ក្ដីក្ដាំងនៅក្នុងជម្លោះកិច្ចសន្យាខ្ចីប្រាក់មួយដែលមានរយៈពេលជាង ១៤ ឆ្នាំមកហើយ នៅចុងបញ្ចប់បានឃើញរកដំណោះស្រាយនៅឯអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីសម្រាប់ដោះស្រាយវិវាទរដ្ឋប្បវេណី តាមរយៈយន្តការសម្រុះសម្រួល។
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានជូនដំណឹងជាសាធារណៈកាលពីថ្ងៃទី៧ ខែមិថុនាថា ករណីវិវាទមួយពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ត្រូវបានភាគីទាំងសងខាងប្តឹងផ្តល់គ្នាតាំងពីសាលាដំបូង រហូតដល់តុលាការកំពូល ដែលមកទល់ពេលនេះ មានរយៈពេលជាង ១៤ ឆ្នាំ។
ទោះបីជាមានការសម្រេចនៅដំណាក់កាលសាលាដំបូង ឧទ្ធរណ៍ និងតុលាការកំពូល យ៉ាងណាក្ដី ក៏ភាគីទាំងពីរកើតទុក្ខមិនសុខចិត្ត ហើយបានរកវិធីដោះស្រាយចំពោះវិវាទរបស់ពួកគេ។ ជម្រើសចុងក្រោយ ពួកគេក៏បានសម្រេចដាក់ពាក្យរកដំណោះស្រាយនៅ អ.ដ.ក. ដែលបានចាប់ផ្ដើមទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី១ ខែមីនាកន្លងទៅ។
អ.ដ.ក. បានបញ្ជាក់នៅលើកសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ក្រោមការសម្រុះសម្រួលដោយ អ.ជ.ក. អស់រយៈពេលជាង ២ ម៉ោង វិវាទដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីទាំងអស់បានយល់ព្រមផ្សះផ្សាបញ្ចប់វិវាទខាងលើ ហើយបានឯកភាពលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលរៀបចំដោយ អ.ជ.ក.»។
អ.ដ.ក. បន្តថា វិវាទដ៏រ៉ាំរ៉ៃនេះ គឺជាសំណុំរឿងវិវាទទី១ ដែលត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យក្នុងក្របខ័ណ្ឌនៃ អ.ជ.ក. ដែលដឹកនាំកិច្ចសម្រុះសម្រួលដោយលោក ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក.។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឲ្យដឹងថា ខ្លួនកំពុងបន្តខិតខំពន្លឿនចំណាត់ការក្នុងការពិនិត្យ និងដោះស្រាយនូវសំណុំរឿងវិវាទជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
មន្ត្រី អ.ដ.ក. បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ អ.ដ.ក. បានទទួលពាក្យបណ្ដឹងសុំរកដំណោះស្រាយជាង ៨០ ករណី។
មន្ត្រីដដែលបញ្ជាក់ថា ការដោះស្រាយសំណុំរឿងនីមួយៗចាំបាច់ត្រូវឆ្លងកាត់នីតិវិធីមួយចំនួនដូចជា ការជ្រើសរើស និងបណ្ដុះបណ្ដាលមន្ត្រីដែលត្រូវសម្រុះសម្រួលវិវាទ ដែលកិច្ចការនេះធ្វើឡើងទៅលើការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងបច្ចេកទេសក្នុងការដោះស្រាយវិវាទ ដែលសុទ្ធតែទាមទារពេលវេលាច្រើន។
មន្ត្រីដដែលបានថ្លែងថា៖ «បច្ចុប្បន្ន យើងបានរៀបចំកិច្ចការនោះរួចរាល់ស្ទើរទាំងស្រុង ហើយ អ.ដ.ក. បានចាប់ផ្តើមចេញដំណើរប្រកបដោយភាពម្ចាស់ការ និងស្វាហាប់ ដោយយើងចាប់ផ្តើមពិនិត្យ និងដោះស្រាយសំណុំរឿងដែលបានទទួល»។
មន្ត្រីអង្គការសង្គមស៊ីវិល មើលឃើញពីចំណុចវិជ្ជមានជាច្រើនពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូថ្លែងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានចំណុចល្អជាច្រើន ប្រសិនបើប្រជាពលរដ្ឋបានយល់ដឹងអំពីយន្តការនេះបានច្បាស់លាស់។ លោកថា វាអាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ហើយវាក៏មិនធ្វើឲ្យពលរដ្ឋដែលមានក្ដីក្ដាំងត្រូវចំណាយពេលវេលាច្រើន។
លោកថ្លែងថា៖ «លើសពីនេះទៀត វាធ្វើឲ្យពលរដ្ឋដែលមានជម្លោះមិនមានការគុំគួនមើលមុខគ្នាមិនចំ ក្នុងនាមជាអ្នកជិតខាង ឬរស់នៅក្នុងភូមិផងរបងតែមួយ។ ពួកគាត់អាចទទួលបានការសម្របសម្រួល និងការព្រមព្រៀងទទួលយក។ រឿងខ្លះចេះតែទៅតុលាការដែលត្រូវការពេលវេលាច្រើន ហើយធ្វើឲ្យគូភាគីមើលមុខគ្នាមិនចំ»។
លោកបន្តថា៖ «ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអត់មានរឿងចាញ់រឿងឈ្នះទេ គឺគេយកការសម្របសម្រួលឲ្យសះជានឹងគ្នា ព្រោះបើមិនសះជា ត្រូវទៅតុលាការដដែល។ ខ្ញុំយល់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាចដោះស្រាយវិវាទបានច្រើន»។
បើតាមការយល់ឃើញរបស់លោក សំអាត អាជ្ញាធរគួរតែបន្ថែមការផ្សព្វផ្សាយអំពីយន្តការនេះបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់បានដឹងអំពីតួនាទី ភារកិច្ច និងនីតិវិធីពាក់ព័ន្ធទៅនឹងវិធានការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ។
លោកថ្លែងដូច្នេះថា៖ «ពេលគាត់មានការយល់ដឹង ហើយពេលមានបញ្ហាឬមានរឿងរ៉ាវចូលក្នុងលក្ខខណ្ឌនៃយន្តការនេះ គាត់អាចដាក់ពាក្យស្នើសុំឲ្យអាជ្ញាធរដោះស្រាយ ដោយសារអាជ្ញាធរនេះឈរលើគោលការណ៍ស្ម័គ្រចិត្ត។ អាជ្ញាធរនេះដោះស្រាយតែរឿងក្ដីរដ្ឋប្បវេណីប៉ុណ្ណោះ»៕