បាត់ដំបងៈ អ្នកផ្ទុកមេរោគអេដស៍ចំនួន ២៦០នាក់ទៀតកំពុងតែរស់នៅក្នុងភូមិចំនួន ៤ នៃឃុំរកា ស្រុកសង្កែ ក្រោយពីអ្នកឆ្លងជំងឺនេះជាង ៥០នាក់បានស្លាប់ជាបន្តបន្ទាប់ចាប់តាំងពីមានការផ្ទុះការឆ្លងអស់រយៈជិត ១០ឆ្នាំមកនេះ កាលពីចុងឆ្នាំ ២០១៤ តាមរយៈការចាក់ថ្នាំធ្វេសប្រហែសពីគ្រូពេទ្យភូមិឈ្មោះ យ៉ែម ជ្រិន។
មេឃុំរកា អ្នកស្រី ស៊ឹម ពៅ បានឱ្យដឹងថា អ្នកស្លាប់ចុងក្រោយគឺកាលពីអំឡុងខែមេសាកន្លងមក ដែលជាបុរសចំណាស់ម្នាក់អាយុជិត ៧០ឆ្នាំ។ អ្នកដែលនៅសល់កំពុងតែផ្ទុកជំងឺនេះចំនួន ២៦០នាក់នោះ ភាគច្រើនមានអាយុក្រោម ៦០ឆ្នាំ និងភាគច្រើនជាស្រ្តីផងដែរ។
ក្នុងចំណោមអ្នកផ្ទុកទាំង ២៦០នាក់នោះ មានមួយចំនួនតូចជាអ្នកផ្លាស់ប្តូរទីលំនៅមកពីឃុំផ្សេងមករស់នៅក្នុងឃុំរកាផងដែរ។ ហេតុនោះ លោកស្រីមិនបានដឹងពីមូលហេតុនៃការឆ្លងជំងឺរបស់ពួកគេនោះទេ។ ប៉ុន្តែតួលេខអ្នកតេស្តរកឃើញជំងឺនេះសរុបក្នុងឃុំរកាមានចំនួន ២៩៥នាក់។
លោកស្រីមេឃុំបានថ្លែងដូច្នេះថា៖ «ស្លាប់ភាគច្រើនកន្លងមកហ្នឹងគឺចាស់ៗ ដែលមានអាយុចាប់ពី ៦០ ទៅ ៧០ឆ្នាំជាង។ អ្នកផ្ទុកនៅប្រើប្រាស់ថ្នាំជាប្រចាំធម្មតា ដែលអាចជួយការពារសុខភាពពួកគាត់។ គាត់ប្រើថ្នាំមិនដាច់ទេ ខ្លាចមានបញ្ហា»។
លោកស្រីបានបន្ថែមថា ពួកគាត់តម្រូវឱ្យទៅបើកថ្នាំពន្យារដើម្បីលេបដោយខ្លួនឯង ពីមន្ទីរពេទ្យបង្អែករកាជារៀងរាល់ខែ ដែលអ្នកផ្សេងមិនអាចទៅបើកជំនួសបាននោះទេ ព្រោះសំខាន់មានការបារម្ភថា ខ្លាចពួកគាត់មិនបានប្រើប្រាស់ថ្នាំ និងទៅពិនិត្យសុខភាពជាទៀងទាត់។
លោក អេង សំណាង ប្រធានមន្ទីរពេទ្យបង្អែករកាជាប់រវល់មិនអាចមានប្រសាសន៍បានទេ កាលថ្ងៃទី៣១ ខែឧសភានេះ។
សព្វថ្ងៃនេះ អ្នកផ្ទុកជំងឺនេះ ខ្លះធ្វើការស្រែចំការជាធម្មតា ធ្វើសំណង់ជិតៗផ្ទះ ហើយខ្លះទៀតនៅផ្ទះមើលកូន ឬលក់ដូរបន្តិចបន្តួច។ ពួកគាត់មិនអាចទៅប្រកបរបរចិញ្ចឹមជីវិតឆ្ងាយពីផ្ទះ ឬធ្វើចំណាកស្រុកបាននោះទេ ព្រោះត្រូវតម្រូវឱ្យនៅបើកថ្នាំលេបជាប្រចាំក្នុងមួយខែម្តងៗ។
អ្នកផ្ទុកជំងឺទាំងអស់សុទ្ធតែទទួលបានប័ណ្ណសមធម៌ពីរដ្ឋាភិបាល ដើម្បីបើកប្រាក់ឧបត្ថម្ភជាប្រចាំ។ ក្រៅពីនោះក៏មានអង្គការសប្បុរសធម៌ជួយឧបត្ថម្ភជាហូរហែផងដែរ ដូចជាបានផ្តល់ជាអង្ករម្នាក់ៗ ៤០គីឡូក្រាម មី នំធុង ប្រេងឆា និងនំបុ័ងជាដើម។
លោកបានសង្កេតឃើញថា ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យការរើសអើងចំពោះឃុំរកាមានការកាត់បន្ថយស្ទើតែទាំងស្រុង។ នាពេលបច្ចុប្បន្ននេះ ពលរដ្ឋក្នុងសហគមន៍មានការប្រាស្រ័យទាក់ទងគ្នាក្នុងការប្រកបការងារ និងកម្មវិធីផ្សេងជាធម្មតា ដែលខុសប្លែកកាលពីកាលមានការផ្ទុះឆ្លងជំងឺនេះ កាលពីចុងឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥ ដែលមានការរើសអើងខ្លាំងបំផុត។
អ្នកស្រី ស៊ឹម ពៅ បានមានប្រសាសន៍ថា៖ «កាលផ្ទុះដំបូងកាលពីចុងឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៥ មានការរើសអើងខ្លាំងណាស់។ ឃុំរកាឡើងស្ងាត់ឈឹង។ ពេលខ្ញុំទៅញាំអីជាមួយគេ គេរើសអើង។ គេហៅខ្ញុំថាមេឃុំអេដស៍ មេឃុំអេដស៍។ ខ្ញុំថាត្រូវដឹងពីហេតុផលឱ្យច្បាស់លាស់ ការឆ្លងមេរោគអេដស៍នេះមិនមែនមកពីការញាំអាហារអីរួមគ្នាទេ។ តែលូវមិនរើសអើងដូចមុនទេ»។
លោកស្រីក៏តែងតែពន្យល់ប្រាប់ពលរដ្ឋ ពីវិធានការការពារការឆ្លងអេដស៏ និងជំងឺផ្សេងៗជាហូរហែដែរ ដូចជា ក្នុងការបរិភោគអាហាររួមគ្នាត្រូវដាក់ស្លាបព្រាការពារ ការធ្វើអនាម័យខ្លួន ការហាត់ប្រាណជាប្រចាំ និងការរួមភេទត្រូវប្រើស្រោមអនាម័យជាដើម។
លោកស្រីក៏បានឱ្យដឹងផងដែរថា ដំបូងឡើយ អ្នកជំងឺដែលនៅលីវមានជាង ១០នាក់ តែមកដល់នឹងពេលបច្ចុប្បន្ននេះពួកគេមានប្តីប្រពន្ធប្រមាណជា ៥ ទៅ ៦នាក់ហើយ។ អ្នករៀបការហើយចង់បានកូនបានទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញពីការយកកូន ដើម្បីយល់ដឹងពីវិធីសាស្រ្ត កុំឱ្យឆ្លងជំងឺនេះដល់កូន។ ជាលទ្ធផល អ្នកខ្លះ ពេលមានកូនមក ក៏មិនមានឃើញផ្ទុកជំងឺនេះដែរ។
លោកគ្រូពេទ្យ យ៉ែម ជ្រិនត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២៥ឆ្នាំ កាលពីឆ្នាំ ២០១៩ពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ ហើយក៏ត្រូវបង្គាប់ឱ្យបង់ប្រាក់ពិន័យ និង ជំងឺចិត្តជាច្រើនលានរៀលទៀតផងដែរ៕