ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា សាលាភូមិន្ទរដ្ឋបាល (ERA) ដែលជាសាលាបណ្ដុះបណ្ដាលមន្ត្រី និងថ្នាក់ដឹកនាំរាជការ គួរជាសាលាដែលមានស្តង់ដារវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការអនុវត្តវិន័យ «កុំតឹងពេក»។ លោកជំរុញឱ្យសិស្សនីមួយៗមានស្វ័យទទួលខុសត្រូវដើម្បីឱ្យសាលារៀនមានស្តង់ដារវិន័យខ្ពស់។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ សាលាភូមិន្ទរដ្ឋបាលគួរជាសាលាមួយដែលមានស្តង់ដារវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញអនុវត្តវិន័យកុំតឹងពេក [...]។ សាលាដែលមានស្តង់ដារវិន័យខ្ពស់ មធ្យោបាយនៅក្នុងការសម្រេច តើត្រូវចាំបាច់សាលាបង្ខំទេ? មិនគួរទេ។ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងនេះ។ មន្ត្រីយើងជាមន្ត្រី ជាថ្នាក់ដឹកនាំបច្ចុប្បន្ន និងទៅអនាគត មិនចាំបាច់ដាក់វិន័យដើម្បីគាបនោះទេ។ មិនចាំបាច់ដំឡើងម៉ាស៊ីន Scanner ហើយត្រូវជួសជុលរហូតទេ។ មិនចាំបាច់ផ្ទៀងស៊ីញេ ហើយអត់មានមុខនោះទេ»។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៤ របស់សាលា ERA នាថ្ងៃទី១០ មិថុនា លោក ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា៖ «ខ្ញុំគិតថា យើងគួររួមគ្នាដើម្បីសម្រេចបែបនេះបាន ត្រូវរួមគ្នាហើយខ្ញុំគិតថា ឯកឧត្ដម យក់ ប៊ុនណា [នាយកសាលា ERA] គាត់គ្មានបំណងចង់ធ្វើបាបមន្ត្រី ធ្វើបាបសិស្សទេ។ គាត់ចង់បានសាលាមួយនេះគឺជាសាលាគំរូដោយមិនចាំបាច់អនុវត្តនូវវិធាន ឬមួយឧបករណ៍ វិធីសាស្ត្រចាំបាច់ គឺសិស្សម្នាក់ៗរួមគ្នាដើម្បីឱ្យសាលារៀនមានស្តង់ដារខ្ពស់ ព្រោះជាសាលានៃអ្នកដឹកនាំ»។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា សិស្សដែលរៀននៅសាលា ERA នេះ មិនថាសិស្សដែលទើបប្រឡងជាប់ជាមន្ត្រី ឬសិស្សជាមន្ត្រីស្រាប់ គឺជាអ្នកដឹកនាំបច្ចុប្បន្ន និងទៅអនាគតក្នុងកម្រិតណាមួយ។ មេដឹកនាំត្រូវជាគំរូ ហើយចាប់ផ្ដើមធំជាងគេបំផុតគឺការគ្រប់គ្រងខ្លួនឯង និងបំពេញកាតព្វកិច្ច «ដោយមិនចាំបាច់មានអ្នកណាអង្គុយចង្អុលពីលើ ឬចង្អុលដាក់ទណ្ឌកម្ម»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា មន្ត្រីជាថ្នាក់ដឹកនាំត្រូវមានស្តង់ដារគំរូខ្ពស់ ហើយការបណ្ដុះបណ្ដាលនៅសាលា ERA គឺសុទ្ធតែជាអ្នកមានសក្ដានុពលជាអ្នកដឹកនាំ។
លោកថា៖ «អ៊ីចឹង ខ្ញុំគិតថា សិស្ស នីមួយៗគួរតែយល់អំពីតម្លៃ និងកាតព្វកិច្ច តម្លៃកៅអីមួយ តម្លៃរូបថតមួយសន្លឹក នៅថ្ងៃបញ្ចប់របស់យើងពាក់អាវនេះសម្រាប់កូនចៅជំនាន់ក្រោយ»។
លោកបន្ថែមថា៖ «ចង់ឱ្យវិន័យខ្ពស់របស់សាលាភូមិន្ទរដ្ឋបាល ដោយមិនមានការចាំបាច់សង្កត់ពីសាលា ទាល់តែសិស្សទាំងអស់រួមគ្នា សហការគ្នាដើម្បីស្វ័យទទួលខុសត្រូវ និងស្វ័យពង្រឹងនូវវិន័យទើបអាចទៅរួច។ ហើយនេះគួរតែជាសាលាជាន់ខ្ពស់របស់យើង ជាមន្ត្រីរបស់យើង»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា៖ «ខ្ញុំមិនជាទាស់ខុសអីទេ ដែលសម្ដេចលើកឡើងថា មេដឹកនាំផ្ដើមធំជាងគេគឺការគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែក៏ត្រូវមានក្រមវិន័យទៅតាមក្បួនខ្នាតនៃការងារផ្សេងៗគ្នាដែរ»។
លោកបន្ថែមថា មុនឈានទៅដល់ការគ្រប់គ្រងខ្លួនឯងបាន វាទាល់តែឆ្លងកាត់ការបណ្ដុះបណ្ដាលចាប់តាំងពីនៅវ័យតូច ដោយផ្ដល់ការអប់រំដែលមានក្រមសីលធម៌ មានសុជីវធម៌ មានការអប់រំល្អ មានសមធម៌គ្រប់គ្នា ផ្ដល់ឱកាសអប់រំគ្រប់គ្នា បណ្ដុះស្មារតីអប់រំ និងគោរពវិន័យ។
លោក យង់ ពៅ បន្ត ថា៖ «អ៊ីចឹង ទាំងអស់នេះជាគោលការណ៍គ្រឹះភាពជាមនុស្ស ភាពជាអ្នកដឹកនាំហើយគឺត្រូវបណ្ដុះស្មារតីហ្នឹងតាំងពីតូចមក។ រីឯដល់ថ្នាក់នៅធំហើយ ពេលដែលពួកគេមានស្មារតី ភាពជាអ្នកដឹកនាំតាំងពីតូចមក អ៊ីចឹង ទាំងអស់ហ្នឹងមិនជាការលំបាកទេ។ តែទោះយ៉ាងណា ក៏នៅតែត្រូវការក្បួនច្បាប់ ឬក៏គោលការណ៍ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងដោយឡែកៗរបស់ស្ថាប័ន ឬរបស់មន្ត្រីរាជការដែលប្រតិបត្តិទៅលើលក្ខខណ្ឌផ្សេងៗគ្នាដែរ»។
យោងតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំមកនេះគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សាលា ERA បានបណ្ដុះបណ្ដាលមន្ត្រីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុបចំនួន២៣ ៨១៨ នាក់៕