ឌលគិរីៈ បើ​ទោះ​បី​ជា​កំពុង​តែ​គំរាម​កំហែង​ពី​ការ​បំផ្លាញ​ទី​ជម្រក​ធម្មជាតិ និង​បរ​បាញ់​យ៉ាង​ណា​ក៏ដោយ ក៏​សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ថេរ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ឡាវ និង​វៀតណាម។ 

សត្វ​ទោច​ថ្ពាល់​លឿង​​ប្រមាណ​ ១ ១២៩ក្បាល​ត្រូវ​បាន​ធ្វើ​កំណត់ត្រា​នៅ​ក្នុង​ដែន​ជម្រក​នេះ ដែល​ជា​ចំនួន​មួយ​ថេរ និងបង្ហាញ​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​រយៈពេល ១២ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) កម្ពុជា សហការ​ជាមួយ​ក្រសួង​បរិស្ថាន សហគមន៍​ អាជ្ញាធរ​មូលដ្ឋាន និង​ដៃ​គូ​អភិរក្ស​នានា​ ដើម្បី​ធ្វើ​ការ​ការពារ​ប្រភេទ​សត្វ​ទទួល​រងគ្រោះ​ជិត​ផុត​ពូជ​មួយ​នេះ។ នេះ​បើ​យោង​តាម​អង្គការ WCS។

អង្គការ​បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​សត្វ​ទោច​ថ្ពាល់​លឿង​ នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ដោយសារ​ការ​បំផ្លាញ​ទី​ជម្រក​ធម្មជាតិ ការ​បរបាញ់​ដើម្បី​យក​សាច់​បរិភោគ​និង​ធ្វើ​ឱសថ​បុរាណ​ និង​ការ​ចាប់​យក​មក​ធ្វើ​ជា​សត្វ​ចិញ្ចឹម»។ 

អង្គការ​អភិរក្ស​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា ​ដើម្បី​ការពារ​សត្វ​ទោច​ថ្ពាល់​លឿង ​និង​សត្វព្រៃ​ដទៃ​ទៀត ដោយ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ មិន​ប្រើ​ប្រាស់​ផលិតផល​ធ្វើ​ពី​សត្វ​ព្រៃ និង​មិន​បំផ្លាញ​ព្រៃឈើ ដែល​ជា​ទី​ជម្រករបស់​សត្វព្រៃ។

លោក ឆៅ ប៊ុនធឿន ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បទល្មើស​ព្រៃឈើ​នៅ​តាម​តំបន់​អភរិក្ស​មាន​ការ​ថយចុះ​ក្នុង​ឆ្នាំ ២០២៤ នេះ។ 

លោក ប៊ុនធឿន បាន​អះអាង​ដូច្នេះ​ថា៖ «ឥឡូវ​ទាំង​បទល្មើស​កាប់ឈើ បទល្មើស​ការ​កាប់រាន​ទន្រ្ទាន​យក​ដី​មាន​ការ​ថយចុះច្រើន ដោយសារ​តែ​យើង​ល្បាត និង​បាន​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​របស់​ក្រសួង​ដល់​ ឃុំ ស្រុក ​គ្រប់​កន្លែង​ទាំងអស់ ដែល​ធ្វើឱ្យ​ប្រជាជន​មាន​ការ​យល់ដឹង​ច្រើន»។ 

លោក​បាន​ឱ្យ​ដឹង​ផងដែរ​ថា ទាក់ទង​ទៅ​នឹង​ការ​អភិរក្ស​សត្វ​ថ្ពាល់​លឿង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នេះ​ដែរ​ មានគម្រោង​មួយ ឈ្មោះ ជំរុំ​សត្វទោច ចាហ៊ូ ដែល​ជា​សហគ្រាស​អេកូទេសចរណ៍ ស្ថិត​ក្នុង​ភូមិ​អណ្តូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូរាំង។ អ្នក​ទេសចរណ៍​អាច​ទៅ​ទស្សនា​សត្វថ្ពាល់​លឿង​នេះ​តាម​រយៈសហគមន៍​អេកូទេសចរណ៍​មូលដ្ឋានមួយ​នេះ។

ក្រុមការងារ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) កម្ពុជា បំពាក់កាមេរ៉ាំស្វ័យ​ប្រវត្ត។​ WCS

USAID មរតក​បៃតង​បាន​ឱ្យ​ដឹង​ថា ជំរុំ​សត្វទោច ចាហ៊ូ បាន​ពង្រីក​ទី​ជម្រក​ទំហំ ៤៤៥,៥ហិកតា បន្ថែម​ទៀត​ដោយជោគ​ជ័យ​សម្រាប់​សត្វទោច​ថ្ពាល់លឿង ដែល​ជិត​ផុត​ពូជ​នៅ​ កែវសីមា នៅ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ការ​ពង្រីក​នេះបាន​ធ្វើ​ឱ្យ​តំបន់​រស់នៅ​របស់​សត្វទោច​​សរុប​បាន​កើន​ឡើង​រហូត​ដល់ ៦៩១,៣​ហិកតា នា​ពេល​បច្ចុប្បន្ន​នេះ។ 

គម្រោង​នេះ​មាន​គោលបំណង​បន្ត​ពង្រីក​ទីជម្រក​របស់​សត្វទោច​ឱ្យ​ឈាន​ដល់​គោលដៅ​ចំនួន ១ ០០០​ហិកតា​នៅ​ចុងឆ្នាំ​នេះ។

ការ​ពង្រីក​នេះ​បាន​ផ្តល់​កន្លែង​សម្រាប់​បង្កើន​សកម្មភាព​ស្រាវជ្រាវ និង ការ​ផ្សាំង​សត្វទោច ក៏​ដូចជា ការ​ពង្រីក​វិសាលភាព​នៃ​ការ​ឃ្លាំ​មើល​ព្រៃ​របស់​ ចាហ៊ូ ផងដែរ។ សកម្មភាព​ទាំង​នេះ រួម​ទាំង​ការ​ការពារ​ជម្រក​ដ៏​សំខាន់ របស់​សត្វ​ទោច ទល់​នឹង​ការ​កាប់​ឈើ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការ​កាប់រាន​ព្រៃ​ដោយ​ផ្ទាល់។

ជំរុំ​សត្វទោច ចាហ៊ូ ដែល​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​បាន​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រក​ប​ដោយ​និរន្តរភាព​ដល់​សហគមន៍ តាម​រយៈការ​លក់​កញ្ចប់​ទេសចរណ៍​ដើម្បី​ទស្សនា​សត្វទោច។ ​ជា​ថ្នូរ​មក​វិញ ​សហគមន៍បាន​ធ្វើ​ការ​ការពារ​សត្វ​ទោច​ទាំង​នោះ ព្រម​ទាំង​សត្វ​ព្រៃ​ផ្សេងៗ​ទៀត និង​ជម្រក​របស់​វា​ផងដែរ។

សត្វទោច​ថ្ពាល់លឿង ​ជា​ប្រភេទ​សត្វ​ទទួល​រងគ្រោះ​ជិតផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​អង្គការ IUCN។ អង្គ​ការ WCS បាន​ឱ្យ​ដឹង​ដែរ​ថា សត្វទោច​ថ្ពាល់លឿង​ភាគច្រើន​រស់នៅ​ក្នុង​ព្រៃស្រោង និង ពាក់​កណ្តាល​ស្រោង​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។ ប៉ុន្តែ ដែន​ជម្រក​សត្វព្រៃ កែវសីមា ចំនួន​សត្វទោច​ថ្ពាល់លឿង​ច្រើន​ជាង​គេ​បំផុត។

សត្វទោច​ថ្ពាល់​លឿង​នេះ​ពេល​កើត​មក​មាន​រោមពណ៌​លឿង​ដូចគ្នា។ ប៉ុន្តែ នៅ​អាយុ​ប្រហែល ៦ខែ សត្វទោច​ថ្ពាល់លឿង​ឈ្មោល​នឹង​ប្រែ​ពណ៌ខ្មៅ​រហូត​ដល់​ចាស់។

ចំណែក​សត្វទោច​ថ្ពាល់លឿង​ញី​វិញ ប្រែ​ពណ៌ខ្មៅ ហើយ​បន្ទាប់​មក​ប្រែទៅ​ជា ពណ៌លឿង​វិញ​នៅ​ពេល​វា​ដល់​វ័យ​បន្ត​ពូជ​នៅ​ចន្លោះ​អាយុ ៦-៨ ឆ្នាំ។ ពួកវា​ស្ថិត​នៅ​ក្នុង​ពពួក​ក្រុម​ពានរ​ដ៏​កម្រ ដែល​មាន​ភាព​ស្ម័គ្រស្មោះ (ឯកព័ន្ធភាព) ជាមួយ​ដៃគូ​ជីវិត ដូច​មនុស្ស​អីចឹង៕