ភ្នំពេញៈ កម្មវិធី​ទូរស័ព្ទ​ដៃ APP NoDrug មាន​អ្នក​ទាញ​យក និង ប្រើប្រាស់​សរុប​បាន​ចំនួន ៨ ៦០៤​នាក់​ហើយ ក្នុង​រយៈពេល​មួយ​ខែ ក្រោយ​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា​កន្លង​មក ដើម្បី​ចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុស​ច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា ដែល​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​គណៈបញ្ជា​ការយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី៩ បាន​ថ្លែង​ថា នេះ​ជា​ការ​បោះ​ជំហាន​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការងារ​អប់រំ និង ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​ប្រើប្រាស់​មធ្យោបាយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទំនើប និង​រហ័ស​ពេញនិយម។

លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​ដូច្នេះ​ថា៖ «ចំនួន​នៃ​ការ​ដំឡើង និង​ប្រើប្រាស់​កម្មវិធី​នេះ​នឹង​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​រួមគ្នា​ទប់​ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់»។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ដំឡើង និង ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ​បន្ថែម​ទៀត​ផងដែរ។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ APP NoDrug របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺ ដើម្បី​ពង្រឹង​និងពង្រីក​វិសាលភាព​នៃ​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និងជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា ធ្វើ​យ៉ាង​ណា​ឱ្យ​សាធារណជន​ទូទៅ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ និងមាន​សមត្ថភាព​កាន់​តែ​រឹងមាំ​ក្នុង​ការ​បង្ការ​ការពារ​ខ្លួន ការពារ​ក្រុម​គ្រួសារ និង​មិត្តភក្តិ។

ជាង​នេះទៀត គឺ​ដើម្បី​ឱ្យ​ពួក​គាត់បាន​យល់​ដឹង​និង​អាច​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង សមត្ថកិច្ច អនុវត្ត​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ នឹង​គ្រឿងញៀន។

ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​តាម​រយៈកម្មវិធី​នេះ ហើយ​សមត្ថកិច្ច​ទទួលអនុវត្ត​បង្ក្រាប​ប្រកប​ដោយ​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ។ 

សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ចែកចាយ រក្សាទុក និង ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់​នូវ​សារធាតុញៀន​ខុស​ច្បាប់ នៅ​ផ្ទះសំណាក់ យីហោ សួរស្តី ស្ថិត​ក្នុង​ភូមិ៧ សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ។

ក្នុង​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៩នាក់ ដែល​រួម​មាន​ប្រុស ១១នាក់ និង​ស្រី ៨នាក់។ 

វត្ថុតាង​ដែល​បាន​រកឃើញ​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១៤​កញ្ចប់ និង ឧបករណ៍ សំរាបម្រើ​ឱ្យ​ការ​សេព​គ្រឿងញៀន ដែល​បាន​ឆែក​និង​ពិនិត្យ​ឃើញ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ចំនួន ១០​បន្ទប់។ នេះ​បើ​យោងតាម​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD)។

លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ យល់ឃើញថា ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​កំពុង​តែ​ចាប់​អារម្មណ៍​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃនេះ ក្រុម​ការងារ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គួរតែ​មាន​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រាយការណ៍​ឱ្យ​បាន​លឿន និង​ទាន់​ពេលវេលា ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ឆាប់​តាម​ដែលអាច​ធ្វើ​ទៅ​បាន ដើម្បី​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ និង​ដើម្បី​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន​មាន​ប្រសិទ្ធភាព។ 

ទោះយ៉ាងណា លោក​បាន​សង្កេត​ឃើញ​ថា កម្មវិធី​អភិបាលកិច្ច​ល្អ​មួយ​ចំនួន​បាន​ធ្វើឱ្យ​ពលរដ្ឋ​អស់​ជំនឿ នៅពេល​ដែលពួកគាត់​បាន​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប ឬ គ្មាន​ដំណោះស្រាយ។ 

លោក​បញ្ជាក់​ថា៖ «កាលណា​មាន​ការ​យក​ទៅ​ប្រើប្រាស់​បាន​ទូលំទូលាយ នោះ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​បណ្តុំ​ព័ត៌មាន​មួយ​យ៉ាង​សំខាន់​ពី​ពលរដ្ឋ។ ប្រសិន​បើ​មាន​ពលរដ្ឋ​ជួយ​រាយការណ៍​ច្រើន ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​ដែរ»។ 

លោកបន្ថែម​ថា លើស​ពី​នោះ អាជ្ញាធរ​មូលដ្ឋាន និង​ពាក់ព័ន្ធ​ផ្សេងៗ​ក៏​គួរ​តែ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ភូមិឃុំមានសុវត្ថិភាព​ដល់​ពលរដ្ឋ​ផងដែរ។ 

នៅក្នុង​កម្មវិធី​ទូរស័ព្ទដៃ​នេះ មាន​កម្មវិធី​ជាច្រើន​ដូចជា៖ ព័ត៌មានថ្មីៗ​ទាក់ទង​នឹង​ការ​ប្រឆាំង​គ្រឿងញៀន ការ​កម្សាន្តដោយ​ភ្ជាប់​ជាមួយ​សារ​អប់រំ មេរៀន​និង​ចំណេះដឹង ប្រឡង ទីតាំង​មណ្ឌល​ស្តារសម្បទា និង​មាន​កម្មវិធី​សម្រាប់​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ដោយ​សង្ងាត់ ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់ និង ជួញដូរ​គ្រឿង​ញៀន​គ្រប់​ប្រភេទ៕