ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានពន្យល់ប្រាប់សមភាគីវៀតណាមរបស់លោកថា គម្រោង «ព្រែកជីកហ្វូណន តេជោ» នឹងជួយកាត់បន្ថយទឹកជំនន់នៅខេត្តចំនួន ៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។
លោក បញ្ជាក់ថា ផ្លូវទឹកព្រែកជីកនេះនឹងមានការសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្ដាល តាកែវ និងកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្ដាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របាន ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើងដូច្នេះក្នុងជំនួបជាមួយលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី២៣ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពីអនាគតរបស់អាស៊ី។
លោកពន្យល់ថា៖ «ប៉ុន្តែផ្ទុយទៅវិញ គម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CDC នាថ្ងៃទី២៤ ឧសភា។
លោក ស៊ុន ចាន់ថុល បានដកស្រង់ការសិក្សា «យ៉ាងលម្អិត» ដែលបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី ហើយថាចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទីតែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣ភាគរយ។
លោកពន្យល់ថា គម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន ហើយថា កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេលប្រមាណជាង២ឆ្នាំ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងចំណោម៤៨នាក់នោះ មានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្ត្រចំនួន១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងតែមានជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ព្រែកជីកនេះនឹងត្រូវបានប្រើប្រាស់ដោយកងទ័ពចិន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានថ្លែងកាលពីខែមេសា ថា កម្ពុជាមិនល្ងង់រហូតដល់យកកងទ័ពចិនមកដាក់លើទឹកដីរបស់ខ្លួនដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ។
លោកបន្ថែមថា ចិនក៏មិនល្ងង់យកកងទ័ពមកដាក់ចោលក្នុងស្រុកខ្មែរដែលផ្ទុយនឹងគោលការណ៍នៃការគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជានោះដែរ។
គម្រោងព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះនឹងចំណាយទឹកប្រាក់ ១,៧ពាន់លានដុល្លារ និងពេលវេលាសាងសង់ ៤ឆ្នាំ។
ក្នុងសុន្ទរកថាពិសេសនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែឧសភា លោក ហ៊ុន សែន បានផ្ដល់មតិឱ្យរាជរដ្ឋាភិបាលចាប់ផ្ដើមសាងសង់ព្រែកជីកនេះឱ្យបានឆាប់តាមតែអាចធ្វើបាន៕