កំពង់ធំៈ ក្រុមអាជ្ញាធរបានផ្តល់អាវពោងដល់ទូកចម្លងចំនួន ៤គ្រឿង ហើយកំពុងតែសិក្សាសាងសង់ស្ពានមួយឆ្លងកាត់ស្ទឹងសែន ត្រង់ចំណុចមានឧបទ្ទវហេតុលិចទូក ដែលបណ្តាលឱ្យស្លាប់សិស្សស្រីអាយុ ១៣ឆ្នាំ កាលពីថ្ងៃទី៨ ខែមិថុនា ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ បើទោះបីជាមិនទាន់មានអ្នកណាម្នាក់ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះករណីនេះនៅឡើយទេ។
ដំណោះស្រាយខាងលើនេះ គឺស្រដៀងគ្នាទៅវិធានការណ៍កន្លងមកដែរ ក្រោយពេលដែលមានឧបទ្ទវហេតុលិចទូកដ បណ្ដាលឱ្យសិស្សចំនួន ១១នាក់ស្លាប់ដោយលង់ទឹក នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ៩ ខែមិថុនាបានឧបត្ថម្ភអាវពោងចំនួន ៤០ ដល់ទូកចម្លងចំនួន ៤គ្រឿង ដើម្បីឱ្យសិស្សានុសិស្សពាក់ពេលធ្វើដំណើរជិះទូកទៅមកសាលារៀន ។ ក្រៅពីនោះ ចាប់តាំងពីមានឧបទ្ទវហេតុលិចទូកនោះមក ក្រុមការងារអាជ្ញាធរបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ហើយបានប្រាប់ប្រជាពលរដ្ឋថា នឹងសាងសង់ស្ពានមួយនៅកន្លែងនោះទេ។ នេះបើយោងតាម លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ។
លោកស្រី ជា សិរី បានសរសរនៅលើហ្វេសប៊ុករបស់លោកស្រីថា លោកស្រីបានប្រជុំជាមួយអភិបាលស្រុក និងមេឃុំ ដើម្បីស្វែងយល់បន្ថែមពីមូលហេតុ និងរកដំណោះស្រាយដើម្បីចៀសវាងករណីនេះកើតឡើងលើកក្រោយ។
ការលិចទូកនេះ កើតឡើងដោយការដាក់អ្នកដំណើរលើសចំណុះ និង មានការធ្វេសប្រហែសក្នុងការប្រើអាវពោង ដោយសំអាងថាទឹកនៅរាក់ និងក្មេងៗក្នុងភូមិចេះហែលទឹក។
លោកស្រីបានសរសេរថា៖ «ជាការងារបន្ទាន់យើងខ្ញុំបានផ្តល់អាវពោងចំនួន ៤០ សម្រាប់ប្រើប្រាស់ និងបន្តពិភាក្សាជាមួយអ្នកបច្ចេកទេសដើម្បីរកដំណោះស្រាយល្អជាងនេះ។ គ្រោះថ្នាក់នេះកើតនៅស្ទឹងសែន ដែលមានចម្ងាយ ប្រហែល ១៣០ម ពីជ្រោយម្ខាងទៅជ្រោយម្ខាងទៀត និងមានលំហូរទឹកខ្លាំង»។
លោកស្រីបានជំរុញឱ្យមានការពាក់អាវពោង និងមិនត្រូវដឹកលើសចំណុះនោះឡើយ។
លោកអធិការ ឃួន វុទ្ធី បានអះអាងថា កាលពីឆ្នាំ២០២៣ កន្លងមក រដ្ឋបាលស្រុកក៏បានផ្តល់អាវពោងចំនួន ៤០ ដល់ទូកចម្លងដូចគ្នានេះដែរ។ ប៉ុន្តែដោយសារតែស្ថានភាពទឹកស្ទឹងសែននាពេលបច្ចុប្បននេះមិនសូវធំដូចឆ្នាំមុន ទើបម្ចាស់ទូកមិនបានឱ្យពាក់។
លោកបញ្ជាក់ថា៖«តែឆ្នាំនេះ គាត់អាងតែទឹកតិច គាត់ប្រហែស មិនបានឱ្យសិស្សពាក់។ ប៉ុន្មានខែនេះ ទឹកស្ទឹងសែនតិច ក៍ខាងម្ចាស់ទូកមិនបានយកអាវពោងមកដាក់ទូកទេ។ មុនៗគាត់ដាក់ជាប់ នៅពេលដែលទឹកច្រើន។ តែពេលសិស្សឆ្លងគាត់ឱ្យពាក់ហើយ»។
លោកថា នៅមុនកើតហេតុនោះ មានសិស្សអនុវិទ្យាល័យឈូកទាំងអស់ ១៨នាក់ចង់ជិះទូកឆ្លងទៅផ្ទះ ក្រោយចេញពីសាលារៀន តែដោយសារតែពេញទូក មានតែសិស្សចំនួន ១៥នាក់ និងកង់ប្រហែល ៨គ្រឿង បានជិះឆ្លងទៅ ដោយមានស្រ្តីជាម្ចាស់ទូកម្នាក់ជាអ្នកបើកទូក។ នៅពេលជិតដល់ច្រាំង ស្រាប់តែទូកនោះបានលិច ដោយសារតែផ្ទុកលើសចំណុះ ក្រោយពីមានទឹកចូលពីផ្នែកខាងមុខមក។ ប្រសិនបើលិចកណ្តាលស្ទឹងសែន ប្រហែលជាគ្មានអ្នកណាម្នាក់រួចផុតជីវិតនោះទេ។
លោកថ្លែងដូច្នេះថា៖ «ក្មេងអាយុ ១៣, ១៤ឆ្នាំ ឡើងទៅ វាច្រូលច្រាលហើយ មិនចង់ជិះនៅក្រោយទេ វាទៅតែមុខ។ អញ្ជឹងវាប្រៀបមុខ ទឹកហូរចូលពីមុខមក អាម្ចាស់បើកនៅក្រោយមានដឹងឯណា។ ទី១កំហុសពីម្ចាស់គឺខ្ជីខ្ជាធ្វេសប្រហែស ផ្ទុកមនុស្សច្រើន។ ទី២ ក្មេងអ្នកជិះនៅមិនស្ងៀមផង វាបាចទឹកដាក់គ្នាហូរហែចឹងទៅ»។
លោកបានបញ្ជាក់ថា ជាធម្មតាទូកមានចំណុះតូចបែបនេះដាក់ មនុស្សបានទេ ១២ ឬ ១៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបែរជាបានដាក់រហូតដល់ទៅ ១៥នាក់ និងកង់របស់ពួកគេគ្រឿងទៀតផង។ ទូកនោះមិនមែនទូកចាស់ ឬមានការធ្លុះធ្លាយនោះទេ។
លោកបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ អ៉ីន សុភ័ក្រ រៀនថ្នាក់ទី៧ រស់នៅភូមិជាំបឹង ឃុំស្រើង បានលង់ទឹកស្លាប់ ដោយសារតែមិនចេះហែលទឹក ហើយអ្នកដែលថតវីដេអូពីទូកលិចនោះ គឺជាសិស្សម្នាក់ក្នុងចំណោម ៣នាក់ដែលមិនបានជិះទូកឆ្លងនោះ។ វីដេអូជាង ២នាទី ដែលត្រូវបង្ហោះ និងចែកចាយតាមបណ្តាញសង្គមបានបង្ហាញថា ទូកនោះបានផ្ទុកមនុស្សពេញ ហើយបានចាប់ផ្តើមលិចនៅផ្នែកខាងមុខ។ សិស្សបានចាប់ផ្តើមលោតចេញពីទូកជាមួយនឹងសម្លេងស្រែក ហើយពួកគេខំហែលសម្តៅច្រាំង មុនពេលទូកនោះលិចបាត់។
ស្រ្តីជាម្ចាស់ទូក ឈ្មោះ សឿ យូន អាយុ ៤០ឆ្នាំ គឺជាអ្នកបើកទូកដចម្លងម្នាក់ ក្នុងចំណោម ៤នាក់នៅតំបន់នោះ។ ពួកគេបាន ដាក់វេនគ្នាចម្លងសិស្ស និងអ្នកភូមិម្នាក់ក្នុង ១សប្តាហ៍។
លោកបានអះអាងថា ស្រ្តីរូបនេះ រកស៊ីបើកទូកចម្លងនេះ ដើម្បីចិញ្ចឹមកូន ៣នាក់ និងម្តាយចាស់ជរាម្នាក់ ដោយសារតែប្តីបានធ្វើចំណាកស្រុកជាច្រើនឆ្នាំមកហើយ។ រហូតដល់នឹងរសៀលថ្ងៃទី១០ ខែមិថុនា ភាគីខាងគ្រួសាររងគ្រោះមិនបានដាក់ពាក្យណ្តឹងនោះទេ។
បើតាមលោកដឹង ភាគីខាងជនរងគ្រោះប្រហែលជាទាមទារសំណងខ្លះ ដើម្បីយកទៅធ្វើបុណ្យ។ ប៉ុន្តែលោកនៅមិនទាន់ដឹងថា ចំនួនប៉ុន្មាននោះទេ។
ក្រោយពីមានករណីលិចទូកស្លាប់សិស្សចំនួន ១១ក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២២ នោះ ក្រសួងអប់រំ យុវជន និង កីឡាបានចេញសេចក្តីណែនាំ ដល់ស្ថាប័នក្រោមឱវាទ និងភាគីពាក់ព័ន្ធស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
ក្រសួងបានបង្ហោះសេចក្តីណែនាំនេះឡើងវិញ កាលពីថ្ងៃទី៨ ខែមិថុនា ដែលក្នុងនោះឱ្យពិនិត្យមើលកម្រិតហានិភ័យ ដែលនឹងអាចកើតមាន ដូចជាស្ថានភាពផ្លូវ ខ្យល់ព្យុះ ជំនន់ទឹកភ្លៀង ឬ ទឹកស្ទឹង បឹង ទន្លេជាដើម។ លើសពីនោះត្រូវសហការគ្នា ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយដឹកជញ្ជូន ដូចជា យានយន្ត ឬទូក កាណូត ដែលសិស្សានុសិស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នា និងក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនទាំងនោះអាចបង្កជាហានិភ័យណាមួយ ត្រូវណែនាំកែលម្អ។
បន្ថែមពីនោះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីសេចក្តីណែនាំនេះ ក្រសួងក៏កំពុងតែពង្រឹងការអប់រំ និងពង្រឹងឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតនៅទូទាំងប្រទេស។
លោកស្រីថ្លែងថា៖ «អញ្ជឹងអ្វីដែលក្នុងភារកិច្ចរបស់ក្រសួងដែលអាចធ្វើបាន គឺយើងកំពុងតែខិតខំព្យាយាម បណ្តុះបណ្តាល អប់រំ និងរឹតបន្តឹងបន្ថែមទៀត ដើម្បីឱ្យប្អូនៗមានសុវត្ថិភាព…យើងក៏ព្យាយាមកសាងសាលាបឋមសិក្សាឱ្យបានគ្រប់ភូមិ ហើយអនុវិទ្យាល័យឱ្យបានគ្រប់ឃុំ»។
ទោះយ៉ាងណា លោកស្រីថា តាមពិតនៅក្នុងឃុំដែលសិស្សរងគ្រោះរស់នៅនោះមានអនុវិទ្យាល័យមួយរួចទៅហើយ ដែលមិនចាំបាច់ធ្វើដំណើរឆ្លងទូកទេ។ ប៉ុន្តែ តែគាត់បានទៅរៀននៅអនុវិទ្យាល័យឈូកនោះ ព្រោះវាស្ថិតនៅជិតផ្ទះគាត់ជាង ដោយត្រូវធ្វើដំណើរជិះទូក។
លោកស្រីបន្តថា ដោយឡែក ចំពោះសិស្សដែលជិះម៉ូតូ បើគ្មានពាក់មួកសុវត្ថិភាពទេនោះ សាលាក៏មិនអនុញ្ញាតឱ្យចេញទៅផ្ទះដែរ រហូតដល់មានមួកសុវត្ថិភាពមកពាក់។ ក្រៅពីនោះ ក្រសួងកំពុងតែសហការជាមួយដៃគូ ដើម្បីឱ្យជួយឧបត្ថម្ភមួកសុវត្ថិភាពបន្ថែមចំពោះសិស្សដែលខ្វះខាត និងជំរុញឱ្យឪពុកម្តាយ និងអ្នកប្រកបអាជីវកម្មទូកឱ្យជួយគិតគូពីសុវត្ថិភាពដល់សិស្សបន្ថែមទៀត។ ប៉ុន្តែចំពោះការអនុវត្តផ្លូវច្បាប់ចំពោះអ្នកប្រកបអាជីវកម្មទូក គឺសមត្ថកិច្ចរបស់អាជ្ញាធរដែនដី៕