កំពតៈ អង្គការអភរិក្សសមុទ្រកម្ពុជា (MCC) និងខណ្ឌរដ្ឋបាលជលផលខេត្តកំពត បាននឹងកំពុងបន្តតាមដានកូនផ្សោតក្បាលត្រឡោកថ្មីមួយក្បាល ក្រោយពីបានប្រទះឃើញវត្តមានរបស់វាកំពុងតែហែលជាមួយនឹងផ្សោតឃ្លៀចនៅព្រែកត្នោតស្ថិតក្នុងក្រុងបូកគោ កាលពីថ្ងៃទី៣០ ខែឧសភា។
អង្គការ MCC បានឱ្យដឹងនាថ្ងៃទី៣១ ខែឧសភាថា កូនសត្វផ្សោតថ្មីមួយត្រូវបានប្រទះឃើញនៅព្រែកត្នោត ដែលជាកន្លែងដែល អង្គការMCCចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ វាជារឿងមួយដែលមិននឹកស្មានដល់ ព្រោះថា កូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក ប៉ុន្តែវាបែរជាកំពុងតែហែលជាមួយនឹងផ្សោតធំ ដែលជាពូជសត្វផ្សោតឃ្លៀច។
អង្គការ MCC បានសរសេរថា៖ «នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលយើងបានឃើញក្នុងអំឡុងពេលចុះសិក្សារបស់យើង គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីរីករាយចំពោះការប្រទះឃើញនេះដែរដោយបានសរសេរថា៖«សូមអបអរសាទរ វត្តមានកូនសត្វផ្សោតថ្មីមួយ នៅព្រែកត្នោត ខេត្តកំពត ដែលប្រទះឃើញដោយអង្គការអភរិក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC។ ជាការរកឃើញគួរឲ្យរំភើបនិងភ្ញាក់ផ្អើល ព្រោះកូនផ្សោតថ្មីនេះ ជាប្រភេទផ្សោតក្បាលត្រឡោក ហែលជាមួយផ្សោតធំ ដែលជាផ្សោតឃ្លៀច»។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងថា ក្រុមអភិរក្សកំពុងតែធ្វើការតាមដានវាបន្តទៀត ដោយសារតែការហែលជាមួយគ្នារបស់ប្រភេទផ្សោតផ្សេងគ្នានេះជារឿងដែលកម្រកើតមាន។
លោកបញ្ជាក់ថា៖ «កូនផ្សោតហ្នឹងកំពុងតែហែលជាមួយផ្សោតឃ្លៀច។ វាមិនដឹងជា ផ្សោតក្បាលត្រឡោក និង ផ្សោតឃ្លៀចស្រលាញ់គ្នាបានកូនហ្នឹង រឺក៏វាយកកូនគេមកចិញ្ចឹម។ យើងកំពុងតែស្រាវជ្រាវតាមដានវាមើល»។
លោកក៏បានឱ្យដឹងផងដែរថា នៅខេត្តកំពតមានផ្សោតក្បាលឃ្លៀច (ផ្សោតផ្កាឈូក) ចន្លោះពី ៤០ ទៅ ៤៦ក្បាល។ រីឯ ផ្សោតក្បាលត្រឡោកមានពី ២០ ទៅ ៣០ក្បាល។ ផ្សោតទាំងនោះរស់នៅក្នុងដែនសហគមន៍នេសាទចំនួនបី ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
លោកបានអះអាងថា ចំនួនផ្សោតទាំង ២ប្រភេទនេះ ត្រូវបានប្រទះឃើញកាន់តែច្រើន ហើយក្រុមការងារកំពុងតែធ្វើការ ដើម្បីកំណត់អត្តសញ្ញាណរបស់វាផងដែរ។
អង្គការ MCC ក៏បានឲ្យដឹងផងដែរថា នៅពេលដែលរូបភាពនេះ ត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (ដែលសន្មត់ថាជាផ្សោតមេ) ក៏នៅជាមួយក្រុមនេះផងដែរ។ កូនផ្សោតនេះមានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះ ទោះបីជាការបង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាលយ៉ាងណាក៏ដោយ (វាពិតជាកម្រណាស់) ក៏អង្គការ MCC មិនគិតថានេះជាករណីបែបនោះដែរ។
ក្នុងករណីនេះ អង្គការ MCC បានយល់ឃើញថា វាអាចជាករណីនៃការចិញ្ចឹមកូនជំនួស (alloparenting) គឺជាការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាមេរបស់វា។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។
ការសន្និដ្ឋានមួយទៀត គឺជាអាកប្បកិរិយាបែបហិង្សាទាក់ទងនឹងការបន្ដពូជ។ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឃ្លៀចឈ្មោលព្យាយាមបំបែកមេនិងកូនចេញពីគ្នា។
ទោះយ៉ាងណា អង្គការ MCC បានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ច្បាស់ថាករណីមួយណាជាការពិតនោះទេ ប៉ុន្តែយើងកំពុងបន្តតាមដាន ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយសនិដ្ឋានថាវាត្រូវបានមេជាអ្នកបំបៅ»៕