ភ្នំពេញៈ សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង កងទ័ព​ជើងទឹក​ចិន​បាន​ដំណើរការ​យ៉ាង​រលូន​តាម​ការ​គ្រោងទុក ប្រកប​ដោយ​ជោគជ័យ និង ធានា​បាន​សុវត្ថិភាព ក្រោយ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​លើ​លំហរ​សមុទ្រ​កម្ពុជា អស់​រយៈពេល ១២ ថ្ងៃ​រួចមក។ នេះ​ជា​ការ​លើក​ឡើង​របស់​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់​ ក្នុង​ពិធី​បិទ​សមយុទ្ធ​ជើង​ទឹក​នាថ្ងៃ​ទី២៧ ខែ​ឧសភានេះ។ 

សមយុទ្ធ​ជើងទឹក «នាគមាស ឆ្នាំ២០២៤» រវាង​កម្ពុជា និង ចិន នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ប្រតិបត្តិការរំដោះ​ចំណាប់​ខ្មាំង​ពី​ក្រុម​ភេរវករ​ដែល​ចាប់​ជំរិត​នាវា​ដឹក​ទំនិញ»។ 

លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយ​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បានអះអាង​ថា សមយុទ្ធ​កងទ័ព​ជើងទឹក​រវាង​កម្ពុជា និង​ចិន​នា​ពេល​នេះ មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​នោះឡើយ។ ប៉ុន្តែ​សមយុទ្ធ​នេះ គឺ​ដើម្បី​ជា​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ពីរ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោល​បំណង​បង្កើន​សមត្ថភាពកងទ័ព​ទាំងពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​តាម​លំហរសមុទ្រ។ នេះបើយោង​តាម​ក្រសួង​ការពារជាតិ។ 

សមយុទ្ធ​ជើងទឹក «នាគមាស ឆ្នាំ​២០២៤» លើក​ទី១ រវាង​កងទ័ព​ជើងទឹក​កម្ពុជា និង​កងទ័ពជើង​ទឹក​ចិន​នៅ​លើ​លំហរ​សមុទ្រ​កម្ពុជា អស់​រយៈពេល ១២ ថ្ងៃ​រួចមក។ ក្រសួងការពារជាតិ

លោក​បញ្ជាក់​ថា៖«សមយុទ្ធ​ជើងទឹក​នាគមាស​ឆ្នាំ ២០២៤ នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រីក​ការ​ទំនាក់ទំនង​គ្នា ការពង្រឹង​សមត្ថភាព​យោធា និង ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញ​ទៅមក ហើយ​សមយុទ្ធ​ជើងទឹក​នាគមាស​ឆ្នាំ ២០២៤ នេះដែរ​ មិន​មាន​ការ​គំរាមកំហែង​ដល់​ប្រទេស​ណាឡើយ»។

សមយុទ្ធនាគ​មាស​ឆ្នាំ​២០២៤ លើក​ទី​៦ រវាង​កម្ពុជា និង​ចិន ក្រោម​ប្រធាន​បទ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និងការ​សង្រ្គោះ​មនុស្សធម៌» បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី​៣០ ខែ​ឧសភា​នេះ នៅ​ភ្នំ​ជុំសែន​រីករាយ ខេត្ត​កំពង់ឆ្នាំង និង ខេត្តព្រះសីហនុ។ 

កម្លាំង​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​សរុប​មាន​ចំនួន ២ ០៧៥នាក់។ ក្នុង​នោះ​កងយុទ្ធពលខេមរៈភូមិន្ទ​មាន​ចំនួន ១ ៣១៥នាក់ និង​កងទ័ព​រំដោះប្រជាជន​ចិន​មាន ៧៦០នាក់។ គ្រឿង​បំពាក់​លើ​សមយុទ្ធ​នៅ​លើគោក​រួម​មាន​រថពាស​ដែក យានយន្ត​គ្រប់​ប្រភេទ​ចំនួន ៦៩គ្រឿង រួម​នឹង​បរិក្ខា​ស៊ើបការណ៍ បរិក្ខា​បោសសម្អាត​ជាតិ​ផ្ទុះ និង​បរិក្ខា​បញ្ជូនសារ​ជាច្រើន​ឈុត​ទៀត។ 

លើសពីនោះ សមយុទ្ធ​នៅ​លើ​ផ្ទៃសមុទ្រ​មាន​នាវា​ចូលរួម​សរុប ១៤​គ្រឿង និង ឧទ្ធម្ភាគចក្រ​ចំនួន ២គ្រឿង​ផងដែរ។ នាវា​ចូលរួម​សរុប ១៤គ្រឿង​នោះ មាន​នាវា​ចិន ៣គ្រឿង ហើយ​នាវា​កម្ពុជា ១១គ្រឿង។

សមយុទ្ធ​ជើងទឹក «នាគមាស ឆ្នាំ​២០២៤» លើក​ទី១ រវាង​កងទ័ព​ជើងទឹក​កម្ពុជា និង​កងទ័ពជើង​ទឹក​ចិន​នៅ​លើ​លំហរ​សមុទ្រ​កម្ពុជា អស់​រយៈពេល ១២ ថ្ងៃ​រួចមក។ ក្រសួងការពារជាតិ

ក្នុងឱកាសនោះ​ផងដែរ លោក​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏​បាន​ផ្តល់​ការ​ណែនាំ​ដល់​នាវឹក​កម្ពុជា-ចិន ដែល​ជា​សិក្ខាកាម​ត្រូវ​បន្ត​យកចិត្តទុកដាក់​សហការ​គ្នា​លើ​គ្រប់​វិស័យ និង ផ្លាស់ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ ជាពិសេស ​បច្ចេក​វិទ្យា​យោធា​ដែល​មាន​ការ​វិវត្ត​យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន​នេះ។

លើស​ពី​នោះ​ត្រូវ​ប្រជុំផ្លាស់​ប្តូរ​បទពិសោធន៍​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​នាគ​មាស​ឆ្នាំ ២០២៤ លើក​ទី១ នេះ ដើម្បី​ដក​ពិសោធន៍ និង ដាក់ចេញ​ទិស​ដៅ​បន្ត​ទៀត។ ក្រៅពី​នោះ ត្រូវ​បន្ត​លើក​កម្ពស់​សាមគ្គីភាព​ មិត្តភាព និង​សហប្រតិបត្តិការ តាម​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង កងទ័ព​ទាំង​ពីរ​ដែល​បាន​ដាក់​ចេញ ដើម្បី​កសាង​សហការ​តែ​មួយ និងជោគ​វាសនា​តែមួយ។

សមយុទ្ធ​ជើងទឹក «នាគមាស ឆ្នាំ​២០២៤» លើក​ទី១ រវាង​កងទ័ព​ជើងទឹក​កម្ពុជា និង​កងទ័ពជើង​ទឹក​ចិន​នៅ​លើ​លំហរ​សមុទ្រ​កម្ពុជា អស់​រយៈពេល ១២ ថ្ងៃ​រួចមក។ ក្រសួងការពារជាតិ

លោក ឥត សារ៉ាត់ ក៏​បាន​កោត​សរសើរ​ចំពោះ​កងទ័ព​ទាំង​ពីរ ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ ២០២៤ និង ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​របស់​កងទ័ព​ប្រទេស​ទាំងពីរ​ កម្ពុជា-ចិន ដែល​បាន​ខិតខំ​រៀបចំ​និង​ដឹកនាំ​សមយុទ្ធ​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំងពីរ​រហូត​ទទួល​បាន​ជោគជ័យ​តាម​ផែនការ។

លោក​នាយ​ឧត្តមសេនីយ៍​ក៏​បាន​ថ្លែង​អំណរគុណ និង កោត​សរសើរ​ចំពោះ​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក បញ្ជា​ការដ្ឋាន​ការពារ​កោះឆ្នេរ មូលដ្ឋាន​សមុទ្ររាម និង​នាយនាវី នាយ​នាវី​រង និង​ពលនាវិក​ទាំងអស់ ដែល​បាន​ខិតខំ​អនុវត្ត​តាម​តួនាទីភារកិច្ច​ក្នុង​ពេល​សមយុទ្ធ​នាគមាស​ឆ្នាំ ២០២៤ នេះ ដែល​ធ្វើឱ្យ​សមយុទ្ធ​ជើង​ទឹក​នាគ​មាស​ឆ្នាំ ២០២៤ លើក​ទី១«ទទួល​បាន​ជោគជ័យ និង ធានា​បាន​សុវត្ថិភាព»៕