កំពង់ស្ពឺៈ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ធ្វើ​ការ​បដិសេធ ហើយ​បាន​សម្រេច​ចេញ​ដីកា​ដក​ហូត​ដី​ជិត ៩០០​ហិកតា ស្ថិត​ក្នុងជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយ​ពី​មាន​ការ​ចូល​ទន្រ្ទាន​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ភូមិ​ពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ 

ដីកា​ស្តីពី ការ​ប្រកាស​បដិសេធ និង ដក​ហូតដី​ព្រៃឈើ ក្នុង​ដែន​ជម្រ​កសត្វ​ព្រៃ​ភ្នំឱរ៉ាល់​ដែល​ចុះ​ហត្ថលេខា​ដោយ​ អភិបាល​ខេត្ត កំពង់ស្ពឺ លោក វ៉ី សំណាង កាល​ពី​ថ្ងៃទី​២១ ខែ​ឧសភា បាន​សម្រេច​ថា៖ «ត្រូវ​បាន​ប្រកាស​បដិសេធ និងដកហូត​ដី​ព្រៃឈើ ដែល​ទទួល​រង​នូវ​ការ​កាន់កាប់​យក​ដី​របស់​រដ្ឋ ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ ដោយ​ខុសច្បាប់ លើ​ទីតាំង​ដី​ចំនួន​មួយ​កន្លែង ដែល​មាន​ផ្ទៃដី​សរុប ៨៩៣ហិកតា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំត្រ​ពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ»។

ដីកា​ដកហូត​ក៏​បាន​ភ្ជាប់​នូវ​ចំណុច​និយាមកា និង​ ផែនទី​បង្ហាញ​ទីតាំង​ដី​ផងដែរ ហើយ​ក៏​បាន​កំណត់​រយៈពេល ៣០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ សម្រាប់​ទុក​សិទ្ធិ ដើម្បី​ឱ្យ​មាន​ការ​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ លោក ជា ហ៊ាន បានអះអាង​នៅ​ថ្ងៃទី​២៤ ខែ​ឧសភានេះ​ថា ដី​ក្នុង​តំបន់​នោះ​កាល​ពី​ដើម​ឡើយ គឺជា​ដី​សហគមន៍​ ឧត្តមស្រែពស់ ប៉ុន្តែ​ត្រូវ​បានគេ​ចូល​ទន្រ្ទាន និង​កាន់​កាប់​ដោយ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ។  

អង្គការ​ធ្លាប់​បាន​ចុះ​អង្កេត​ឃើញ​មាន​ការ​ឈូសឆាយ ហើយ​បាន​សុំ​កម្លាំង​ការិយាល័យ​នៃ​ដែន​ជម្រក​ទៅ​ចាប់​បាន​អាល់ប៊ុល​មួយ​គ្រឿង។ ក្រោយ​មក​ពី​មាន​ការ​ផាកពិន័យ គ្រឿង​ចក្រ​នោះ​ក៏​ត្រូវ​បាន​ដោះលែង​វិញ។ 

លោក​បាន​អះអាង​បន្ត​ថា ប៉ុន្មាន​ថ្ងៃ​ក្រោយមក មាន​ការ​ឈូសឆាយ​បន្តទៀត ហើយ​អង្គការ​ក៏​បាន​សុំកម្លាំង​អាវុធហត្ថ​ស្រុក​ឱរ៉ាល់ ដើម្បី​ចាប់​បញ្ជូន​ទៅ​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ទៀត។ 

កាលពី​ថ្ងៃទី២ ខែ​ឧសភា​នេះអង្គការ​ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​មន្ទីរបរិស្ថាន​ខេត្ត ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​អន្តរាគមន៍​ចុះអង្កេត ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​ទន្រ្ទាន​យក​ដី​ក្នុង​តំបន់​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យនោះ។

លោកនិយាយ​ថា៖ «មាន​មន្រ្តី​ដែន​ជម្រក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ ហើយ​ខាង​រដ្ឋបាល​ឃុំ​ក៏​បាន​ចេញ​លិខិត​បដិសេធ​មិនទទួល​ស្គាល់​លើ​ទីតាំងដី​ហ្នឹង។ ដីនោះ​មាន​អ្នក​ខាងក្រៅ​ចូល​ទៅ​ទិញ ហើយ​មាន​ការ​ទិញ​លក់តៗ​គ្នា​អញ្ជឹងមក។ ម្ចាស់គេច​ខ្លួន​បាត់​ហើយ​ដែរ»៕