ភ្នំពេញ៖ ស្ថានទូតបារាំងប្រកាសផ្ដល់ទិដ្ឋាការស៊ែនហ្គែន (Schengen Visa) សម្រាប់អតីតនិស្សិតកម្ពុជាដែលធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលអាចធ្វើដំណើររយៈពេលខ្លីទៅកាន់ប្រទេសទទួលស្គាល់ទិដ្ឋាការនេះចំនួន២៩នៅទ្វីបអឺរ៉ុប។
ការប្រកាសនេះធ្វើឡើងនៅពេលដែលស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំពិធីជួបជុំជាមួយអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង នៅស្ថានទូតបារាំងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា។ ពិធីជួបជុំនេះធ្វើឡើងក្នុងក្របខណ្ឌទិវាពិភពលោកលើកទី២នៃអតីតនិស្សិតសិក្សានៅប្រទេសបារាំង។
លោក ហ្វាប្រ៊ីស អេជេន (Fabrice Etienne) ភារធារីស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសថា ទិដ្ឋាការនេះមានសុពលភាពរយៈពេលពី ១ឆ្នាំទៅ៥ឆ្នាំ ហើយអាចត្រូវបានផ្ដល់ជូនភរិយា ឬស្វាមី និងកូនៗរបស់អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសបារាំងផងដែរ។
សម្រាប់ប្រទេសបារាំង ទិដ្ឋាការនេះអាចអនុញ្ញាតឲ្យអតីតនិស្សិតនិងក្រុមគ្រួសារស្នាក់នៅប្រទេសបារាំងបានរយៈពេល ៩០ ថ្ងៃ។ អ្នកដែលត្រូវការទិដ្ឋាការនេះអាចដាក់ពាក្យស្នើសុំនៅមជ្ឈមណ្ឌល TLScontact ដោយភ្ជាប់ជាមួយនូវលិខិតឆ្លងដែនដែលមានសុពលភាព ឯកសារចម្លងនៃសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ ឬបណ្ឌិត និងចុះឈ្មោះនៅលើគេហទំព័រ France Alumni Cambodge។
បណ្តាញ France Alumni Cambodge ត្រូវបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមកទល់នឹងពេលនេះមានសមាជិកជាអតីតនិស្សិតកម្ពុជាជាង៩០០នាក់។
យោងតាមស្ថានទូតបារាំង ក្នុងមួយឆ្នាំៗមាននិស្សិតពីកម្ពុជាចំនួន ១៥០រូបចេញទៅសិក្សានៅប្រទេសបារាំង ហើយបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាជាង ៨០០ នាក់កំពុងបន្តការសិក្សានៅទីនោះ។
ពួកគេភាគច្រើនទទួលបានអាហារូបករណ៍ពីកម្មវិធីផ្សេងៗដូចជាកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលបារាំង (France Excellence) ដែលមានប្រមាណ៣០នាក់ក្នុងមួយឆ្នាំ, កម្មវិធី Excellence Eiffel ដែលមានប្រមាណ១០ក្នុងមួយឆ្នាំ, កម្មវិធី Erasmus+ ដែលទទួលនិស្សិតប្រមាណ ១៥នាក់ក្នុងមួយឆ្នាំ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្ត្រ DFMS/DFMSA ដែលទទួលនិស្សិតប្រមាណ៧០នាក់ក្នុងមួយឆ្នាំ។ លើសពីនេះទៀត និស្សិតមួយចំនួនពីបណ្ឌិតសភារ្យបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក៏ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសបារាំងផងដែរ។
លោក មាស ឡេន គឺជាសាស្ត្រាចារ្យគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានសិក្សានៅប្រទេសបារាំងអស់រយៈពេល ៥ ឆ្នាំ ពីឆ្នាំ២០១២ ដល់ ២០១៧ តាមរយៈកម្មវិធីអាហារូបករណ៍ PGSM (Paris Graduate School for Mathematical Sciences)។ ក្នុងអំឡុងពេលនេះ លោកបានចំណាយពេល២ឆ្នាំសម្រាប់ការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យានៅទីក្រុងប៉ារីស និង ៣ឆ្នាំទៀតថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យាដដែលនៅទីក្រុងនីស (Nice)។
លោកបានចែករំលែកពីបទពិសោធន៍របស់លោកថា លោកបានព្យាយាមស្វែងរក និងដាក់ពាក្យសុំអាហារូបករណ៍នេះតាមអនឡាញរហូតទទួលបានជោគជ័យ។ ប៉ុន្តែលោកថា អាហារូបករណ៍នេះមានលក្ខណៈប្រកួតប្រជែងខ្លាំងជាងអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលបារាំង។ លោកគឺជានិស្សិតខ្មែរលើកដំបូងដែលបានទទួលអាហារូបករណ៍នៅក្នុងកម្មវិធីនេះ។
លោកលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ត្រូវមានមូលដ្ឋានគ្រឹះឲ្យរឹងមាំ និងមានចំណេះដឹងទាំងភាសាបារាំងនិងអង់គ្លេស ពីព្រោះកម្មវិធីខ្លះក៏ប្រើប្រាស់ភាសាអង់គ្លេសដែរ។
លោកថា៖ «ចង់ទៅរៀនអ្វីក៏ដោយ សំខាន់យើងមានគ្រឹះខ្លាំងនៅស្រុកខ្មែរ។ គ្រឹះនេះជួយឲ្យយើងទទួលបានអាហារូបករណ៍ ហើយពេលបានអាហារូបករណ៍ហើយ វាធ្វើឲ្យយើងស្រួលខ្លួនពេលទៅរៀនមិនសូវមានសម្ពាធខ្លាំងពេកសម្រាប់ខ្លួនឯង»។
បើតាមស្ថានទូតបារាំង ប្រទេសបារាំងទទួលបានចំណាត់ថ្នាក់លេខ៣នៅលើពិភពលោកសម្រាប់រយៈពេល ៤ ឆ្នាំជាប់ៗ ដោយសារតែបារាំងមានគ្រឹះស្ថានអប់រំឈានមុខគេនៅលើ «ចំណាត់ថ្នាក់សៀងហៃ»។ គ្រឹះស្ថានសិក្សាបារាំងស្ថិតនៅក្នុងចំណោមគ្រឹះស្ថានឈានមុខគេទាំង២០៕