ភ្នំពេញៈ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកនាថ្ងៃទី២៣ ខែឧសភានេះ បានអនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និង សេវាកម្មទីផ្សារការងារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក (IDA) នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។
ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ”(Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កែលម្អការណែនាំអំពីអាជីព និងការជួយរក ការងារធ្វើ និងធ្វើការពាក់ព័ន្ធជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។
ធនាគារពិភពលោកបានបញ្ជាក់ថា៖ «សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ»។
ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៨៩ ភាគរយនៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។
គម្រោង“ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ”ដែលមានរយៈពេលប្រាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើ ពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឱ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះនឹងអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ «នៅពេលកម្ពុជាខិតខំ បោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និង នាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយ សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការរបស់និយោជក»។
លោកស្រីបានបន្ថែមថា ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស ដែលឆ្លើយតបបានទៅនឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និង ជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលបំណងរបស់ខ្លួនបាន។
លទ្ធផលរំពឹងទុកសំខាន់ៗនៃគម្រោងនេះមានដូចជា៖ និយោជកមានការពេញចិត្តជាងមុនជាមួយនឹងជំនាញរបស់អ្នកដែលបានបញ្ចប់ការបណ្តុះបណ្តាលរបស់កម្មវិធី, ការកើនឡើងនៃភាគចំណែករបស់អ្នកបញ្ចប់ការសិក្សាដែលរកបានការងារដែលផ្តល់ប្រាក់ឈ្នួលក្នុងកម្រិតខ្ពស់ជាងប្រាក់ឈ្នួលមធ្យមជាតិ, លើកកម្ពស់មតិយោបល់របស់ឧស្សាហកម្មនានានៅក្នុងការរចនា និងការផ្តល់ការបណ្តុះបណ្តាល និងការសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក, លើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ៕