យុវជនដែលជាក្មេងទំនើងប្រមាណ ៧០នាក់ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងការកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាតក្នុងរយៈពេលតែ ៣ ថ្ងៃ បន្ទាប់ពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកឃ្លាំមើលស្នើឲ្យមើលទៅលើឫសគល់នៃបញ្ហាដើម្បីធ្វើឲ្យដំណោះស្រាយសម្រាប់បញ្ហានេះមាននិរន្តរភាព។
ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែឧសភានេះ ក្មេងទំនើងប្រមាណ ៧០នាក់ពីរាជធានីភ្នំពេញ និង ខេត្តមួយចំនួនត្រូវបានចោទប្រកាន់ដោយខ្លះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារ ខណៈខ្លះទៀតកំពុងគេចខ្លួន និង ស្ថិតក្រោមការតាមចាប់របស់សមត្ថកិច្ច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានី និងបណ្ដាខេត្តមួយចំនួន ហើយត្រូវបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌។
ចំណាត់ការបែបតឹងរ៉ឹងនេះ មានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាតឹងរ៉ឹងកាលពីថ្ងៃទី២៣ ខែឧសភា ដោយគ្មានការលើកលែងចំពោះសកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចនិងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម។
យោងតាមតាមត្រា ២១៨ នៃក្រមព្រហ្មទណ្ឌហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស អ្នកប្រព្រឹត្តបទល្មើសនេះប្រឈមមុខជាប់ពន្ធនាគារពី២ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល។
ចំណែកបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ។ បើតាមដីកាតុលាការ ភាគច្រើននៃក្មេងទំនើងត្រូវបានចោទប្រកាន់ដោយបទល្មើសទាំងពីរនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែឧសភាបញ្ជាក់ថា៖ «ចំពោះសកម្មភាពរបស់ក្មេងទំនើងដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឹងម៉ាត់និងតឹងរ៉ឹង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឲ្យដឹងថា គ្មានទៀតទេការអប់រំសម្រាប់សកម្មភាពក្មេងទំនើង ដែលពីមុនយន្តការអប់រំត្រូវបានអនុវត្ត។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការអនុវត្តនេះធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអគ្គស្នងការនគបាលជាតិ លោក ស ថេត ក៏ដូចជាស្នងការរាជធានីភ្នំពេញ លោក ជួន ណារិន្ទ។
លោកថា៖ «ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចបង្ក្រាបបានក្មេងទំនើងរហូតដល់ទៅ ៤៥នាក់ ក្នុង១០ករណីផ្សេងៗគ្នា។ ក្នុងនោះមានមុខសញ្ញាមានសារធាតុញៀន មានសិស្ស មានអ្នកប្រកបមុខរបប អ្នករើសអេតចាយ អ្នកដឹកជញ្ជូន កម្មករ និងអ្នកគ្មានមុខរបប។ អ្នកទាំង ៤៥នាក់នេះយើងបានបញ្ជូនគាត់ទៅកាន់តុលាការដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ករណីបង្ករហិង្សា ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការប្រើអំពើហិង្សាដោយចេតនា»។
លោកបញ្ជាក់ទៀតថា ការយកវិធានការច្បាប់សម្រាប់សកម្មភាពក្មេងទំនើងគឺដើម្បីធ្វើយ៉ាងណាឲ្យវិធានការនេះមានប្រសិទ្ធភាពជាទីបំផុត។ លោកបន្តថា ស្នងការរាជធានីភ្នំពេញនឹងប្ដេជ្ញាធ្វើកិច្ចការនេះឲ្យខាងតែបាន ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។
លោកបញ្ជាក់ថា៖ «យើងនឹងបន្តសហការជាមួយនាយកសាលាដើម្បីធ្វើការងាររដ្ឋបាលចំពោះមុខសញ្ញាសិស្សដែលមានការសង្ស័យជាក្មេងទំនើង យើងនឹងត្រួតពិនិត្យរកមើលអាវុធផ្សេងៗ។ យើងនឹងបន្តពិនិត្យកន្លែងលក់កាំបិតលក់ដាវតាមភាពជាក់ស្ដែង និងហាមឃាត់គាត់មិនឲ្យលក់ទៅដល់ក្មេងទំនើងនោះទេ។ យើងនឹងបន្តពិនិត្យមើលថាតើកន្លែងលក់កាំបិតលក់ដាវនេះបានអនុវត្តតាមអ្វីដែលសមត្ថកិច្ចបានណែនាំឬអត់ដើម្បីមានវិធានការតាមជាក់ស្ដែង»។
លោក មាស នី អ្នកឃ្លាំមើលសង្គម យល់ឃើញថា វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលគឺជារឿងត្រឹមត្រូវ។ យ៉ាងណាក៏ដោយ លោកស្នើឲ្យពិនិត្យមើលទិដ្ឋភាពទូទៅនៅក្នុងសង្គមដែលបណ្ដាលឲ្យមានសកម្មភាពក្មេងទំនើង។
លោកថ្លែងថា ក្មេងទំនើងអាចកើតចេញពីការបណ្ដែតបណ្ដោយរបស់អាជ្ញាធរមូលដ្ឋាននៅដំណាក់កាលដំបូងដែលក្រោយមកធ្វើឲ្យបញ្ហាកាន់តែធំទៅៗ។
តាមការអង្កេតរបស់លោក ក្មេងទំនើងភាគច្រើនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រឿងស្រវឹង។ លោកបន្តថា ក្មេងទំនើងខ្លះ មានប្រវត្តិចេញពីគ្រួសារអាជ្ញាធរមូលដ្ឋានក៏មាន ហើយពួកគេទទួលបានការយោគយល់ដែលធ្វើឲ្យពួកគេបន្តធ្វើសកម្មភាពទំនើង។ ម្យ៉ាងទៀត ប្រភពនៃក្មេងទំនើងគឺក្មេងដែលបោះបង់សាលា។ «បើយើងគ្រាន់តែចាប់ក្មេងយកទៅដាក់គុក ហើយយើងមិនបានមើលប្រព័ន្ធអប់រំធ្វើឲ្យក្មេងជ្រុះពីប្រព័ន្ធអប់រំ ហើយដើរលេងពាសវាលពាសកាលបង្កបញ្ហាសង្គមនោះ វាក៏មានបញ្ហាដែរ ដូចថ្ងៃនេះអីចឹង»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរតែមើលបញ្ហានេះ ព្រោះក្មេងទំនើងសុទ្ធតែស្ថិតក្នុងអាយុមួយ គឺអាយុផលិត។ បើយើងមិនបានគិតពីយុទ្ធសាស្ត្រទេហើយគ្រាន់តែចាប់ក្មេងយកទៅញាត់គុក បន្តិតទៀតគុកវានឹងក្លាយទៅជាកន្លែងដែលយកយុវជនកម្លាំងពេញទៅឃុំទុក ហើយចិញ្ចឹមពួកគេវិញ មិនមែនពួកគេអ្នករកស៊ីចិញ្ចឹមខ្លួនឯង ឬចិញ្ចឹមគ្រួសាររបស់ពួកគេទេ គឺទៅជារដ្ឋជាអ្នកចិញ្ចឹមពួកគេទៅវិញ»។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រឲ្យមានវិធានការតឹង ប៉ុន្តែសុំឲ្យទៅមើលមូលហេតុដើមរបស់វាឲ្យបានច្រើនផង ដូចជាហេតុអ្វីបានជាក្មេងជ្រុះពីប្រព័ន្ធអប់រំ»។
លោកស្នើឲ្យមានការសិក្សាទៅលើក្រុមយុវជនដែលបោះបង់ការសិក្សា និងអ្នកដែលប្រឡងមិនជាប់ ថាតើពួកគេងាកទៅធ្វើអ្វីវិញ។
រដ្ឋាភិបាលកាលពីចុងឆ្នាំ២០២៣ បានដាក់ចេញគោលនយោបាយផ្ដល់ការអប់រំផ្នែកជំនាញដល់គ្រួសារក្រីក្រសរុប ១,៥លាននាក់។ ពួកគេទទួលបានការសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅហូបចុកប្រមាណ ៧០ដុល្លារ។ ប៉ុន្តែលោក មាស នី យល់ថា ការឧបត្ថម្ភនេះមិនទាន់គ្រប់គ្រាន់នៅឡើយ។
លោកថា យុវជនភាគច្រើនហាក់ដូចជាមិនបានរៀនកម្មវិធីទាំងនេះឲ្យបានជាប់លាប់ រហូតដល់បញ្ចប់ការសិក្សានិងទទួលបានការងារធ្វើដោយសារតែពួកគេមិនអាចទ្រទ្រង់ការស្នាក់នៅហូបចុកគ្រប់គ្រាន់។ លោកបញ្ជាក់ថា យុវជនដែលមកពីគ្រួសារដែលមានជីវភាពគ្រាន់បើអាចបញ្ចប់ការសិក្សាមុខជំនាញដែលពួកគេជ្រើសរើស។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា វិធានការក្ដៅនេះមានប្រសិទ្ធភាពដែរនៅពេលសន្ទុះនៃក្មេងទំនើងមានកាន់តែច្រើន ដើម្បីឲ្យក្មេងផ្សេងទៀតមានការភ័យខ្លាច។
យ៉ាងណាក៏ដោយ លោកថា វិធីសម្រាប់ដោះស្រាយបញ្ហានេះត្រូវមើលឫសគល់នៃបញ្ហា តាំងពីក្មេងនោះនៅតូច។
លោកថ្លែងថា៖ «តើក្មេងនោះកើតមក ឪពុកម្ដាយបានចិញ្ចឹមបីបាច់ត្រឹមត្រូវឬអត់? ឬមួយឪពុកម្ដាយគាត់ស្លាប់ក្រោយពេលកើត ឬមួយអ្នកខ្លះមានតែម្ដាយ ឬមានតែឪពុក ដែលធ្វើឲ្យពួកគេមិនបានមើលថែបានដិតដល់ ឬមួយត្រូវធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ដូច្នេះធំជាងគេ គឺចាប់ផ្ដើមពីគ្រួសារ ធ្វើម៉េចឲ្យអាណាព្យាបាលគ្រប់គ្រងឲ្យបានល្អ។ បើនៅដំណាក់កាលគ្រួសារមិនល្អ ទៅសាលាក៏ធ្វើឲ្យសាលាគ្រប់គ្រង់មិនបានល្អដែរ ហើយចេញដល់សង្គម ពួកគេក៏មិនល្អដែរ»។
«កត្តាមួយទៀតនោះគឺថា តើនៅសាលារៀនលោកគ្រូអ្នកគ្រូបានបន្ថែមការអប់រំតម្រង់ទិសដែរឬទេ បន្ថែមទៅលើការសិក្សាផ្នែកមុខវិជ្ជា ឬជំនាញនីមួយៗ។ លោកគ្រូអ្នកគ្រូ ជាក់ស្ដែងគ្រាន់តែអនុវត្តទេ សំខាន់ត្រូវពិនិត្យមើលលើសៀវភៅណែនាំតម្រង់ទិស និងយកចិត្តទុកដាក់លើមុខវិជ្ជាសីលធម៌ និងគុណធម៌ជាដើម»។
លោកថា មុខវិជ្ជាសង្គមគួរតែត្រូវបានបន្ថែមពិន្ទុឲ្យខ្ពស់ដូចមុខវិជ្ជាគណិតជាដើមប្រសិនបើចាំបាច់។ លើសពីនេះទៀតលោកស្នើឲ្យពិនិត្យមើលមូលហេតុដែលបណ្ដាលមកពីគ្រឿងញៀន និងគ្រឿងស្រវឹង និងបន្ថែមការការពារសន្តិសុខពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ការសហការគ្នារវាងគ្រួសារ អាជ្ញាធរ និងសាលារៀនគួរធ្វើឡើងដើម្បីទប់ស្កាត់ក្មេងទំនើង និងលុបបំបាត់អំពើហិង្សាទាំងនៅក្នុងសង្គមជាក់ស្ដែង និងនៅលើបណ្ដាញសង្គម។
លោកថា៖ «ពេលខ្លះគេថា រឿងអប់រំ ប៉ុន្តែវាមានអំពើហិង្សានៅក្នុងនោះ។ សូម្បីតែវិធានការរបស់អាជ្ញាធរដើម្បីទប់ស្កាត់នោះ ពេលខ្លះក៏បង្ហាញភាពហិង្សាដែរ។ វាប្រៀបដូចយើងជេរកូនដើម្បីកុំឲ្យកូនជេរគ្នា ឬវាយកូនដើម្បីកុំឲ្យកូនវាយគ្នា។ ទង្វើបែបនេះជាមធ្យោបាយដែលមានផលប៉ះពាល់ពីរ»។
លោកស្នើឲ្យមានដំណោះស្រាយជារួម និងដោះស្រាយតាមករណីជាក់ស្ដែងរបស់ក្មេងម្នាក់ៗ។
លោកបន្ថែមថា៖ «ប្រសិនបើយើងអត់រកមូលហេតុ យើងអត់កាត់ឫសកាត់គល់ទេ យើងចាំតែចាប់ដាក់ពន្ធនាគារ ប្រហែលយើងត្រូវសាងសង់ពន្ធនាគារបន្ថែមទៀត ព្រោះសព្វថ្ងៃនេះអ្នកជាប់ពន្ធនាគារមានច្រើនស្រាប់ហើយ។ ដូច្នេះ គួរតែមានវិធានការ ដូចជាមានមណ្ឌលពិសេសសម្រាប់អប់រំ ដោយមិនចាំបាច់ទាន់ដល់ពន្ធនាគារ គឺប្រៀបធៀបដូចមណ្ឌលបន្សាបគ្រឿងញៀន។ ពេលពួកគេអស់ភាពទំនើងហើយទើបប្រគល់ឲ្យឪពុកម្ដាយវិញ»៕